ខេត្តព្រៃវែង ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តធុនធំមួយគ្រឿង បើកកិននារីវ័យក្មេងចំនួន២នាក់ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅកណ្តាលទ្រូងផ្លូវ កាលពីព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ នៅចំណុចភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ត្រូវបានក្រុមគ្រួសារនារីរងគ្រោះ បានអះអាងថា សមត្ថកិច្ចបានដោះលែងជនបង្កជាអ្នកបើកបរថយន្តបាត់ទៅហើយ ទាំងមិនទាន់បានដោះស្រាយជាមួយនឹងក្រុមគ្រួសារជនរងគ្រោះនៅឡើយ ជាហេតុធ្វើឱ្យក្រុមគ្រួសារជនរងគ្រោះកើតទុក្ខមិនសុខចិត្ត ស្រែកទាមទាររកយុត្តិធម៌។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ កូនថង សំណប់ចិត្ត ដែលអះអាងថា ត្រូវជាសាច់ញាតិរបស់នារីរងគ្រោះទាំង២នាក់ បានបង្ហោះសារមួយ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ ថា “បងប្អូនក្នុងសង្គមហ្វេសប៊ុកទាំងអស់ ជួយស៊ែររូបភាពក្មួយខ្ញុំម្នាក់មួយផង គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃអាទិត្យ ទី០៤ ខែកុម្ភៈ ឥឡូវខាងប៉ូលិសបានដោះលែងជនល្មើសដែលបុកជនរងគ្រោះស្លាប់ពីរនាក់ គេអត់ដោះស្រាយឱ្យពួកខ្ញុំទេ ជួយស៊ែរម្នាក់មួយមក បងប្អូនបើអាណិតគាត់…”។
ជាមួយនឹងការបង្ហោះសារខាងលើ ម្ចាស់គណនីហ្វេសប៊ុក កូនថង សំណប់ចិត្ត ក៏បានបង្ហោះនូវរូបភាពចំនួន៤សន្លឹក រួមនឹងវីដេអូឃ្លីបចំនួន១ ដែលបង្ហាញពីពិធីរំកិលសពចុះពីផ្ទះ ដាក់រថយន្តដឹកចេញទៅបូជា ដែលធ្វើឱ្យអ្នកប្រើប្រាស់ហ្វេសប៊ុកបានឃើញហើយ សម្តែងនូវការតក់ស្លុតរន្ធត់ចិត្តគ្រប់គ្នា ព្រមទាំងមានការចែករំលែករហូតដល់ទៅជិត២ម៉ឺននាក់ឯណោះ។
ជុំវិញប្រតិកម្មរបស់ក្រុមគ្រួសារជនរងគ្រោះខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធបាននៅឡើយ ថាតើពិតជាមានការដោះលែងអ្នកបើកបររថយន្ត ដែលបង្កឱ្យនារីវ័យក្មេង២នាក់ស្លាប់នោះមែន ឬក៏អត់? យ៉ាងណា យើងរង់ចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
គួររំលឹកថា កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងរវាងរថយន្តធុនធំបើកបត់ស្តាំ ហើយបានជ្រុលចង្កូតទៅបុកម៉ូតូ១គ្រឿង ជិះដោយនារីវ័យក្មេងចំនួន២នាក់ បណ្តាលឱ្យដួល និងត្រូវរថយន្តកិននារីរងគ្រោះទាំង២នាក់ស្លាប់យ៉ាងអាណោចអាធ័ម នៅកណ្តាលទ្រូងផ្លូវ នៅចំណុចផ្លូវជាតិលេខ៣១១ ស្ថិតក្នុងភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ។
នារីវ័យក្មេងជាជនរងគ្រោះទាំង២នាក់ ដែលត្រូវរថយន្តកិនស្លាប់ រួមមាន ទី១. ឈ្មោះវឿន ស្រីល័ក្ខ អាយុ២១ឆ្នាំ មានលំនៅក្នុងភូមិស្វាយទង ឃុំស្វាយជ្រុំ ខេត្តស្វាយរៀង និងទី២. ឈ្មោះធន់ សារ៉េន អាយុ១៩ឆ្នាំ រស់នៅភូមិអង្គាសដី ឃុំស្វាយជ្រុំ ខេត្តស្វាយរៀង។ ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CT-7458។ ចំណែកជនបង្កជាអ្នកបើកបររថយន្ត មានឈ្មោះរុន រឿង ភេទប្រុស អាយុ៣៦ឆ្នាំ មានលំនៅក្នុងភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ បើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ភ្លៅ៥ ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3A-2844។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះទាំង២នាក់ខាងលើ បានជិះម៉ូតូដឹកគ្នាតាមបណ្តោយផ្លូវជាតិលេខ៣១១ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូក៏បានបត់ស្តាំ ស្រាប់តែភ្លាមនោះ ក៏ត្រូវរថយន្តហ៊ីយ៉ាន់ដាយខាងលើ បើកបរក្នុងល្បឿនលឿនក្នុងទិសដៅស្របគ្នា និងបានបត់ស្តាំដូចគ្នា ក៏ជ្រុលចង្កូតទៅកៀរម៉ូតូ ព្រមទាំងកិននារីរងគ្រោះទាំង២នាក់ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងភ្លាមៗយ៉ាងអាណោចអាធ័ម។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងឃាត់ខ្លួនជនបង្កជាអ្នកបើកបរថយន្ត ព្រមទាំងធ្វើការវាស់វែងអូសយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាភ្នំ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី។ ស្រាប់តែមកដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ ក៏ត្រូវបានក្រុមគ្រួសារខាងជនរងគ្រោះចេញមុខប្រតិកម្មថា សមត្ថកិច្ចបានដោះលែងជនបង្កជាអ្នកបើកបររថយន្តបាត់ទៅហើយ ដោយមិនទាន់មានដំណោះស្រាយអ្វីជាមួយនឹងភាគីរងគ្រោះនៅឡើយ ជាហេតុធ្វើឱ្យក្រុមគ្រួសារជនរងគ្រោះកើតទុក្ខមិនសុខចិត្តទាមទាររកយុត្តិធម៌តែម្តង៕