ខេត្តកំពង់ឆ្នាំង ៖ ប្តីប្រពន្ធ២នាក់ បានបើករថយន្តកូរ៉េ ដឹកកន្ទេលទៅបុកគូទរថយន្តហ៊ីយ៉ាន់ដាយ ដឹកស្រូវ ដែលគេចតនៅលើចិញ្ចើមផ្លូវ ដើម្បីលើកស្រូវដាក់ បណ្តាលឱ្យស្ត្រីជាប្រពន្ធរងរបួសបាក់ដៃ រីឯបុរសជាប្តីរងរបួសតិចតួច លុះពេលប៉ូលិសចុះអន្តរាគមន៍ជួយដឹកបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែជួបគ្រោះថ្នាក់ក្រឡាប់រថយន្ត បណ្តាលឱ្យមន្ត្រីប៉ូលិសស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ម្តុំផ្សារទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨។
ជនរងគ្រោះមានឈ្មោះវង្ស វាសនា អាយុ២៦ឆ្នាំ មានឋានន្តរស័ក្ដិអនុសេនីយ៍ទោ ក្នុងអង្គភាពចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះជាកូនទី២ ក្នុងគ្រួសារ និងមានលំនៅក្នុងភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញប្តីប្រពន្ធ២នាក់ បើករថយន្តកូរ៉េដឹកកន្ទេលមួយគ្រឿង ធ្វើដំណើរបោះពួយយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន មើលផ្លូវមិនច្បាស់ បានជ្រុលទៅបុកគូទរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកស្រូវ ដែលខូចកំពុងឈប់តាមចិញ្ចើមផ្លូវយ៉ាងពេញទំហឹង បណ្តាលឱ្យរងរបួសទាំង២នាក់ ប្តីប្រពន្ធធ្ងន់-ស្រាល។
ប្រភពបន្តថា ក្រោយពេលកើតហេតុ ប៉ូលិសចរាចរណ៍បានចុះទៅអន្តរាគមន៍ និងបានដឹកជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ តាមរថយន្តស៊ីរ៉ែន មកកាន់មន្ទីរពេទ្យ។ ពេលនោះរថយន្តស៊ីរ៉ែន ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ម្តងទៀត ដោយរថយន្តស៊ីរ៉ែននោះ បានរេចង្កូតទៅខាងឆ្វេងដៃ និងបុកដើមឈើ និងតូបលក់ដូរនៅក្បែរចិញ្ចើមផ្លូវ ហើយក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឱ្យប៉ូលិសចរាចររូបនោះ ជាអ្នកបើកបរបែកក្បាលស្លាប់ ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។
ចំណែកបុរសរងគ្រោះម្នាក់ទៀត រងរបួសធ្ងន់បាក់ភ្លៅស្តាំ រីឯស្ត្រីជាប្រពន្ធរងរបួសធ្ងន់ ដោយបាក់ដៃជាច្រើនកំណាត់ និងបានកៀបជាប់ក្នុងរថយន្តផងដែរ។ ក្រោយកើតហេតុជាលើកទី២ សមត្ថកិច្ចបានប្រើរយៈពេលជាងកន្លះម៉ោង ទើបគាស់យកប្តីប្រពន្ធរងគ្រោះចេញបានហើយ ដឹកតាមរថយន្តសង្គ្រោះទៅកាន់មន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះជីវិត ចំណែកជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅលំនៅឋាន ដើម្បីរៀបចំធ្វើបុណ្យ ដោយក្តីសោកស្តាយជាពន់ពេក៕