ខេត្តព្រះវិហារ ៖ បុរសវ័យចំណាស់មានជំងឺលើសឈាមប្រចាំកាយម្នាក់ កំពុងជិះម៉ូតូលើដងផ្លូវតែម្នាក់ឯងសុខៗ ស្រាប់តែអាការៈជំងឺធ្វើទុក្ខ បណ្តាលឱ្យរេចង្កូតម៉ូតូធ្លាក់ចូលទៅក្នុងប្រឡាយក្បែរចិញ្ចើមផ្លូវ ដួលបោកក្បាលបាក់កស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិអូរក្សាន្ត ឃុំទឹកក្រហម ស្រុកជាំក្សាន្ត។
បុរសរងគ្រោះដែលដួលម៉ូតូបាក់កស្លាប់ដោយខ្លួនឯងនេះ មានឈ្មោះសំ សួម អាយុ៥៥ឆ្នាំ ជានាយការិយាល័យសុខាភិបាល កងពលតូចអន្តរាគមន៍លេខ៩ មានលំនៅក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត។ បុរសរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ គ្មានពាក់ស្លាកលេខ។
លោករួម យ៉េត អធិការនគបាលស្រុកជាំក្សាន្ត បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ ជនគ្រោះបានជិះម៉ូតូតែម្នាក់ឯង លុះធ្វើដំណើរមកដល់កន្លែងកើតហេតុ ស្រាប់តែម៉ូតូជនរងគ្រោះរេចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយក្បែរចិញ្ចើមផ្លូវ បណ្តាលឱ្យជនរងគ្រោះដួលបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
លោកអធិការស្រុក បន្តថា ក្រោយកើតហេតុ កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ និងបានពិនិត្យឃើញថា ជនរងគ្រោះពិតជាបានជិះម៉ូតូរេចង្កូតធ្លាក់ប្រឡាយដួលបាក់កស្លាប់ដោយខ្លួនឯងប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះទេ។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះមានជំងឺលើសឈាមប្រចាំកាយ ហើយពួកគាត់សង្ស័យថា ការដួលម៉ូតូនេះ អាចបណ្តាលមកពីជំងឺលើសឈាមរបស់ជនរងគ្រោះធ្វើទុក្ខតែម្តង។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូជនរងគ្រោះ ក៏ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារផងដែរ៕