Sunday, October 5, 2025
Homeព័ត៌មានជាតិស្ត្រី២នាក់ចូលដេកផ្ទះសំណាក់១យប់ ឲ្យលុយក្លែងក្លាយ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ស្ត្រី២នាក់ចូលដេកផ្ទះសំណាក់១យប់ ឲ្យលុយក្លែងក្លាយ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ពីរនាក់ ត្រូវបានបុគ្គលិកផ្ទះសំណាក់មួយកន្លែងចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីបានយកលុយដុល្លារក្លែងក្លាយទៅចាយនៅក្នុងផ្ទះសំណាក់មួយកន្លែង។ ហេតុការណ៍បានកើតឡើង កាលពីវេលាម៉ោង១១និង០០នាទីយប់ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះសំណាក់លេខ៥៧ យីហោ ឌីឌី ផ្លូវលេខ២៣០ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

ជនសង្ស័យទី១. ឈ្មោះនោះ ស្រីពៅ ភេទស្រី អាយុ៣៦ឆ្នាំ មុរបរលក់ផ្លែឈើនៅខេត្តកំពង់ចាម មានស្រុកកំណើតភូមិស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។ ទី២. ឈ្មោះចាន់  សារ៉េត ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំលូប្រាំ សង្កាត់មានជ័យ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះសំណាក់ យីហោ ឌីឌី បានប្រាប់ឱ្យដឹងថា មុនកើតហេតុ រូបគាត់បានឃើញជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1F-3914 មកសួររកជួលបន្ទប់ផ្ទះសំណាក់របស់គាត់សម្រាកមួយយប់ ពេលនោះរូបគាត់ជាម្ចាស់ផ្ទះសំណាក់បានប្រាប់ទៅជនសង្ស័យថា “សូមបង់លុយជាមុនចំនួន៦ដុល្លារ ក្នុងមួយបន្ទប់”។  បន្ទាប់មកជនសង្ស័យឈ្មោះស្រីពៅ បានដកលុយក្រដាស៥០ដុល្លារ ឱ្យមករូបគាត់ ដោយនិយាយថា “ជួយអាប់លុយរាយមក ព្រោះខ្ញុំត្រូវការយកទៅទិញថ្នាំលេប”។ ពេលនោះគាត់ក៏បានត្រួតពិនិត្យមើលលុយនោះ ទើបដឹងថា ជាលុយក្លែងក្លាយ រួចមកគាត់ក៏បានហៅបុគ្គលិកឱ្យមកជួយមើល ស្រាប់តែជនសង្ស័យម្នាក់ ក្នុងចំណោមពីរនាក់បានបញ្ឆោះម៉ូតូចោលបម្រុងជិះរត់គេចខ្លួន តែត្រូវពួកគាត់ចាប់ឃាត់ខ្លួនតែម្តងបានហើយ រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកភ្លាមៗតែម្តង។ បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើការឆែកឆេរនៅក្នុងកាបូបរបស់ជនសង្ស័យ ឈ្មោះស្រីពៅ ឃើញមានលុយដុល្លារចំនួន៧៤០ដុល្លារ សុទ្ធតែជាលុយក្លែងក្លាយក្នុងនោះមានក្រដាស៥០ដុល្លារ ចំនួន១៤សន្លឹក និងក្រដាស់២០ដុល្លារ ចំនួន២សន្លឹក សមត្ថកិច្ចក៏ធ្វើការនាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣។

ប្រភពដដែលបានបន្តទៀតថា កាលពីយប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ មុនយប់កើតហេតុ ក៏មានបុរសម្នាក់បានមកជួលបន្ទប់ផ្ទះដំណាក់របស់គាត់ស្នាក់នៅឱ្យលុយក្រដាស៥០ដុល្លារ  មកឱ្យគាត់អាប់ ហើយពេលដែលអាប់លុយឱ្យបុរសនោះហើយ បុរសនោះក៏បានជិះម៉ូតូចេញទៅវិញ ដោយនិយាយថា ទៅទិញអីហូបតិច បន្ទាប់មកគាត់ក៏បានពិនិត្យមើលលុយម្តងទៀត ទើបដឹងថាជាលុយក្លែងក្លាយ ទើបលើកនេះ គាត់ពិនិត្យលុយឱ្យបានច្បាស់ និងឈានដល់ចាប់ខ្លួនស្ត្រីសង្ស័យប្រគល់ឱ្យប៉ូលិសតែម្តង។

តាមសម្តីជនសង្ស័យឈ្មោះស្រីពៅ ដែលត្រូវជាម្ចាស់លុយបានប្រាប់ឱ្យដឹងថា កាលពីពេលប៉ុន្មានថ្ងៃមុនរូបនាងបានជួបគ្រោះថ្នាក់ចរាចរណ៍មួយកន្លែង ហើយលុយក្លែងក្លាយនេះអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍បានចេញសំណងមកឱ្យរូបគាត់ ដោយគាត់មិនដឹងថា លុយនេះជាលុយក្លែងក្លាយនោះទេ ពេលដែលគាត់យកមកចាយ ត្រូវបានម្ចាស់ផ្ទះសំណាក់ចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES