Sunday, October 5, 2025
Homeព័ត៌មានជាតិប្តីទាមទារយកកូន ប្រពន្ធនិងម៉ែក្មេកមិនឲ្យ កើតជាហិង្សា ទាញម៉ែក្មេកធ្លាក់ពីលើម៉ូតូ

ប្តីទាមទារយកកូន ប្រពន្ធនិងម៉ែក្មេកមិនឲ្យ កើតជាហិង្សា ទាញម៉ែក្មេកធ្លាក់ពីលើម៉ូតូ

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ បានកើតមានជម្លោះរឿងរស់នៅមិនចុះសម្រុងនឹងគ្នា រហូតដល់ទាមទារបែកចែកផ្លូវគ្នារៀងខ្លួន ស្រាប់តែបុរសជាប្តីបានទាមទារយកកូនស្រីទៅចិញ្ចឹម ប៉ុន្តែស្ត្រីជាប្រពន្ធ រួមនឹងម្តាយក្មេកមិនព្រមឱ្យ ទើបធ្វើឱ្យកើតជាជម្លោះបែកផ្សែង និងឈានដល់អំពើហិង្សាទៅលើស្ត្រីជាម្តាយក្មេក បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះឃាត់ខ្លួនបុរសជាប្តី នាំយកទៅសាកសួរ។

 

ហេតុការណ៍ឈ្លោះប្រកែកក្នុងរង្វង់គ្រួសារ រហូតក្លាយជាអំពើហិង្សានេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះលេខ ០៨E0 ផ្លូវបេតុង ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

ភាគីជនបង្កជាប្តីដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនទៅសួរនាំ មានឈ្មោះពេជ្រ និមល អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យឃី មានលំនៅផ្ទះលេខ០៨E0 ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែកភាគីស្ត្រីជាប្រពន្ធ មានឈ្មោះនួន ចាន់ផាណា មុខរបរនៅផ្ទះ អាយុ៣០ឆ្នាំ មានកូនស្រីឈ្មោះពេជ្រ អមរាមានលាភ អាយុ២ខួប និងមានម្តាយបង្កើតឈ្មោះប៊ុត ផល្លីន អាយុ៥៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើជាមួយគ្នា។

តាមសម្តីភាគីខាងស្ត្រីជាប្រពន្ធ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នាងនិងកូនស្រី រួមទាំងម្តាយបង្កើត (ជនរងគ្រោះឈ្មោះប៊ុត ផល្លីន) កំពុងតែនៅផ្ទះជុំគ្នា ពេលនោះបុរសជាប្តី (ជនបង្ក) ក៏បានមកដល់ផ្ទះ ឃើញបែបនេះ ម្តាយរបស់នាងក៏បានដើរទៅបើកទ្វារឱ្យជនបង្កជាកូនប្រសារដើរចូលក្នុងផ្ទះ។ ពេលចូលមកដល់ ជនបង្កបានមកនិយាយជាមួយនាងជាប្រពន្ធ ដោយទាមទារយកកូនស្រី ឈ្មោះពេជ្រ អមរាមានលាភ ដែលទើបនឹងមានអាយុ២ខួប ទៅមើលថែ តែនាងនិងម្តាយបង្កើតជាជនរងគ្រោះ មិនយល់ព្រមឱ្យប្តីយកកូន និងចៅស្រីនេះទៅនៅជាមួយទេ។

ប្រភពដដែលបន្តថា ដោយសារតែទាមទារយកកូនស្រីមិនបានដូចបំណង ទើបធ្វើឱ្យជនបង្កខឹង ក៏រករឿងឈ្លោះប្រកែកជាមួយនាង និងម្តាយក្មេក ពេលនោះម្តាយរបស់នាង ក៏បានយកសោសូឡិចចំនួន១ ទៅចាក់ទ្វារផ្ទះ ដើម្បីកុំឱ្យចេញចូលបាន ឃើញដូចនេះ ជនបង្កក៏បានយកសោសូឡិចចាក់ទ្វារផ្ទះថែម១ជាន់ទៀត ហើយក៏បានទាស់សម្តីគ្នាកាន់តែខ្លាំងឡើង រហូតដល់ជនបង្កបានយកពិលឆក់មកចុចគំរាមឆក់ម្តាយក្មេក ទើបម្តាយក្មេកបានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ឱ្យជួយអន្តរាគមន៍ ឃើញដូចនេះជនបង្កក៏បានបោះពិលឆក់នោះចេញមកក្រៅផ្ទះ បណ្តាលឱ្យបាត់ពិលឆក់នោះ ហើយសមត្ថកិច្ចក៏បានចុះមកដល់កន្លែងកើតហេតុ នាំខ្លួនជនបង្ក រួមនិងវត្ថុតាងកូនសោសូឡិចចំនួន១ និងមេសោរសូឡិចចំនួន១ ដើម្បីយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ។

ប្រភពខាងលើ បានឱ្យដឹងទៀតថា នៅពេលដែលជនរងគ្រោះជាម្តាយក្មេកបានឡើងជិះម៉ូតូជាមួយសមត្ថកិច្ច ដើម្បីទៅបំភ្លឺរឿងហេតុខាងលើនៅប៉ុស្តិ៍ប៉ូលិស ស្រាប់តែជនបង្កបានស្ទុះទៅប្រតាយប្រតប់គ្នាជាមួយម្តាយក្មេកម្តងទៀត និងថែមទាំងបានទាញម្តាយក្មេក បណ្តាលឱ្យធ្លាក់ពីលើម៉ូតូនៅខាងមុខផ្ទះកើតហេតុខាងលើទៀតផង។

 

ក្រោយកើតហេតុ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនបង្កខាងលើ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ តាមនីតិវិធី ដោយក្នុងនោះ ភាគីជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនបង្ក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ផងដែរ។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ“ មិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីបុរសជាប្តីបាននៅឡើយ ហើយក៏មិនទាន់អាចសុំការបំភ្លឺបន្ថែមពីភាគីស្ត្រីជាប្រពន្ធបានដែរ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES