ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ សង្ស័យត្រូវថ្នាំសណ្តំរបស់ជនខិលខូច ស្រាប់តែមកអង្គុយយំនៅកណ្តាលផ្សារ ទោះជាមានអ្នកសួរនាំយ៉ាងណា ក៏មិនព្រមឆ្លើយតប ឬនិយាយស្តីអ្វីទាំងអស់ ពោលគឺគិតតែពីយំ បង្កមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចក្នុងផ្សារសាំហាន់ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។
យុវតីខាងលើមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណ២០ឆ្នាំ ក្នុងដៃឱបតុក្កត្តាខ្លាឃ្មុំ ពណ៌ផ្កាឈូក ព្រមទាំងមានសរសេរអក្សរដាក់ក្រដាសថា ឈ្មោះថាន គន្ធា ហៅស្រីនីត ស្នាក់នៅភូមិជ្រេស ឃុំជ្រេស មិនដឹងស្រុកខេត្តអ្វីនោះទេ មានឪពុកឈ្មោះថាន ម្តាយឈ្មោះនួន។
តាមប្រភពព័ត៌មានពីសន្តិសុខផ្សារសាំហាន់ម្នាក់ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញមានគេដឹកយុវតីខាងលើ តាមរ៉ឺម៉កកង់បីមកទុកចោលនៅមុខផ្សារសាំហាន់ តាំងពីវេលាម៉ោងជាង១១ព្រឹកមកម៉្លេះ តែគាត់មិនបានចាប់អារម្មណ៍អ្វីដែរ។ លុះពេលទម្លាក់យុវតីខាងលើនេះ នៅចំណុចមុខផ្សារសាំហាន់ហើយ អ្នកបើករ៉ឺម៉កម៉ូតូនោះ ក៏ចាកចេញទៅវិញបាត់ យុវតីរូបនោះក៏បានដើរចូលទៅក្នុងផ្សារ ដោយម្តងឈរម្តងអង្គុយនៅខាងមុខតូបអាជីវកលក់ដូរក្នុងផ្សារ ហើយទោះបីប្រជាពលរដ្ឋ និងក្រុមអាជីវករខំសួរនាំយ៉ាងណា ក៏នាងមិនព្រម និយាយស្តីអ្វីទាំងអស់ ពោលគឺគិតតែពីអង្គុយយំ។
តាមប្រភពពីប្រជាពលរដ្ឋដែលចោមរោមមើលហេតុការណ៍ខាងលើ បានដាក់ការសង្ស័យថា យុវតីរូបស្រស់ខាងលើនេះ អាចត្រូវថ្នាំពីសំណាក់ជនខិលខូច ទើបបានជានាងមានអាការៈមិនសូវមាត់មិនសូវក សួរមិនឆ្លើយបែបនេះ។ ទោះជាយ៉ាងណា ករណីនេះមិនមាននរណាម្នាក់អះអាងថា យុវតីខាងលើមានមូលហេតុអ្វី ឬវិបត្តិផ្លូវចិត្តអ្វី ឬអាចត្រូវថ្នាំសណ្តំអ្នកណាម្នាក់ក៏មិនដឹង ទើបបានជាមកអង្គុយយំកណ្តាលផ្សារបែបនេះ។
ក្រោយពេលកើតហេតុ យុវតីខាងលើត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ នាំមកសួរនាំ និងស្រាវជ្រាវរកសាច់ញាតិមកទទួលយកត្រឡប់ទៅវិញ៕