Sunday, October 5, 2025
Homeព័ត៌មានជាតិផ្ទុះហិង្សាក្នុងគ្រួសារ បែរជាស្រែកថាចោរ ផ្អើលសមត្ថកិច្ចក្រុងតាខ្មៅទាំងយប់

ផ្ទុះហិង្សាក្នុងគ្រួសារ បែរជាស្រែកថាចោរ ផ្អើលសមត្ថកិច្ចក្រុងតាខ្មៅទាំងយប់

ខេត្តកណ្តាល ៖ ករណីហិង្សាក្នុងគ្រួសារមួយបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋនៅក្រុងតាខ្មៅ ទាំងយប់ ខណៈដែលប្រពន្ធបានស្រែកថាចោរៗ ដើម្បីឱ្យគេជួយខ្លួននៅពេលប្តីវាយដំ ពេលនគរបាលនៃអធិការដ្ឋានក្រុងតាខ្មៅ សហការជាមួយប៉ុស្តិ៍រដ្ឋបាលតាខ្មៅ ចុះទៅដល់កន្លែងកើតហេតុ បែរជាម្ចាស់ផ្ទះមិនព្រមសហការ ធ្វើឱ្យប្រជាពលរដ្ឋរិះគន់ថា មិនមែនជាករណីហិង្សាទេ សង្ស័យជាករណីចោរលួច។ ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលនេះ កើតឡើងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១០និង៣៥នាទីយប់ នៅចំណុចផ្ទះ Lovely Cake ស្ថិតនៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប្រភពព័ត៌មានពីលោកវរសេនីយ៍  កែវ ពិសិដ្ឋ អធិការក្រុងតាខ្មៅ បានឱ្យដឹងថា មុន ពេលកើតហេតុ លោកបានទទួលព័ត៌មានថា មានករណីថាចោរ លោកបានបញ្ជាឱ្យកម្លាំងព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលក្រុងតាខ្មៅ ចុះទៅដល់ទីតាំងកើតហេតុ តែម្ចាស់ផ្ទះមិនព្រមសហការ ទើបលោកឱ្យនាយរងប៉ុស្តិ៍តាខ្មៅ ប្រាប់ម្ចាស់ផ្ទះ ព្រឹកស្អែកទៅប៉ុស្តិ៍រដ្ឋបាល ដើម្បីសួរនាំ។

បើតាមសាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឮសំឡេងនារីម្នាក់ បានស្រែកឆោឡោយ៉ាងខ្លាំង ចេញពីផ្ទះ Lovely Cake  (ផ្ទះលក់នំខេក នំខួបកំណើត) ថាចោរៗ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅជិតនោះ ហើយបានរាយការណ៍ទៅលោកអធិការក្រុងតាខ្មៅ។ ពេលសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការសួរនាំ បែរជាម្ចាស់ផ្ទះមិនព្រមសហការជាមួយសមត្ថកិច្ចទៅវិញ។

ប្រជាពលរដ្ឋបានរិះគន់ថា រឿងនេះមិនមែនជារឿងហិង្សាទេ ប្រហែលជារឿងចោរលួចមែន ដោយសារទីតាំងផ្ទះកន្លែងកើតហេតុ ជាផ្ទះរកស៊ី ហើយជាផ្ទះមានបន្ទប់ជួល ទើបមិនព្រមសហការជាមួយសមត្ថកិច្ច ប៉ុន្តែបើមានចោរចូលលួច ហេតុអ្វីប៉ូលិសទៅដល់ បែរជាមិនសហការ ឬមួយជាករណីប្តីលួចលុយប្រពន្ធ?

ពាក់ព័ន្ធរឿងរ៉ាវខាងលើនេះ សមត្ថកិច្ចនៃអធិការដ្ឋានក្រុងតាខ្មៅ បានបង្ហើបថា នឹងឱ្យប៉ុស្តិ៍រដ្ឋបាលក្រុងតាខ្មៅ បញ្ជាក់ឱ្យបានច្បាស់ថា ជាករណីហិង្សា ឬករណីចោរលួច៕

RELATED ARTICLES