ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់នេះត្រូវបានគេអះអាងថា ធ្លាប់មានប្រពន្ធ២ដងមកហើយ តែរស់នៅមិនចុះសម្រុងនឹងគ្នា ក៏រត់ចោលអស់ ជាហេតុធ្វើឱ្យបុរសរូបនេះខូចចិត្តផឹកស្រារហូតដល់ចង់ក្លាយជាមនុស្សសរសៃប្រសាទ លុះក្រោយពីជួបជុំមិត្តភក្តិផឹកស៊ីស្រវឹងធ្លាក់ភ្នែក ស្រាប់តែផ្ទុះកំហឹងទាញកាំបិតកាប់ប្រហារមិត្តភក្តិទាំងកំរោល បណ្តាលឱ្យដេកដួលស្លាប់ក្នុងថ្លុកឈាមកណ្តាលវង់ផឹក។
ករណីឃាតកម្មដ៏ឃោរឃៅនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅចំណុចសមុទ្រឈើ ស្ថិតក្នុងភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។
ជនដៃដល់ជាឃាតករដៃឆៅ ដែលផឹកស៊ីស្រវឹងកាប់មិត្តភក្តិស្លាប់ក្នុងវង់ផឹក មានឈ្មោះសុន វណ្ណា អាយុ៥០ឆ្នាំ ស្នាក់នៅភូមិ-សង្កាត់កើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ ចំណែកជនរងគ្រោះ មានឈ្មោះភ័ក្ត្រ អាយុ៣០ឆ្នាំ ស្នាក់នៅក្នុងភូមិជាមួយគ្នា និងមានស្រុកកំណើតនៅខេត្តបាត់ដំបង។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនសង្ស័យជាឃាតករឈ្មោះសុន វណ្ណា ធ្លាប់មានប្រពន្ធ២នាក់ឯណោះ ប៉ុន្តែរស់នៅជាមួយប្រពន្ធណាក៏មិនដែលឃើញមានសេចក្តីសុខ សុភមង្គលដែរ តែងកើតមានរឿងរ៉ាវឈ្លោះប្រកែកមិនឈប់ ជាហេតុធ្វើឱ្យប្រពន្ធទ្រាំលែងបាន ក៏រត់ចោលអស់ជាបន្តបន្ទាប់។ តាំងពីត្រូវប្រពន្ធ២នាក់រត់ចោលមក ជនសង្ស័យចេះតែដើរផឹកស្រាស្រវឹងអួទីនួរាល់ថ្ងៃ រហូតដល់ចង់ក្លាយជាមនុស្សសរសៃប្រសាទទៅហើយ ពោលគឺឱ្យតែស្រវឹងស្រាម្តងៗ តែងបញ្ចោញចរិតឬកពារកោងកាច គួរឱ្យខ្លាច។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីក្បាលព្រលប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ គេឃើញជនរងគ្រោះ និងជនសង្ស័យជាឃាតករ បានអង្គុយផឹកស្រាសជុំគ្នា ដោយផឹកស៊ីបណ្តើរនិយាយ ជជែកគ្នាលេងបណ្តើរយ៉ាងសប្បាយក្អាកក្អាយ។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ បន្ទាប់ពីផឹកស៊ីស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន អ្នកទាំង២ក៏ចាប់ផ្តើមកើតមានទំនាស់ពាក្យសម្តីនឹងគ្នា ស្រាប់តែភ្លាមនោះ ជនសង្ស័យបានស្ទុះទៅទាញកាំបិត កាប់ប្រហារទៅលើជនរងគ្រោះទាំងកំរោល ដោយគ្មានញញើតដៃ បណ្តាលឱ្យជនរងគ្រោះដេកដួលស្លាប់ក្នុងថ្លុកឈាមកណ្តាលវង់ផឹក។
ក្រោយធ្វើសកម្មភាពកាប់ប្រហារជនរងគ្រោះរួច ជនដៃដល់ជាឃាតករបានរត់គេចខ្លួនបាត់ស្រមោល។ បន្ទាប់មកសមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានពិនិត្យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាទទួលរងអំពើឃាតកម្ម ត្រូវមិត្តភក្តិរួមវង់ផឹកកាប់សម្លាប់ប្រាកដមែន។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
ចំណែកជនដៃដល់ជាឃាតករ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕