ខេត្តក្រចេះ ៖ យុវជនឈាមរាវម្នាក់ បានកើតមានជម្លោះពាក្យសម្តីជាមួយនឹងស្ត្រីម្នាក់ និងត្រូវបានស្ត្រីរូបនេះជេរបញ្ចោរកប់ៗមាត់ រហូតដល់ធ្វើឱ្យយុវជនរូបនោះទប់ចិត្តមិនបាន ក៏ស្ទុះទៅទាញគល់ឬស្សីវាយសំពងទៅលើស្ត្រីរងគ្រោះយ៉ាងចាស់ដៃ បណ្តាលឱ្យសន្លប់ស្តូកស្តឹងនៅនឹងកន្លែង។
ករណីអំពើហិង្សាប្រុសវាយស្រី១ដំបងឬស្សីសន្លប់ស្តូកនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ។
ជនសង្ស័យដៃដល់ដែលវាយសំពងស្ត្រីជាគូទំនាស់បណ្តាលឱ្យសន្លប់ មានឈ្មោះសាំង ខ្វាន់ អាយុ២៣ឆ្នាំ រស់នៅចំណុចអូរកណ្តៀរ ភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះ ងួន ប៉ិច អាយុជាង៤០ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើជាមួយគ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនដៃដល់ បានឈ្លោះប្រកែកតឹងសរសៃកដាក់គ្នា តែមិនដឹងថា ឈ្លោះគ្នាពីរឿងអ្វីឱ្យប្រាកដនោះទេ។ ស្រាប់តែក្រោយមក ស្ត្រីរងគ្រោះបានជេរបញ្ចោរទៅលើជនសង្ស័យកប់ៗមាត់ ជាហេតុធ្វើឱ្យជនសង្ស័យទប់កំហឹងមិនបាន ក៏ស្ទុះទៅទាញកំណាត់គល់ឬស្សី មកវាយសំពងទៅលើស្ត្រីរងគ្រោះទាំងកំរោល ត្រូវចំជាច្រើនកន្លែង បណ្តាលឱ្យរងរបួសសន្លប់ស្តូកស្តឹងនៅនឹងកន្លែងតែម្តង។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារ ប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។ ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចចុះចាប់ឃាត់ខ្លួនភ្លាមៗ និងនាំមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលអូរគ្រៀង។
នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានសារភាពថា ខ្លួនពិតជាបានវាយទៅលើស្ត្រីរងគ្រោះប្រាកដមែន មូលហេតុគឺមកពីរូបគេខឹងនឹង ស្ត្រីរងគ្រោះជេរប្រមាថមកលើខ្លួន ក៏កើតឡើងរឿងបែបនេះតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕