ខេត្តកំពង់ស្ពឺ ៖ បុរសជាកូនប្រសាចិត្តកំណាចម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោកជាំ ត្រឡប់មកដល់ផ្ទះវិញ ក៏ចាប់ផ្តើមរករឿងប្រពន្ធកូនផ្អើលពេញផ្ទះ ឃើញបែបនេះ ឪពុកម្តាយក្មេកក៏ចេញមកឃាត់ ស្រាប់តែកូនប្រសាចិត្តកំណាចផ្ទុះកំហឹង ក៏ស្ទុះទៅទាញកាំបិតផ្គាក់កាប់ប្រហារឪពុកម្តាយក្មេក បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់។
ហេតុការណ៍កូនប្រសាចិត្តភ្លើង ផឹកស្រវឹងកាប់ប្រហារឪពុកម្តាយក្មេករបស់ខ្លួន បណ្តាលឱ្យរងរបួសធ្ងន់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិត្រោកវែង ឃុំសែនដី ស្រុកសំរោងទង។
កូនប្រសាចិត្តកំណាចឃោរឃៅ ដែលផឹកស្រាស្រវឹងកាប់ប្រហារឪពុកម្តាយក្មេកឱ្យរងរបួសធ្ងន់ មានឈ្មោះម៉ៅ សំអូន អាយុ៣៦ឆ្នាំ រស់នៅភូមិត្រោកវែង ឃុំសែនដី ស្រុកសំរោងទង។ ចំណែកជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធដែលត្រូវជាឪពុកម្តាយក្មេកជនដៃដល់ រួមមាន បុរសរងគ្រោះជាឪពុកក្មេក មានឈ្មោះមាស ប្រាជ្ញ អាយុ៦៦ឆ្នាំ (រងរបួសកខាងឆ្វេង និងម្រាមដៃខាងស្តាំ) ចំណែកស្ត្រីរងគ្រោះជាម្តាយក្មេក មានឈ្មោះ ប៊ូ ហ៊ុយ អាយុ៦៥ឆ្នាំ (រងរបួសដៃខាងស្តាំ)។ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ មានលំនៅក្នុងភូមិ-ឃុំជាមួយនឹងជនដៃដល់ជាកូនប្រសាចិត្តកំណាចផងដែរ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនដៃដល់ខាងលើនេះ គឺជាមនុស្សមានចរិតកោងកាចខ្លាំងណាស់ និងចូលចិត្តដើរផឹកស្រាស្រវឹងអួទីនួសឹងរាល់ថ្ងៃ ទោះជាប្រពន្ធកូនអង្វរកយ៉ាងណា ក៏មិនខ្ចីស្តាប់ មិនតែប៉ុណ្ណោះឱ្យតែស្រវឹងធ្លាក់ភ្នែកម្តងៗ តែងរករឿងអុកឡុកពេញផ្ទះ មិនស្គាល់យប់ថ្ងៃ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង សឹងរកពេលដេកពួនមិនបាន។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនដៃដល់បានចេញទៅផឹកស្រាតាំងពីថ្ងៃរសៀល រហូតដល់កប់ព្រលប់ ស្រវឹងធ្លាក់ភ្នែក ទើបវិលមកដល់ផ្ទះ និងបានរករឿងកូនប្រពន្ធធ្វើឱ្យកើតជាជម្លោះតឹងសរសៃក ភ្លាមនោះ ជនរងគ្រោះជាឪពុកម្តាយក្មេក ក៏ចេញទៅឃាត់កូនប្រសាថា បើស្រវឹងហើយ រកកន្លែងដេកទៅ កុំរករឿងអ្នកផ្ទះ នាំផ្អើលដល់គេឯង ព្រោះយប់ព្រលប់ហើយ អ្នកជិតខាងត្រូវការសម្រាក។
ប្រភពខាងលើ បានបញ្ជាក់ថា គ្រាន់តែឪពុកម្តាយក្មេកនិយាយចប់ភ្លាម ស្រាប់តែបុរសជាកូនប្រសាចិត្តកំណាច ដែលកំពុងពុលកំហឹង បែរជាផ្ទុះកំហឹងស្ទុះទៅទាញកាំបិតផ្គាក់មកកាប់ប្រហារទៅលើឪពុកម្តាយក្មេកទាំងកំរាល បណ្តាលឱ្យបុរសជាឪពុកក្មេក របួសត្រង់កខាងឆ្វេង និងម្រាមដៃខាងស្តាំ ចំណែកស្ត្រីជាម្តាយក្មេករងរបួសដៃខាងស្តាំ។
ក្រោយកើតហេតុភ្លាមៗ សាច់ញាតិរួមនឹងអ្នកជិតខាង បានចូលជួយអន្តរាគមន៍ចាប់ឃាត់ និងប្រញាប់ដឹកបញ្ជូនជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ទៅព្យាបាលនៅមន្ទីរពេទ្យអង្គមេត្រី បន្ទាប់មកក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើរួចមក កម្លាំងព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍សែនដី បានចុះដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនជនដៃដល់ជាកូនប្រសាចិត្តកំណាច នាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុដែលនាំឱ្យកើតមានអំពើហិង្សាទៅលើឪពុកម្តាយក្មេក ដោយសារតែរូបគេផឹកស្រាស្រវឹងខ្លាំងពេក។
បច្ចុប្បន្នជនដៃដល់ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕