Sunday, October 5, 2025
Homeព័ត៌មានជាតិផ្ទុះអាវុធផ្អើល សមត្ថកិច្ចឃាត់ខ្លួន លោកផ្កាយ១សារភាពថា កាំភ្លើងជ្រុះដីរាលកៃ

ផ្ទុះអាវុធផ្អើល សមត្ថកិច្ចឃាត់ខ្លួន លោកផ្កាយ១សារភាពថា កាំភ្លើងជ្រុះដីរាលកៃ

ភ្នំពេញ ៖ បុរសម្នាក់ត្រូវគេស្គាល់ថាមានតួនាទីជាមន្ត្រីថ្នាក់ឧត្តមសេនីយ៍នៅក្រសួងមហាផ្ទៃ មិនដឹងជាមានបញ្ហាអ្វី ក៏ស្រាប់តែផ្ទុះអាវុធជាច្រើនគ្រាប់នៅខាងក្នុងបរិវេណផ្ទះរបស់ខ្លួន ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតិខាងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះឃាត់ខ្លួនសួរនាំ ស្រាប់តែលោកឧត្តមសេនីយ៍រូបនោះ បានឆ្លើយថា កាំភ្លើងរបស់គាត់ជ្រុះដីរាលកៃប៉ុណ្ណោះ។

ហេតុការណ៍ផ្ទុះអាវុធចេញពីផ្ទះលោកឧត្តសេនីយ៍ខាងលើនេះ បានបង្កមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៤៩៩ ផ្លូវ១០០៣ ស្ថិតក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បុរសដែលបង្កឱ្យមានការផ្ទុះអាវុធនៅក្នុងផ្ទះរបស់ខ្លួន មានឈ្មោះចាន់ ណារិន អាយុ៥២ឆ្នាំ ជាមន្ត្រីនគរបាលឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី (ផ្កាយ១) មានតួនាទីជាអនុប្រធាននាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ ស្នាក់នៅផ្ទះលេខ៤៩៩ ផ្លូវ១០០៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរខាងផ្ទះលោកឧត្តមសេនីយ៍ត្រីខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសុខៗ ស្រាប់តែគេបានឮសូរសំឡេងផ្ទុះគ្រាប់កាំភ្លើងចេញពីផ្ទះបុរសខាងលើ ចំនួន៥ទៅ៦គ្រាប់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយភ្លាមនោះ ប្រជាពលរដ្ឋក៏ប្រញាប់រាយការណ៍ទៅសមត្ថកិច្ចឱ្យចុះទៅពិនិត្យនៅកន្លែងកើតហេតុតែម្តង។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះទៅដល់ផ្ទះកើតហេតុ និងបាននាំខ្លួនលោកឧត្តមសេនីយ៍ត្រី ដែលជាអ្នកបាញ់ មកសាកសួរភ្លាមៗ ព្រមទាំងដកហូតអាវុធខ្លី មួយដើម ម៉ាក CS98 មានលេខ០០២២៤៣។

នៅចំពោះមុខសមត្ថកិច្ច លោកឧត្តមសេនីយ៍ត្រី ចាន់ ណារិន បានអះអាងថា នៅមុនពេលកើតហេតុ គាត់បានអង្គុយលេងនៅលើកៅអី និងកំពុងនិយាយគ្នាលេងជាមួយក្រុមគ្រួសារ លុះក្រោយមកពេលដែលគាត់ក្រោកឈរឡើង ស្រាប់តែកាំភ្លើងដែលគាត់បានសៀតជាប់នឹងចង្កេះ បានទាក់នឹងកៅអី បណ្តាលឱ្យជ្រុះដី ហើយរាលកៃផ្ទុះ១គ្រាប់តែម្តងទៅ។

បច្ចុប្បន្នលោកឧត្តសេនីយ៍ខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅធ្វើការសាកសួរបន្តនៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ៕

RELATED ARTICLES