ខេត្តបន្ទាយមានជ័យ ៖ បុរស២នាក់ជាមិត្តភក្តិនឹងគ្នា បានបបួលគ្នាទិញស្រាយកមកអង្គុយផឹកជុំគ្នា ដោយផឹកស៊ីបណ្តើរជជែកគ្នាលេងបណ្តើរ រហូតដល់ស្រវឹងទោទន់រៀងៗខ្លួន ក៏ចាប់ផ្តើមកើតមានទំនាស់ពាក្យសម្តី ផ្ទុះជាជម្លោះ ជាហេតុធ្វើឱ្យភាគីម្ខាងទប់កំហឹងមិនបាន ក៏ស្ទុះទៅទាញដំបងវាយសំពងមិត្តភក្តិរបស់ខ្លួន បណ្តាលឱ្យស្លាប់នៅនឹងកន្លែងក្បែរវង់ផឹកស៊ី។
ករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ បានកើតឡើង កាលពីវេលាយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិបល័ង្ក ឃុំតាគង់ ស្រុកម៉ាឡៃ។
ជនដៃដល់ជាឃាតករដៃឆៅ ដែលវាយសម្លាប់មិត្តភក្តិ ដោយសារផ្ទុះជម្លោះក្នុងវង់ផឹកស៊ី មានឈ្មោះឃុត រ៉ន អាយុ៣៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះឈឹម ខ្លី អាយុ៣៥ឆ្នាំ មុខរបរកសិករ និងមានលំនៅក្នុងភូមិជាមួយគ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា រវាងជនរងគ្រោះ និងជនដៃដល់ គឺជាមិត្តភក្តិនឹងគ្នា កន្លងមកតែងដើរលេងផឹកស៊ីជាមួយគ្នា ជាញឹកញាប់។ នៅមុនពេលកើតហេតុ កាលពីព្រលប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ គេឃើញជនរងគ្រោះ និងជនដៃដល់ បានអង្គុយផឹកស្រាជាមួយគ្នានៅចំណុចកើតហេតុខាងលើ លុះក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏លាន់ឮសំឡេងអ្នកទាំង២ ឈ្លោះប្រកែកគ្នា តែមិនដឹងថាឈ្លោះគ្នាពីរឿងអ្វីឱ្យពិតប្រាកដនោះទេ។ ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានការភ្ញាក់ផ្អើលថា មានគេប្រទះឃើញជនរងគ្រោះដេកស្លាប់នៅក្បែរវង់ផឹកស៊ី ទើបកើតមានការផ្អើលឆោឡោថា ជនរងគ្រោះត្រូវជនដៃដល់ជាមិត្តភក្តិវាយសម្លាប់ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យដល់កន្លែងកើតហេតុភ្លាមៗ។
បន្ទាប់ពីកើតមានករណីឃាតកម្មខាងលើ កម្លាំងនគរបាលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលស្រុកម៉ាឡៃ ក្រោមការអនុវត្តតាមបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយមានការដឹកនាំកម្លាំងប្រតិបត្តិការផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធី ពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះមកពិនិត្យទីតាំងកើតហេតុ និងធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យដៃដល់បាន នៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ រួចក៏នាំខ្លួនជនសង្ស័យ ទៅធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយសម្លាប់ជនរងគ្រោះប្រាកដមែន មូលហេតុ ដោយសារតែខ្លួនបានផឹកស្រាស្រវឹងខ្លាំងពេក លុះពេលកើតមានជម្លោះពាក្យសម្តី ក៏ទប់ចិត្តមិនបាន ជ្រុលដៃវាយសម្លាប់ជនរងគ្រោះតែម្តង។
ជនសង្ស័យត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕