Monday, October 6, 2025
Homeព័ត៌មានជាតិប្អូនស្រីរន្ធត់ចិត្ត!!! បងប្អូនថ្លៃបើកម៉ូតូលឿន បុកគូទរថយន្តផុងលលាដ៍ស្លាប់

ប្អូនស្រីរន្ធត់ចិត្ត!!! បងប្អូនថ្លៃបើកម៉ូតូលឿន បុកគូទរថយន្តផុងលលាដ៍ស្លាប់

ភ្នំពេញ ៖ បុរស២នាក់ ត្រូវជាបងប្អូនថ្លៃ បានជិះម៉ូតូ១គ្រឿងឌុបគ្នា បោះពួយយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកពីក្រោយរថយន្ត ចតតាមផ្លូវយ៉ាងពេញទំហឹង បណ្តាលឱ្យផុងលលាដ៍ក្បាលស្លាប់ម្នាក់ នៅកន្លែងកើតហេតុ ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម និងរងរបួសធ្ងន់ម្នាក់ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវបេតុង ក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះមានឈ្មោះចាន់ ណេ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិតានូ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តព្រៃវែង (ស្លាប់)។ ជនរងគ្រោះម្នាក់ទៀត មានឈ្មោះតូច ហន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកជាមួយបុរសដែលស្លាប់ ត្រូវប្អូនថ្លៃជិះម៉ូតូរងគ្រោះ ម៉ាក zoomerx ពណ៌លឿងលាយស ពាក់ស្លាកលេខភ្នំពេញ 1GI-8683 បើកក្នុងទិសដៅពីត្បូងទៅជើង។ ចំណែករថយន្តដែលចតនៅតាមផ្លូវម៉ាកគា ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 2A-0915 ជាប្រភេទរថយន្តដឹកទំនិញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាក zoomerx  ឌុបគ្នាធ្វើដំណើរក្នុងល្បឿនលឿន ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ដោយមិនបានប្រយ័ត្ន ក៏ជ្រុលបុករថយន្តពីក្រោយរថយន្តចតតាមផ្លូវពេញទំហឹង បណ្តាលឱ្យបុរសម្នាក់ដួលបែកក្បាល ចំកណ្តាលថ្ងាសផុងលលាដ៍ក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ គួរឱ្យសង្វេគ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះសម្ភពរស្មី បានដឹកជនរងគ្រោះខាងលើយកទៅព្យាបាល ភ្លាមៗផងដែរ។

តាមសម្តីប្អូនស្រីបង្កើតរបស់សពជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ និងជនរងគ្រោះម្នាក់ទៀតគឺជាបងប្អូនថ្លៃនឹងគ្នា មុនពេលកើតហេតុ កាលពីព្រឹកថ្ងៃដដែល ជនរងគ្រោះបានមកខ្ចីម៉ូតូបងថ្លៃស្រីគាត់យកទៅជិះរហូតមកដល់វេលាកើតហេតុ ទើបឃើញជនរងគ្រោះនិងបងថ្លៃប្រុស បានជិះម៉ូតូយកមកឱ្យបងថ្លៃវិញ តែជិះមិនទាន់ដល់ផ្ទះជួលផង ក៏ជួបគ្រោះថ្នាក់ស្លាប់ និងរបួសបែបនេះតែម្តង។

ក្រោយពេលកើតហេតុ ជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានប្រគល់ឱ្យជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ធ្វើការវាស់វែងយកទៅម៉ូតូនិងរថយន្តខាងលើ យកទៅរក្សាទុក រង់ចាំការដោះស្រាយ។ ចំណែកឯសព ត្រូវបានជំនាញចរាចរណ៍រាជធានីភ្នំពេញ ធ្វើលិខិតប្រគល់សពឱ្យបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

RELATED ARTICLES