Monday, October 6, 2025
Homeព័ត៌មានជាតិឈឺមិនមានលុយព្យាបាល ប្រពន្ធសុំទៅធ្វើការនៅកាសុីណូ ប្តីកើតចិត្តប្រចណ្ឌ ចងកសម្លាប់ខ្លួន

ឈឺមិនមានលុយព្យាបាល ប្រពន្ធសុំទៅធ្វើការនៅកាសុីណូ ប្តីកើតចិត្តប្រចណ្ឌ ចងកសម្លាប់ខ្លួន

ខេត្តស្វាយរៀង ៖ គ្រួសួរាមួយរស់នៅក្នុងជីវភាពទីទ័លក្រណាស់ ណាមួយបុរសជាប្តីមានជំងឺប្រចាំកាយអត់លុយព្យាបាលផង ទើបស្ត្រីជាប្រពន្ធសម្រេចចិត្តសុំប្តីចូលធ្វើការក្នុងកាស៊ីណូ គ្រាន់រកប្រាក់ទំនុកបម្រុងគ្រួសារ ស្រាប់តែបុរសជាប្តីបែរជាមានចិត្តប្រចណ្ឌ ក៏ដាច់ចិត្តគិតខ្លីចងកសម្លាប់ខ្លួន ចោលប្រពន្ធកូន គួរឱ្យសង្វេគ។

ហេតុការណ៍ប្តីផ្ទុះភ្លើងប្រចណ្ឌប្រពន្ធចូលធ្វើការក្នុងកាស៊ីណូ បែរជាគិតខ្លីចងកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចដើមស្មាច់ខាងមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទិ៍។

បុរសជាប្តីដែលចងកធ្វើអត្តឃាត មិនត្រូវបានគេបង្ហើបឱ្យដឹងពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាមានវ័យប្រមាណជាង៤០ឆ្នាំទៅហើយ និងមានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមប្រភពពីអ្នកជិតខាង បានរៀបរាប់ប្រាប់ថា ជនរងគ្រោះបានកើតមានជំងឺប្រចាំកាយរាប់ឆ្នាំមកហើយ ហើយជីវភាពក៏ខ្វះខាតរកប្រាក់ព្យាបាលជំងឺមិនបានឡើយ។ ដោយឃើញថា ជីវភាពទីទ័លខ្លាំងពេក ទើបស្ត្រីជាប្រពន្ធជនរងគ្រោះនឹកឃើញចង់សម្រាលបន្ទុកគ្រួសារ ក៏សុំប្តីដើម្បីចូលទៅធ្វើការនៅក្នុងកាស៊ីណូ គ្រាន់យកប្រាក់មកទប់ទល់ជីវភាព។ ចំណែកបុរសជាប្តីក៏មិនហ៊ានហាមាត់ឃាត់អ្វីដែរ គឺយល់ព្រមឱ្យប្រពន្ធចេញទៅធ្វើការកាស៊ីណូតាមបំណង។

ប្រភពដដែលបន្តថា តាំងពីប្រពន្ធចេញទៅធ្វើការនៅកាស៊ីណូមក គេឃើញបុរសជាប្តីចេះតែមានទឹកមុខស្រពាប់ស្រពោនខុសប្លែកពីធម្មតា លុះសួរនាំទៅ ជនរងគ្រោះក៏ឆ្លើយថា មានបញ្ហាក្នុងគ្រួសារខ្លះៗ។ យ៉ាងណា កន្លងមក គេដឹងថា ជនរងគ្រោះមានចិត្តស្រលាញ់ហួងហែង ប្រចណ្ឌប្រពន្ធរបស់ខ្លួនខ្លាំងណាស់ ហេតុនេះគេសង្ស័យថា បញ្ហាគ្រួសារដែលធ្វើឱ្យជនរងគ្រោះពិបាកចិត្តនោះ ច្បាស់ជារឿងប្រចណ្ឌប្រពន្ធតែម្តង។

ប្រភពខាងលើ បញ្ជាក់ថា លុះមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែនៅវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ បុរសរងគ្រោះបានសម្រេចចិត្តចងកសម្លាប់ខ្លួននៅលើដើមស្មាច់ខាងមុខផ្ទះរបស់ខ្លួនតែម្តង និងត្រូវបានអ្នកភូមិប្រទះឃើញស្រែកឆោឡោ និងសុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើខ្សែគោពណ៌ខ្មៅ ចងកភ្ជាប់នឹងដើមស្មាច់ បណ្តាលឱ្យដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES