ខេត្តស្ទឹងត្រែង ៖ សត្វត្រយ៉ងយក្ស ដែលជាប្រភេទសត្វកម្រ ដែលសព្វថ្ងៃមាននៅសេសសល់តែប្រមាណជាង២០០ក្បាលប៉ុណ្ណោះ នៅលើពិភពលោក ត្រូវបានអ្នកនាំភ្ញៀវទេសចរម្នាក់ក្នុងខេត្តស្ទឹងត្រែង ប្រទះឃើញក្រុងទុកនៅក្រោមផ្ទះអ្នកស្រុកនៅតំបន់រ៉ាមសារ ស្ថិតនៅក្នុងឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ គ្រាដែលនាំភ្ញៀវទៅកំសាន្តតំបន់អេកូទេសចរនៅទីនោះ ហើយបានសុំទិញពីអ្នកស្រុក រួចនាំយកមកប្រគល់ឱ្យអង្គការ ACCB នាំយកទៅសង្គ្រោះ និងអភិរក្សនៅខេត្តសៀមរាប។
លោកហួត វុទ្ធារ៉ា អ្នកនាំភ្ញៀវទេសចរប្រចាំខេត្តស្ទឹងត្រែង បានប្រាប់ឱ្យដឹងថា នៅគ្រាដែលលោកបាននាំភ្ញៀវទេសចរទៅកាន់តំបន់រ៉ាមសារ ក្នុងឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់នោះ លោកក៏បានប្រទះឃើញសត្វត្រយ៉ងយក្ស១ក្បាល ត្រូវបានអ្នកភូមិក្រុងទុកក្នុងទ្រុងក្រោមផ្ទះ ហើយលោកក៏បានសុំទិញពីអ្នកភូមិក្នុងតម្លៃ៤ម៉ឺនរៀល ក្នុងគោលបំណងយកទៅព្រលែងក្នុងព្រៃលិចទឹក នៃតំបន់រ៉ាមសារ ដើម្បីឱ្យសត្វដ៏កម្រមួយនេះ បានទៅកាច់សំបុក ឬជួបជុំគ្រួសាររបស់គេវិញ តែជាអកុសលសត្វត្រយ៉ងយក្សមួយក្បាលនេះ ហើរមិនបាន១៥ម៉ែត្រផង ក៏ធ្លាក់ចូលក្នុងទឹកទន្លេមេគង្គ ទើបលោកនិងក្រុមអ្នកទេសចរ បាននាំយកសត្វដ៏កម្រមួយក្បាលនេះ ទៅទីរួមខេត្តស្ទឹងត្រែង ដើម្បីថែរក្សា និងបំប៉នទឹក និងចំណីដល់វា។
លោកហួត វុទ្ធារ៉ា បន្តថា នៅពេលដែលលោក និងភ្ញៀវទេសចរបាននាំយកសត្សត្រយ៉ងយក្សមួយក្បាលនេះ មកកាន់ទីរួមខេត្តស្ទឹងត្រែង លោកបានរាយការណ៍ទៅប្រធានឧទ្យានុរក្សតំបន់រ៉ាមសារ ឃុំអូរស្វាយ គឺលោកនី ម៉ុល និងអនុប្រធានសហគមន៍ទេសចរណ៍បូរីអូរស្វាយ ឱ្យបានដឹងផងដែរ។ បន្ទាប់មកលោកក៏បានជូនដំណឹងទៅអង្គការ WWF ដែលមានទីតាំងនៅខេត្តក្រចះ ហើយអង្គការ WWF បានរាយការណ៍បន្តទៅកាន់អង្គការ ACCB ព្រោះអង្គការនេះមានវេជ្ជបណ្ឌិតសម្រាប់ព្យាបាលជំងឺផ្នែកសត្វ មានមូលដ្ឋាននៅខេត្តសៀមរាប ដើម្បីមកទទួលយកសត្វត្រយ៉ងយក្សមួយក្បាលនេះ ទៅសង្គ្រោះជីវិតឱ្យបានទាន់ពេលវេលា។
កញ្ញា ជូ លី (JULIE) វេជ្ជបណ្ឌិតផ្នែកសត្វមកពីខេត្តសៀមរាប បានឱ្យដឹងថា ក្រោយពីពិនិត្យសត្វត្រយ៉ងយក្សនោះមក គឺបានរកឃើញថា សត្វត្រយ៉ងយក្សបានបាក់ស្លាបឆ្វេង និងមានសុខភាពមិនសូវល្អ ហើយត្រូវនាំទៅថត X-Ray ដើម្បីពិនិត្យឈាមរកមូលហេតុ និងធ្វើការព្យាបាលនៅក្នុងខេត្តសៀមរាប។
លោកហួត វុទ្ធារ៉ា បានអំពាវនាវដល់ប្រជាពលរដ្ឋនៅកម្ពុជាទាំងអស់ ត្រូវចូលរួមជួយអភិរក្សសត្វកម្រមួយនេះ និងសត្វកម្រផ្សេងៗទៀត ដើម្បីថែរក្សាទុកឱ្យកូនចៅជំនាន់ក្រោយទៀតបានឃើញ និងបានស្គាល់ ព្រោះថាអ្នកខ្លះនៅមិនទាន់ស្គាល់ប្រភេទសត្វត្រយ៉ងយក្សនេះនៅឡើយទេ។
គួរបញ្ជាក់ថា សត្វត្រយ៉ងយក្ស ត្រូវគេចាត់ទុកថា ជាប្រភេទសត្វកម្រ និងជាតំណាងបក្សីជាតិនោះ នៅគ្រាបច្ចុប្បន្ន គេបានដឹងថា ស្ទើរតែផុតពូជអស់ទៅហើយនៅលើពិភពលោកនេះ និងនៅមានសេសល់មិនដល់៣០០ក្បាលផងនោះទេ ហើយក្នុងនោះ១០ក្បាល មានរស់នៅក្នុងប្រទេសឡាវ មួយចំនួនបានផុតពូជនៅប្រទេសវៀតណាម និងនៅសល់ច្រើនជាងគេ គឺស្ថិតនៅតំបន់រ៉ាមសារ ស្រុកថាឡាបរិវ៉ាត់ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង និងនៅឯខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា៕