Monday, October 6, 2025
Homeព័ត៌មានជាតិប្រពន្ធទៅយកកូនស្រី ប្តីនៅផ្ទះចងកសម្លាប់ខ្លួន បន្សល់លិខិតបណ្តាំ មើលទៅក្តុកក្តួលណាស់

ប្រពន្ធទៅយកកូនស្រី ប្តីនៅផ្ទះចងកសម្លាប់ខ្លួន បន្សល់លិខិតបណ្តាំ មើលទៅក្តុកក្តួលណាស់

ភ្នំពេញ ៖ បុរសម្នាក់ជានាយកសាលារៀនឯកជនម្នាក់ ព្រោះតែតូចចិត្តនិងកើតមានជម្ងឺប្រចាំកាយ ក៏សម្រេចចិត្តគិតខ្លី ចងកបញ្ចប់ជីវិត ចោលប្រពន្ធកូន ដោយបន្សល់ទុកលិខិតបណ្តាំសរសេរដោយផ្ទាល់ដៃចំនួន៥សន្លឹក រៀបរាប់ពីទឹកចិត្តស្រលាញ់ និងស្រណោះអាល័យចំពោះប្រពន្ធ និងកូនជាទីស្រលាញ់។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង កាលពីវេលាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

បុរសគិតខ្លីចងកធ្វើអត្តឃាត មានឈ្មោះលឹម ប៊ុនលាង អាយុ៣៨ឆ្នាំ មុខរបរនាយកសាលាវេសស្ទើន មានប្រពន្ធឈ្មោះវង្ស ភារ៉ែន អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ និងមានកូនស្រីតូចម្នាក់អាយុប្រហែល៥ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិកោះនរា ឃុំត្បូង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ទាំងទឹកភ្នែកថា ប្តីរបស់នាងបានធ្លាក់ខ្លួនឈឺជំងឺមហារីកពោះវៀន អស់រយៈពេល២ខែមកហើយ និងធ្លាប់បានចេញទៅព្យាបាលដល់ប្រទេសថៃដែរ តែមិនបានធូរស្រាលសោះ ស្រាប់តែមកដល់ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ នាងបានចេញទៅទទួលកូនស្រីពីសាលារៀនមកវិញ ដោយទុកឱ្យប្តីនៅចាំផ្ទះតែម្នាក់ឯង ហើយនៅផ្ទះក៏មិនមានអ្នកណាម្នាក់នៅដែរ។ លុះពេលដែលនាងត្រឡប់មកដល់ផ្ទះវិញ កូនស្រីតូចរបស់នាងបានរុញទ្វារផ្ទះចូលមុន ស្រាប់តែប្រទះឃើញឪពុកចងក ក៏ស្រែកប្រាប់នាងជាម្តាយថា ប៉ាធ្វើអីគេហ្នឹង ភ្លាមនោះ នាងក៏ស្ទុះចូលទៅមើល ស្រាប់តែប្រទះឃើញប្តីរបស់នាងចងកសម្លាប់ខ្លួនជាប់នឹងជញ្ជាំងឥដ្ឋខ្យល់ស្លាប់បាត់ទៅហើយ។ ភ្លាមនោះ នាងក៏ស្ទុះរត់ទៅយកកាំបិត មកស្រវាកាត់ខ្សែទម្លាក់ប្តីចុះក្រោម និងស្រែកេឆោឡោហៅគេឯងឱ្យជួយ តែអកុសល ប្តីរបស់នាងបានស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះជួយអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យដល់កន្លែងកើតហេតុ និងបានរកឃើញលិខិតបណ្តាំរបស់ជនរងគ្រោះចំនួន៥សន្លឹក ដែលបានសរសេរដោយផ្ទាល់ដៃ បន្សល់ទុកនៅក្បែរកន្លែងកើតហេតុផងដែរ។

លិខិតបណ្តាំរបស់សពទាំង៥សន្លឹកនោះ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

មកដល់ប្រពន្ធសម្លាញ់ដ៏ឧត្តម ៖ ពេលអូនអានលិខិតិនេះ រូបបងបានឃ្លាតឆ្ងាយពីអូន និងមិនអាចរួមរស់នៅជិតជាមួយអូនជារៀងរហូត។ អូនជាប្រពន្ធដ៏ឧត្តម ជាម្តាយដ៏ប្រពៃ ជាកូនស្រីដែលគោរពដំបូន្មានឪពុកម្តាយចាស់ទុំ ជាបងស្រីដែលមានព្រហ្មវិហារធម៌ចំពោះប្អូនៗ បើទោះជាខ្លួនទទួលការលំបាកយ៉ាងណាក៏ដោយ។ បងពិតជាប្រាថ្នាចង់នៅរួមរស់ជាមួយអូនរហូតដល់ចាស់កោងខ្នង កសាងសុភមង្គលដ៏តូចមួយនេះ តែអកុសល ក្តីប្រាថ្នាមួយនេះត្រូវបានបន្ទុចបង្អាក់ ដោយសារតែសុខភាពរបស់បង មានការថមថយបន្តិចម្តងៗ។ មួយរយៈពេលនេះ អូនបានមើលថែបងគ្រប់បែបយ៉ាង ដោយមិនត្អូញត្អែរ លើកទឹកចិត្តបង ដើម្បីបន្តដំណើរទៅមុខទៀត។ បងសូមអរគុណគ្រប់យ៉ាងដែលអូនបានធ្វើចំពោះបង។ បងដឹងច្បាស់ថា បងពិតជាពិបាកធ្វើដំណើរទៅមុខទៀតណាស់ ខណៈពេលដែលសុខភាពរបស់បងមានការថមថយពីមួយថ្ងៃទៅមួយថ្ងៃ។ អូនមិនចាំបាច់ចំណាយលុយកាក់ ពេលវេលា មើលបងទៀតទេ វាគ្មានប្រយោជន៍ទេ។ ពេលគ្មានបង អូននឹងមានសេរីភាព មានស្នាមញញឹមជាថ្មី។ បងមិនចង់ក្លាយជាបន្ទុកដែលធ្វើឱ្យអូនលំបាក ក្នុងការរែកពន់នាពេលអនាគតទេ។ ពេលបងចាកចេញទៅ សូមអូនជួយថែកូនយើងឱ្យបានល្អផង។ សូមអូនជួយចិញ្ចឹមបីបាច់ ណែនាំ ទូន្មាន អប់រំឱ្យបានល្អផង។ កូនយើងស្អាតណាស់ គួរឱ្យស្រលាញ់ណាស់ បងស្រលាញ់កូនយើងជាងកែវភ្នែក និងជីវិតរបស់បងទៅទៀត។ ស្នាមញញឹមរបស់កូនយើងនឹងស្ថិតនៅជាប់ក្នុងក្រអៅបេះដូងបងជានិច្ច សូមអូនជួយសម្រេចបំណងរបស់បងនេះផង។

មកដល់កូនស្រី មុនីរីតា ជាទីស្រលាញ់ស្មើកែវភ្នែករបស់ប៉ា ៖ ពីពេលនេះទៅ កូនលែងមានប៉ាហៅហើយ ប៉ាឃ្លាតឆ្ងាយពីកូន លែងនៅលើលោកនេះហើយ។ ប៉ាមិនបានឱបថើប បំពេរកូនឱ្យគេងទៀតទេ ប៉ាលែងឃើញស្នាមញញឹមដ៏គួរឱ្យស្រលាញ់រកទីបំផុតគ្មានរបស់កូនទៀត ហើយប៉ាក៏មិនអាចលួងកូនពេលកូនយំទៀតដែរ។ ពេលកូនមាន Homework ប៉ាមិនបានពន្យល់កូនទៀតទេ សូមកូនសួរម៉ាក់ ពូ និងមីង ឱ្យជួយពន្យល់ទៅ។ ក្នុងមួយជីវិតរបស់ប៉ា កូនស្រីគឺជាមនុស្សដែលប៉ាស្រលាញ់ជាទីបំផុត។ ប៉ាពិតជាមិនដាច់ចិត្តឃ្លាតឆ្ងាយពីកូនសំលាញ់ទេ តែប៉ាមិនអាចធ្វើដំណើរទៅមុខតទៅទៀតទេ ខណៈដែលសុខភាពប៉ាចាប់ផ្តើមចុះខ្សោយបន្តិចម្តងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ ដួងវិញ្ញាណប៉ា នឹងនៅតាមថែរក្សាកូនជានិច្ច។ ប៉ាលាកូនសម្លាញ់ហើយ លាទាំងក្តីស្រណោះអាឡោះអាល័យ ជាមួយតំណក់ទឹកភ្នែករាប់សែនលានតំណក់។ សូមកូនប្រកបដោយសុខភាពល្អ មានប្រាជ្ញាឆ្លាតវៃ និងសម្រេចអ្វីៗតាមបំណងប្រាថ្នារបស់កូន។

មកដល់លោកឪពុកអ្នកម្តាយ ដែលជាអ្នកមានគុណទាំងពីរ ៖ ពេលលោកមានគុណទាំង២ បានអានលិខិតនេះ រូបកូនបានឃ្លាតឆ្ងាយពីលោកទាំងទ្វេ គ្មានថ្ងៃត្រឡប់ទេ។ កូនសូមអរគុណដល់លោកទាំងពីរដែលផ្តល់កំណើតដល់កូន និងខិតខំធ្វើការរកស៊ីទំនុកបម្រុងទៅលើការសិក្សារបស់កូនកន្លងមក ដោយមិនគិតពីភាពនឿយហត់។ កូនពិតជាពិបាកទាំងកាយនិងចិត្ត មិនអាចបន្តដំណើរមុខបានទៀតទេ។ កូនមិនបានតបស្នងសងគុណអ្នកទាំងពីរទៀតទេ។ សូមលោកឪពុកអ្នកម្តាយកុំពិបាកចិត្ត សូមលោកទាំងទ្វេ ប្រកបដោយសុខភាពល្អ និងអាយុយឺនយូរ។

មកដល់លោកឪពុកក្មេក និងម្តាយក្មេក ៖ លោកទាំងពីរពិតជាល្អខ្លាំងណាស់ ឱ្យកូនសូមទោសដែលកូនមិនិអាចមើលថែប្រពន្ធរបស់ខ្ញុំ និងកូនតទៅទៀត កូនគ្មានសង្ឃឹមទេ កូនពិបាកក្នុងខ្លួនណាស់ សូមលោកអ្នកមានគុណទាំងពីរជួយមើលថែប្រពន្ធនិងកូនខ្ញុំផង។ សូមលោកមានគុណ មានសុខភាពល្អ។

មកដល់បងស្រី និងប្អូនប្រុសទាំង៣នាក់ ៖ ខ្ញុំមានសំណាងដែលមានបងប្អូនទាំងអស់ ខ្ញុំសូមលាអ្នកទាំងអស់គ្នាហើយ។

មកដល់ប្អូនរិទ្ធី និងណុច ៖ សូមប្អូនជួយមើលថែបងស្រី និងក្មួយជំនួសបងផង ពេលក្មួយឈឺថ្កាត់ សូមប្អូនជួយមើលថែព្យាបាលផង។

មកដល់បងជី និងបងតាន់ ៖ សូមបងទាំងពីមើលថែប្រពន្ធ និងកូនខ្ញុំផង។

ប្រពន្ធសម្លាញ់ ឱ្យបងសុំទោសដែលបងលាអូនដោយមិនប្រាប់អូនជាមុន បងពិបាកក្នុងខ្លួនណាស់ មិនអាចធ្វើដំណើរតទៅមុខទៀតបានទេ។ សូមអូនកុំពិបាកចិត្ត ហើយត្រូវរស់នៅដោយរីករាយ។ បងមិនអាចស៊ូទ្រាំតទៅទៀតបានទេ។ បងលាអូនុ និងកូន ជាមួយភាពអាឡោះអាល័យ និងទឹកភ្នែករាប់លានដំណក់។ បងស្តាយណាស់ដែលវាសនាចារមកឱ្យបងនិងអូន និងកូន បានជួបគ្នាត្រឹមនេះ។ កុំព្យាយាមបន្តការព្យាបាលអី វាគ្មានប្រយោជន៍ទេ បងដឹងខ្លួនឯងច្បាស់ណាស់ បងលាហើយ សូមអូនថែខ្លួន និងមើលកូនយើងឱ្យបានល្អផង។ ហ៊ឺៗៗៗៗៗៗ

សំគាល់ ៖ ការស្លាប់របស់ខ្ញុំ គឺជាការធ្វើអត្តឃាតដោយរោគា មិនអាចព្យាបាលបាន…។

បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យសពរួច និងយោងទៅលើលិខិតបណ្តាំទាំង៥សន្លឹកខាងលើ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើខ្សែចងកភ្ជាប់នឹងឥដ្ឋខ្យល់ក្នុងផ្ទះ បណ្តាលឱ្យដាច់ខ្យល់ស្លាប់។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES