Monday, October 6, 2025
Homeព័ត៌មានជាតិកម្មករ១ក្រុមនាំគ្នាផឹកស្រវឹង ផ្ទុះជម្លោះ សន្តិសុខដេញចេញក្រៅ ចាក់គ្នាធ្លាយពោះ

កម្មករ១ក្រុមនាំគ្នាផឹកស្រវឹង ផ្ទុះជម្លោះ សន្តិសុខដេញចេញក្រៅ ចាក់គ្នាធ្លាយពោះ

ភ្នំពេញ ៖ កម្មករសំណង់១ក្រុម មានគ្នា៥ទៅ៦នាក់ ឆ្លៀតពេលសម្រាកពីការងារ ក៏ជួបជុំគ្នាផឹកស៊ីរហូតដល់ស្រវឹងជោកជាំ ស្រាប់តែកើតមានជំលោះតឹងសរសៃកដាក់គ្នា រហូតភាគីម្ខាងទប់កំហឹងមិនបាន ក៏ប្រើវត្ថុមុតស្រួចចាក់ប្រហារគូទំនាស់ បណ្តាលឱ្យធ្លាយពោះវៀនចេញមកក្រៅរងរបួសយ៉ាងធ្ងន់ រួចរត់គេចខ្លួនចោលម៉ូតូ១គ្រឿងនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង៤និង៤៥នាទីរសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចការដ្ឋានសំណង់ផ្ទះល្វែងលេខ២៦ ផ្លូវលេខ៦៧  ខាងលិចផ្សារថ្មី ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានក្រុមកម្មករសំណង់មួយក្រុមដែលមានគ្នាប្រមាណជា៥ទៅ៦នាក់ បាននាំគ្នាផឹកស៊ីនៅក្នុងការដ្ឋានសំណង់ផ្ទះល្វែងមួយកន្លែងខាងលើ។ លុះក្រោយមក បន្ទាប់ពីផឹកស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏ស្រាប់តែមានការឈ្លោះប្រកែកគ្នា តែត្រូវបានអ្នកមើលការខុសត្រូវក្នុងការដ្ឋានដេញឱ្យពួកគេចេញពីក្នុងការដ្ឋានទៅខាងក្រៅ។

ប្រភពដដែលបន្តថា បន្ទាប់ពីអ្នកមើលការខុសនៅក្នុងការដ្ឋានសំណង់ផ្ទះល្វែងខាងលើដេញឱ្យចេញទៅក្រៅ ដល់ខាងមុខនោះ ក៏ស្រាប់តែជនដៃដល់បានយកវត្ថុរឹងចុងស្រួចចំនួនមួយដើម ដោយមិនដឹងថាជាកាំបិត ឬក៏ដែកចុងស្រួចអ្វីឡើយ ទៅចាក់ជនរងគ្រោះជាកម្មករសំណង់ បណ្តាលឱ្យចំពោះធ្លាយពោះវៀនចេញមកខាងក្រៅរងរបួសយ៉ាងធ្ងន់ ប្រកាច់ដួលទៅលើដី។ បន្ទាប់ពីចាក់ប្រហារជនរងគ្រោះឱ្យធ្លាយពោះហើយ ជនដៃដល់បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកម៉ូតូ១គ្រឿង ម៉ាកស៊ុយស៊ូគីស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1E-1290 នៅនឹងកន្លែងកើតហេតុ។

ពាក់ព័ន្ធទៅនឹងករណីកម្មករសំណង់ចាក់គ្នាបណ្តាលឱ្យបុរសម្នាក់ធ្លាយពោះវៀននេះ គឺកើតឡើងនៅក្នុងវង់ផឹកស៊ី ដោយមិនដឹងថាពួកគេមានជម្លោះអ្វីនឹងគ្នាឡើយ ហើយទាំងជនរងគ្រោះ និងជនដៃដល់ មិនត្រូវបានអ្នកណាម្នាក់ស្គាល់អត្តសញ្ញាណនោះទេ ព្រោះពួកគេសុទ្ធតែជាកម្មករសំណង់ចំណូលថ្មី ដោយទើបតែចូលមកធ្វើការងារនៅក្នុងការដ្ឋានសំណង់ខាងលើប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ហើយក៏បានហៅរថយន្តសង្គ្រោះមកដឹកយកជនរងគ្រោះ ទៅធ្វើកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះជីវិត។ ចំណែកម៉ូតូម៉ាកស៊ុយស៊ូគីស្មាស់ ដែលជនដៃដល់បានបន្សល់ទុកនៅកន្លែងកើតហេតុ សមត្ថកិច្ចបានអូសយកទៅរក្សាទុកនៅនគរបាលប៉ុស្តិ៍ផ្សារថ្មីទី២ និងកំពុងតែធ្វើការស្រាវជ្រាវរកចាប់ខ្លូនបុរសជាជនដៃដល់យកមកធ្វើការផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES