ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ បានកើតមានទំនាស់ខ្វែងគំនិតគ្នា និងឈានដល់អំពើហិង្សាជាញឹកញាប់ រហូតដល់ភាគីប្រពន្ធទ្រាំមិនបាន ក៏សម្រេចចិត្តចុះចោលផ្ទះ មកស្នាក់នៅជាមួយសាច់ញាតិ ខំរៀនជំនាញអ៊ុតសក់ គ្រាន់ជាដើមទុនប្រកបរបររកស៊ីចិញ្ចឹមជីវិត ប៉ុន្តែបុរសជាប្តីមិនដាច់អាល័យ ក៏តាមអង្វរហៅប្រពន្ធឱ្យត្រឡប់ទៅផ្ទះរួមរស់ជុំគ្នាវិញ លុះតាមអង្វរអស់ចិត្ត ប្រពន្ធនៅតែប្រកាន់ជំហររឹងរូស មិនព្រមទៅជាមួយ ស្រាប់តែបុរសជាប្តីផ្ទុះកំហឹង ស្ទុះទៅទះកំផ្លៀងប្រពន្ធនៅចំពោះមុខសាច់ញាតិរបស់ខាងស្រី បង្កឱ្យមានការភ្ញាក់ផ្អើលប្តឹងរាយការណ៍សុំអន្តរាគមន៍ពីកម្លាំងអាវុធហត្ថ ចុះឃាត់ខ្លួនបុរសជាប្តីទៅសាកសួរ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួល តាមផ្លូវ១៩៦៦p ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
បុរសដែលប្រើហិង្សាទះប្រពន្ធ១កំផ្លៀង រហូតត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន មានឈ្មោះសុខ ផាន់រ៉ា អាយុ៣១ឆ្នាំ មុខរបរជាងកាត់សក់ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ចំណែកភាគីស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះសៀវ ម៉ី អាយុ១៩ឆ្នាំ កំពុងរៀនជំនាញអ៊ុតសក់ និងស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើជាមួយសាច់ញាតិ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលស្ត្រីរងគ្រាះជាប្រពន្ធកំពុងរៀនអ៊ុតសក់នៅទីតាំងកើតហេតុខាងលើសុខៗ ស្រាប់តែលេចមុខបុរសជាប្តីបានមកដល់ ដោយតាមអង្វរប្រពន្ធឱ្យត្រឡប់ទៅផ្ទះវិញ ខណៈដែលស្ត្រីជាប្រពន្ធបានចុះចេញពីផ្ទះ ចោលប្តីនិងកូនប្រុសតូចអាយុជាង១ខួបមួយរយៈមកហើយ តែទោះជាបុរសជាប្តីប្រឹងអង្វរលួងលោមយ៉ាងណា ក៏ស្ត្រីជាប្រពន្ធប្រកែកមិនព្រមទៅជាមួយប្តីដាច់ខាត រហូតដល់បុរសជាប្តីផ្ទុះកំហឹងស្ទុះទៅទះប្រពន្ធ១កំផ្លៀង នៅចំពោះមុខបងប្អូនសាច់ញាតិខាងស្រី ទើបធ្វើឱ្យបងប្អូនស្ត្រីរងគ្រោះជាប្រពន្ធ សម្រេចប្តឹងកម្លាំងអាវុធហត្ថមូលដ្ឋានឱ្យចុះទៅនាំខ្លួនបុរសខាងលើយកមកធ្វើការសាកសួរតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ស្ត្រីរងគ្រោះជាប្រពន្ធបានរៀបរាប់ប្រាប់ថា តាមពិតពួកគេទាំង២នាក់រួមរស់នឹងគ្នាជាប្តីប្រពន្ធ ដោយមិនបានរៀបការតាមប្រពៃណីទេ ហើយដំបូងឡើយរស់នៅចុះសម្រុងគ្នាល្អណាស់ ទើបតែមួយរយៈចុងក្រោយនេះមិនដឹងជាយ៉ាងម៉េច ប្តីចេះតែរករឿងប្រចណ្ឌហួងហែងនាងខុសរឿង រហូតដល់ប្រើអំពើហិង្សាវាយធ្វើបាបនាងជាច្រើនដង តាំងតែកូននាងនៅក្នុងផ្ទៃមកម៉្លេះ តែពេលនោះនាងចេះតែទ្រាំទៅ ធ្វើម្តេចជាប្តីប្រពន្ធទៅហើយ។
ស្ត្រីរងគ្រោះ បន្តថា លុះមួយខែចុងក្រោយនេះ ដោយការរស់នៅចេះតែរកាំរកូសមិនស្វាង ទើបនាងសម្រេចសុំប្តីមករស់នៅជាមួយបងប្អូន ដើម្បីរៀនជំនាញអ៊ុតសក់ មួយរយៈ ក្រែងបានធូរស្រាលវិញ ហើយពេលដែលនាងចុះចេញមក ប្តីរបស់នាងបានស្តីបណ្តេញ ព្រមទាំងបោះសម្លៀកបំពាក់នាងចោលក្រៅផ្ទះទៀតផង ដោយនិយាយចំអកឱ្យនាងថា ចេញទៅរស់នៅខាងក្រៅបានប៉ុន្មានខ្យល់ទៀតផង។ ស្រាប់តែមកដល់ថ្ងៃកើតហេតុ មិនឃើញនាងត្រឡប់ទៅផ្ទះវិញ បុរសជាប្តីក៏លេចមុខមករករឿងនាង ព្រមទាំងប្រើហិង្សាទះនាង១កំផ្លៀងនៅមុខសាច់ញាតិ បងប្អូននាងទៀតផង ទើបបងប្អូនខឹងប្តឹងសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយអន្តរាគមន៍តែម្តង។
សមត្ថកិច្ចបានបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីហិង្សាខាងលើនេះ ភាគីខាងប្រពន្ធបានសំណូមពរដល់សមត្ថកិច្ច ដោយប្តឹងបុរសជាប្តីដែលប្រើហិង្សាមកលើនាង ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ព្រមទាំងទាមទារជម្ងឺចិត្តចំនួន១.០០០ដុល្លារទៀតផង។
បច្ចុប្បន្នជនបង្កខាងលើ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌសែនសុខ កំពុងធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕