Monday, October 6, 2025
Homeព័ត៌មានជាតិខ្លាំងណាស់!!! កាប់រយះក្បាលដេរ២៧ថ្នេរ ក្នុងជម្លោះផឹកសុីរបស់កម្មករសំណង់

ខ្លាំងណាស់!!! កាប់រយះក្បាលដេរ២៧ថ្នេរ ក្នុងជម្លោះផឹកសុីរបស់កម្មករសំណង់

ភ្នំពេញ ៖ បុរសជាកម្មករសំណង់២នាក់ ក្រោយពីផឹកស៊ីជុំគ្នាស្រវឹងធ្លាក់ភ្នែក ក៏កើតមានទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នា រហូតធ្វើឱ្យភាគីម្ខាងទប់ចិត្តមិនបាន ក៏ទាញដាវកាប់ប្រហារគូទំនាស់ បណ្តាលឱ្យរយះក្បាលដេរ២៧ថ្នេរ រងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចក្រុមហ៊ុនជីបម៉ុង ក្រុមទី៧ ភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ។

ជនសង្ស័យដែលផឹកស៊ីស្រវឹងកាប់ប្រហារគូទំនាស់រយៈក្បាល មានឈ្មោះលៀប ទ្បុង អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅទីតាំងកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះដួង ចាន់ទី អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ដូចគ្នា ស្នាក់នៅក្នុងទីតាំងកើតហេតុខាងលើជាមួយគ្នា រងរបួសធ្ងន់រយះក្បាលដេរ២៧ថ្នេរ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្រោយពីចប់ម៉ោងការងារ គេឃើញជនរងគ្រោះ និងជនសង្ស័យបានអង្គុយផឹកស៊ីជុំគ្នានៅចំណុចកើតហេតុខាងលើ។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ស្រាប់តែអ្នកទាំង២ បានកើតមានជម្លោះពាក្យសម្តីតឹងសរសៃកដាក់គ្នា រហូតឈានដល់ការផ្ទុះហិង្សា ដោយជនដៃដល់បានស្ទុះទៅទាញដាវមកកាប់ប្រហារទៅលើជនរងគ្រោះចំក្បាល បណ្តាលឱ្យរងរបួសធ្ងន់ហូរឈាមស្រោចពេញខ្លួន។

ក្រោយកើតហេតុ មិត្តភក្តិរួមការងារបាននាំគ្នាចូលឃាត់ បំបែកអ្នកទាំងពីរចេញពីគ្នា រួចប្រញាប់ដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួស និងត្រូវក្រុមគ្រូពេទ្យដេរមុខរបួសចំនួន២៧ថ្នេរ។

ចំណែកជនសង្ស័យ ត្រូវបានកម្លាំងនគរបាលខណ្ឌនិងប៉ុស្តិ៍ ចុះឃាត់ខ្លួនបញ្ជូនកាន់ប៉ុស្តិ៍នគរបាលច្រាំងចំរេះ២ ដើម្បីសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES