ភ្នំពេញ ៖ បុរសម្នាក់ព្រោះតែខឹងសម្បានឹងប្អូនប្រុសស្តីបន្ទោសតិចតួច ក៏ច្រឡោតខឹងទាញច្រវាក់វាយប្អូនបណ្តាលឱ្យបែកក្បាល ឃើញបែបនេះ បុរសជាឪពុកក៏ចូលទៅឃាត់ ស្រាប់តែត្រូវកូនប្រុសកំពុងពុលកំហឹងរូបនេះ ទាញកាំបិតប៉័ងតោមកគំរាមកាប់ទាំងឪពុកបង្កើតខ្លួនឯងទៀត លុះសមត្ថកិច្ចចុះអន្តរាគមន៍ ស្រាប់តែបុរសខាងលើ មិនព្រមស្តាប់ថែមទាំងប៉ុនប៉ងកាប់ទាំងសមត្ថកិច្ចទៀត ទីបំផុត ក៏ត្រូវសមត្ថកិច្ចច្ចាប់វាយខ្នោះបញ្ជូនទៅសាកសួរ។
ករណីបុរសចិត្តក្តៅវ៉ៃប្អូនប្រុសបែកក្បាល រួចគំរាមកាប់ឪពុកបង្កើត និងសមត្ថកិច្ចនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ១៨២ ចំណុចទីតាំងលក់ផ្កាក្បែរវត្តព្រះពុទ្ធមានបុណ្យ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
ជនបង្កដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះកុយ សុខរេន អាយុជាង៣០ឆ្នាំ ស្នាក់នៅតូបលក់ផ្កាលេខ១០ ផ្លូវ១៨២ សង្កាត់វាលវង់ ខណ្ឌ៧មករា។
តាមសម្តីបុរសរងគ្រោះជាឪពុក ដែលសុំមិនបញ្ចោញឈ្មោះ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ម្នាក់នេះ (ជនបង្ក) មិនមានការងារអ្វីធ្វើឱ្យច្បាស់លាស់នោះទេ និងចូលចិត្តដើរហើរសេរី មិនសូវជួយធ្វើការងាររកស៊ីក្រុមគ្រួសារទេ មិនតែប៉ុណ្ណោះ ថែមទាំងមានចរិតឆេវឆាវ កោងកាច ចូលចិត្តបង្ករឿងអុកឡុកក្រុមគ្រួសារមិនឈប់។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនបង្កដែលត្រូវជាកូនប្រុសបង្កើតរបស់គាត់ បានជិះម៉ូតូចេញទៅក្រៅបាត់មួយសន្ទុះ ក៏ត្រឡប់មកវិញ និងត្រូវប្អូនប្រុសបង្កើតស្តីបន្ទោសថា អាអែងអត់បានការទេ ជិះតែម៉ូតូទៅមកៗ ស្រាប់តែភ្លាមនោះ ជនបង្កជាបងប្រុសង្កើត ខឹងថាប្អូនសោះចេះស្តីប្រដៅរូបគេជាបង ក៏ស្ទុះទៅទាញយកសោច្រវាក់ចាក់ម៉ូតូមកវ៉ៃ បណ្តាលឱ្យប្អូនប្រុសបង្កើតរងរបួសបែកក្បាលហូរឈាមស្រោចខ្លួន។ ឃើញបែបនេះ គាត់ជាឪពុកក៏ចូលទៅឃាត់ កុំឱ្យវ៉ៃគ្នា ស្រាប់តែកូនប្រុសអកតញ្ញូរូបនេះ មិនព្រមស្តាប់បែរជាទាញកាំបិតប៉័ងតោ កាន់ជាប់នឹងដៃ រួចនិយាយគំរាមគាត់ជាឪពុកថា ក្បាល១កាំបិតអីឡូវនឹង ជាហេតុធ្វើឱ្យគាត់ទ្រាំមិនបាន ក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍តែម្តង។
ប្រភពខាងលើបញ្ជាក់ថា នៅពេលដែលសមត្ថកិច្ចអន្តរាគមន៍ខណ្ឌ៧មករា ចុះមកដល់ទីតាំងកើតហេតុ ជនបង្កមិនត្រឹមតែមិនខ្លាចញញើតប៉ុណ្ណោះទេ ថែមទាំងគំរាមកាប់ទាំងសមត្ថកិច្ចទៀតផង ទើបលោកអធិការខណ្ឌ៧មករា បានចេញបញ្ជាឱ្យចាប់វ៉ៃខ្នោះជនបង្ករូបនោះ នាំយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា តែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនបង្កបានសារភាពថា នៅមុនពេលកើតហេតុ ពេលដែលផ្ទុះហេតុការណ៍នេះឡើង គឺរូបគេពិតជាបានទាញសោច្រវាក់វាយក្បាលប្អូនប្រុសមែន ព្រោះតែខឹងនឹងប្អូនប្រុសថ្លើមធំហ៊ានស្តីបន្ទោសរូបគេជាបងបង្កើត។ យ៉ាងណា រូបគេមិនបានរកកាប់ឪពុកបង្កើតខ្លួនឯងនោះទេ ហើយក៏មិនបានរកវ៉ៃសមត្ថកិច្ចដែរ ប៉ុន្តែសមត្ថកិច្ចប្រាប់ថា រូបគេចង់រកវ៉ៃសមត្ថកិច្ចទៅវិញ។
ក្រោយពេលកើតហេតុ ជនរងគ្រោះដែលត្រូវជាប្អូនបង្កើតមិនបានទៅដាក់ពាក្យបណ្តឹងនោះទេ គ្រាន់តែស្នើសុំឱ្យសមត្ថកិច្ចជួយធ្វើការអប់រំណែនាំ និងឱ្យបងប្រុសចិត្តក្តៅនេះ ធ្វើកិច្ចសន្យាបញ្ឈប់អំពើហិង្សាក្នុងគ្រួសារទៀតប៉ុណ្ណោះ៕