ភ្នំពេញ ៖ បុរសម្នាក់ខំសន្សំលុយញាត់ចូលកូនជ្រូកជារៀងរាល់ថ្ងៃ អស់រយៈពេលជាង៣ខែ គិតជាទឹកប្រាក់បានប្រមាណជាង១ពាន់ដុល្លារ លុះត្រូវការប្រើប្រាស់លុយ យកកូនជ្រូកមកបោក ស្រាប់តែប្រទះឃើញនៅសល់លុយតែ៤០ដុល្លារប៉ុណ្ណោះ លុះសួរនាំចុះឡើង ទើបបែកធ្លាយដឹងរឿងថា អ្នកបំរើក្នុងផ្ទះជាអ្នកលួចឆ្កឹះយកជារៀងរាល់ថ្ងៃ ធ្វើឱ្យជនរងគ្រោះកើតទុក្ខមិនសុខចិត្តិ ក៏នាំស្ត្រីជាអ្នកបម្រើមកប្រគល់ឱ្យសមត្ថកិច្ចសួរនាំ។
ហេតុការណ៍បោកកូនជ្រូកអត់ឃើញលុយ ព្រោះត្រូវអ្នកបម្រើលួចឆ្កឹះយកម៉ត់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធាត្រ ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវបេតុង នៅចំណុចភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
ជនរងគ្រោះមានឈ្មោះអាម៉ឺប ឡាំពី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មុខរបរអ្នកលក់ដូរ ស្នាក់នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ ចំណែកជនសង្ស័យមានឈ្មោះគង់ ស្រីពៅ ភេទស្រី អាយុ២៦ឆ្នាំ ជាអ្នកបម្រើធ្វើការ និងស្នាក់នៅក្នុងផ្ទះរបស់ជនរងគ្រោះ និងមានស្រុកកំណើតនៅភូមិកំពង់ស្តី ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម។
តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់ខំសន្សំលុយញាត់កូនជ្រូក ក្នុង១ថ្ងៃ ២០ដុល្លារ ថ្ងៃខ្លះ៣០ដុល្លារក៏មាន អាស្រ័យទៅតាមប្រាក់ចំណូលប្រចាំថ្ងៃរបស់គាត់ រកបានតិចឬច្រើន។ បន្ទាប់ពីគាត់សន្សំលុយក្នុងកូនជ្រូក បានរយៈពេលប្រមាណ៣ខែរួចមក បើគិតជាទឹកប្រាក់ទៅ មានចំនួនប្រមាណជិត១៥០០ដុល្លារឯណោះ លុះមកដល់វេលាថ្ងៃត្រង់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ គាត់គិតថាយកកូនជ្រូកមកបោកដើម្បីយកលុយទៅប្រើប្រាស់ ស្រាប់តែពេលដែលបោកកូនជ្រូកទៅ ឃើញសល់លុយតែ៤០ដុល្លារប៉ុណ្ណោះ ទើបគាត់មានការសង្ស័យទៅលើអ្នកបម្រើដែលទើបតែមកធ្វើការបានតែ១ខែសោះ សុំទៅផ្ទះ ប៉ុន្តែបងប្អូនស្រីរបស់គាត់បានប្រាប់ថា កុំទាន់អាលទៅផ្ទះ ចាំគាត់មកពីខេត្តសៀមរាបវិញ ចាំត្រឡប់ទៅផ្ទះចុះ លុះក្រោយមក ពួកគាត់បានពិភាក្សាគ្នា និងបានទៅឆែកឆេរក្នុងកាបូប និងកន្លែងរបស់ស្ត្រីជាអ្នកបម្រើនោះដេក ក៏ស្រាប់តែប្រទះឃើញលុយជាង៦៩ម៉ឺនរៀល និងខ្សែក ចិញ្ចៀន ទើបឃាត់ខ្លួនស្ត្រីរូបនោះយកមកប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ឬស្សីកែវ ដើម្បីសួរនាំនិងស្រាវជ្រាវតែម្តង។
ជនរងគ្រោះបានបញ្ជាក់ថា ជនសង្ស័យនេះបានធ្វើសកម្មភាពលួចឆ្កឹះយកលុយចេញពីកូនក្នុងជ្រូកដែលគាត់សន្សំលុយនេះម្តងបន្តិចៗ ជារៀងរាល់ថ្ងៃ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ឬស្សីកែវ ដើម្បីឱ្យសមត្ថកិច្ចចាត់ការទៅលើស្ត្រីសង្ស័យ តាមនីតិវិធី៕