ភ្នំពេញ ៖ យុវជនម្នាក់ រួមនឹងមិត្តភក្តិ២នាក់ បានជិះម៉ូតូដឹកគ្នាចេញទៅរកកន្លែងផឹកទឹកត្នោតជូរ លុះទៅជិតដល់កន្លែងផឹកស៊ី ក៏ត្រូវជនសង្ស័យមួយក្រុម បានស្ទាក់វាយប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
យុវជនរងគ្រោះដែលត្រូវក្រុមចោរស្ទាក់វ៉ៃប្លន់ម៉ូតូ មានឈ្មោះពៅ តុលា អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិប្រហែក ឃុំសុភី ស្រុកបាទី ខេត្តតាកែវ។ ចំណែកមិតភក្តិ២នាក់ ដែលរួមដំណើរជាមួយគ្នា មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ ដោយឡែក ម៉ូតូដែលជនសង្ស័យប្លន់យកទៅបាត់នោះ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GL -7407។ រីឯក្រុមជនសង្ស័យជាចោរប្លន់ មានគ្នា៦នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ២គ្រឿង មិនចាំម៉ាក និងស្លាកលេខ។
តាមសម្តីយុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគេទើបនឹងត្រូវបានថៅកែ តៃអៀថ្មីៗមុនចូលឆ្នាំចិន ក៏បបួលមិត្តភក្តិ២នាក់ទៀត ចេញទៅរកកន្លែងផឹកស៊ី នៅម្តុំបុរីសែនមនោរម្យ ពេលនោះរូបគេនិងមិត្តភក្តិ២នាក់ទៀត បាននាំគ្នាជិះម៉ូតូចេញពីកន្លែងរោងចក្រផលិតទុយោ នៅភូមិត្រពាំងត្រប សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ ទៅផឹកស៊ីនៅម្តុំបុរីសែនមនោរម្យ លុះដឹកមិត្តភក្តិមកដល់កន្លែងលក់ទឹកត្នោតជូរជិតបុរីសែនមនោរម្យ ស្រាប់តែលេចមុខជនសង្ស័យប្រមាណ៦នាក់ ជិះម៉ូតូ២គ្រឿង មិនចាំម៉ាក និងស្លាកលេខ បានឈប់ម៉ូតូស្ទាក់ពីមុខ ហើយវាយទៅលើរូបគេដោយដៃនិងដំបង ជាហេតុធ្វើឱ្យរូបគេភ័យខ្លាចក្រុមជនដៃដល់វ៉ៃស្លាប់ ក៏រត់ចោលម៉ូតូ បន្ទាប់មកបក្សពួកជនសង្ស័យបានលើកម៉ូតូរបស់គេជិះគេចខ្លួនបាត់ភ្លាមៗ ទើបធ្វើឱ្យរូបគេប្រឹងស្រែកឆោឡោហៅឱ្យគេឯងជួយដែរ តែមិនមាននរណាម្នាក់ចេញមកជួយឡើយ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូឌុបទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក ដើម្បីឱ្យជួយអន្តរាគមន៍តាមស្រាវជ្រាវ ឃាត់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕