Monday, October 6, 2025
Homeព័ត៌មានជាតិជាប់ឃុំ២០ថ្ងៃ រួចខ្លួន!!! ប៉ូលិសបង្ក្រាបបញ្ជល់មាន់ ផ្ទុះអាវុធស្លាប់កម្មកររោងចក្រ

ជាប់ឃុំ២០ថ្ងៃ រួចខ្លួន!!! ប៉ូលិសបង្ក្រាបបញ្ជល់មាន់ ផ្ទុះអាវុធស្លាប់កម្មកររោងចក្រ

ភ្នំពេញ ៖ មន្ត្រីនគរបាលមួយរូប ដែលបានផ្ទុះអាវុធ បណ្តាលឱ្យបុរសម្នាក់ធ្លាយបំពង់កស្លាប់ នៅក្នុងប្រតិបត្តិការបង្ក្រាបសង្វៀនបញ្ជល់មាន់មួយកន្លែង ស្ថិតនៅខាងក្រោយផ្សារកាណាស៊ីធី ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ កន្លងទៅ ត្រូវបានតុលាការសម្រេចដោះលែងឱ្យមានសេរីភាពវិញហើយ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

មន្ត្រីនគរបាលដែលបង្កការផ្ទុះអាវុធបណ្តាលឱ្យបុរសម្នាក់ស្លាប់ និងត្រូវបានតុលាការសម្រេចដោះលែង មានឈ្មោះចន វីរៈ មានឋានន្តរស័ក្តិអនុសេនីយ៍ត្រី បម្រើការនៅផ្នែកអន្តរាគមន៍នៃអធិដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីមន្ត្រីតុលាការ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ លោករស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះនៃសាលាដំបូង រាជធានីភ្នំពេញ បានបើកសវនាការរឿងក្តី មន្ត្រីនគរបាលឈ្មោះចន វីរៈ ដែលបានផ្ទុះអាវុធចំនួន៤គ្រាប់ បណ្តាលឱ្យត្រូវចំបំពង់កបុរសម្នាក់ដែលកំពុងឈរលើផ្ទះជាន់ទី៣បណ្តាលឱ្យស្លាប់ និងបានប្រកាសសាលក្រមភ្លាមតែម្តង ដោយពុំបង្អង់ឡើយ។

ខ្លឹមសារនៃសាលក្រម គឺសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះចន វីរៈ ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ តែទោសនេះត្រូវព្យួរទាំងអស់ ក្រោមការចោទប្រកាន់ពីបទ “មនុស្សឃាតដោយអចេតនា” តាមមាត្រា២០៧នៃក្រមព្រហ្មទណ្ឌ។

តាមមន្ត្រីតុលាការបានពន្យល់ថា ក្នុងករណីនេះ ជនជាប់ចោទឈ្មោះ ចន វីរៈ គ្មានជាប់បទល្មើសផ្សេងទៀតទេ ហើយជននេះនឹងត្រូវដោះលែងឱ្យមានសេរីភាពឡើងវិញ ក្រោយជាប់ឃុំត្រឹម២០ថ្ងៃប៉ុណ្ណោះ។

គួររំលឹកថា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ មានករណីសមត្ថកិច្ចផ្ទុះអាវុធបង្ក្រាបសង្វៀនបញ្ជល់មាន់មួយកន្លែង បែរជាបង្កឱ្យមនុស្សម្នាក់ស្លាប់ នៅចំណុចខាងក្រោយផ្សារកាណាស៊ីធី ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ដោយបុរសម្នាក់កំពុងឈរលើផ្ទះជួលរបស់ខ្លួនមើលគេជល់មាន់នៅខាងក្រោម ស្រាប់តែបន្តិចក្រោយមក សមត្ថកិច្ចបានចុះបង្ក្រាបនិងផ្ទុះអាវុធចំនួន៤គ្រាប់ តែមិនដឹងជាយ៉ាងម៉េច គ្រាប់កាំភ្លើងបានត្រូវចំបំពង់ករបស់ជនរងគ្រោះដែលកំពុងឈរលើផ្ទះជាន់ទី៣ បណ្តាលឱ្យរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់ ក្រោយពីដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ ជាហេតុធ្វើឱ្យប្រពន្ធជនរងគ្រោះកើតទុក្ខមិនសុខចិត្ត ទាមទារឱ្យមានការទទួលខុសត្រូវចំពោះការស្លាប់របស់ប្តីនាង។

បុរសរងគ្រោះដែលត្រូវគ្រាប់កាំភ្លើងស្លាប់  ក្នុងហេតុការណ៍ខាងលើមានឈ្មោះឈៀក រ៉ន អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិសែនអោក ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ មានប្រពន្ធឈ្មោះនុប ផាន្នី អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ។ ប្តីប្រពន្ធអ្នកទាំង២ មានកូនប្រុសស្រី២នាក់ក្នុងបន្ទុក និងស្នាក់នៅផ្ទះជួលជាន់ទី៣ ស្ថិតនៅទីតាំងកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ទីតាំងខាងលើតែងបើកលេងល្បែងស៊ីសងរាល់ថ្ងៃ មានទាំងអាប៉ោងបៀជល់មាន់ ហើយនៅព្រឹកថ្ងៃកើតហេតុ ខណៈដែលក្រុមអ្នកញៀនល្បែងកំពុងជុំគ្នាបញ្ជល់មាន់ភ្នាល់ដាក់លុយដូចសព្វដង ស្រាប់តែមានកម្លាំងសមត្ថកិច្ចជាច្រើននាក់ តែមិនច្បាស់ថាកម្លាំងមកពីខាងណានោះទេ បានចុះទៅបង្ក្រាបទីតាំងល្បែងខាងលើ ព្រមទាំងមានការផ្ទុះអាវុធចំនួន៤គ្រាប់ទៀតផង ជាហេតុធ្វើឱ្យអ្នកលេងល្បែងទាំងនោះ បានរត់ចែកជើងគ្នា។

 

ប្រភពដដែលបន្តថា នៅមុនពេលដែលសមត្ថកិច្ចចុះទៅបង្ក្រាបនោះជនរងគ្រោះខាងលើ ដែលស្នាក់នៅផ្ទះជួលជាន់ទី៣ ក្បែរទីតាំងសង្វៀនមាន់ ក៏បានឈរនៅខាងមុខបន្ទប់ជួលរបស់ខ្លួនមើលគេលេងជល់មាន់នោះដែរ ដោយមិនហ៊ានចុះមកមើលផ្ទាល់ទេ ខ្លាចមានបញ្ហាពេលប៉ូលិសចុះបង្ក្រាប ដឹងអី! ស្រាប់តែពេលសមត្ថកិច្ចចុះបង្ក្រាប និងមានការផ្ទុះអាវុធផងនោះ ស្រាប់តែគ្រាប់កាំភ្លើងបែរជាហោះទៅបុកទម្លុះចំបំពង់ករបស់ជនរងគ្រោះដែលកំពុងឈរអើតមើលពីជាន់ទី៣ បណ្តាលរងរបួសធ្ងន់ ហើយភ្លាមៗនោះ ត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះជីវិតដែរ តែពេលទៅដល់ គ្រូពេទ្យពិនិត្យរួចប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធជនរងគ្រោះ បានស្រែកទ្រហោយំថា “ខ្ញុំមិនសុខចិត្តទេ ឱ្យខ្ញុំធ្វើអីក៏ខ្ញុំព្រមដែរ ឱ្យតែប្តីខ្ញុំរស់វិញ ប្តីខ្ញុំនៅសុខៗ ហេតុអីគេមកបាញ់ប្តីខ្ញុំ…”។ ជាមួយនេះស្ត្រីជាប្រពន្ធ រួមនឹងក្រុមគ្រួសារសពបានទាមទារឱ្យសមត្ថកិច្ចជំនាញ ស្រាវជ្រាវវែកមុខជនបង្កហេតុដែលបាញ់បណ្តាលឱ្យជនរងគ្រោះ ស្លាប់ទាំងមិនដឹងរឿងអ្វី និងមិនមានកំហុសអ្វីទាល់តែសោះ។ យ៉ាងណា ក្រោយកើតហេតុ សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនមន្ត្រីនគរបាលមួយរូប ដែលបង្កការផ្ទុះអាវុធបណ្តាលឱ្យជនរងគ្រោះបាត់បង់ជីវិតដែរ ប៉ុន្តែក្រោយពីជាប់ឃុំរយៈពេល២០ថ្ងៃ ទីបំផុត ចៅក្រមបានសម្រេចបើកសវនាការ និងប្រកាសសាលាក្រមផ្តន្ទាទោសរយៈពេល១ឆ្នាំ ប៉ុន្តែទោសទាំងអស់ត្រូវបានព្យួរ ហើយមន្ត្រីនគរបាលរូបនោះ ក៏ត្រូវបានដោះលែងឱ្យមានសេរីភាពវិញដែរ។

 

ទាក់ទងទៅនឹងការសម្រេចដោះលែងមន្ត្រីនគរបាលខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំប្រតិកម្មពីក្រុមគ្រួសារជនរងគ្រោះបាននៅឡើយ៕

RELATED ARTICLES