ភ្នំពេញ ៖ បុរសម្នាក់មានប្រពន្ធកូនរួចទៅហើយ ស្រាប់តែបែកគំនិតលួចលាក់ទាក់ទងស្រីថ្មី និងថែមទាំងនាំចូលផ្ទះទៀតផង លុះប្រពន្តាមទាន់ ផ្ទុះកំហឹងទាញកាជ័រវាយសំពងប្តី ២-៣ប៉ូក ស្រាប់តែធ្វើឱ្យបុរសជាប្តីផ្ទុះកំហឹង ប្តឹងឱ្យកម្លាំងអាវុធហត្ថចាប់ប្រពន្ធ និងបងថ្លៃដាក់គុគ ដោយចោទប្រកាន់ថាបានប្រើអំពើហិង្សាវាយខ្លួនឱ្យរយះក្បាល។
ករណីហិង្សាប្រពន្ធតាមទាន់ប្តីនាំស្រីចូលផ្ទះ ខឹងពេកទាញកាជ័រសំពងក្បាលប្តីនេះ បានកើតមានឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ១០៣៥ បុរីសេវិនវីឡា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ភាគីបុរសជាប្តីដែលប្តឹងចោទប្រកាន់ប្រពន្ធ និងបងថ្លៃរបស់ខ្លួន ពីបទហិង្សា មានឈ្មោះជា សំអាន ជាប្រធានមន្ទីរពហុព្យាបាល និងសម្ពពវិសាលសុខ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ចំណែកភាគីស្ត្រីជាប្រពន្ធ មានឈ្មោះទូច រស្មី ហៅអាមី ត្រូវជាភរិយាលោកជា សំអាន ប្រធានមន្ទីរពហុព្យាបាល និងសម្ពព វិសាលសុខ បច្ចុប្បន្នស្នាក់នៅផ្ទះកើតហេតុខាងលើជាមួយគ្នា។ ដោយឡែក បុរសជាបងថ្លៃ ដែលត្រូវលោកជា សំអាន ប្តឹងផ្តល់ដែរនោះ មានឈ្មោះទូច សុធា ហៅតុង អាយុ៣៥ឆ្នាំ ត្រូវជាជាបងប្រុសបង្កើតរបស់ស្ត្រីឈ្មោះទូច រស្មី។
ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ ដែលឈានដល់បុរសជាប្តីដាច់ចិត្តប្តឹងប្រពន្ធ និងបងថ្លៃឱ្យសមត្ថកិច្ចចាប់ខ្លួនបញ្ជូនមកតុលាការនេះ បើតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ឈ្មោះទូច រស្មី បានមកដល់ផ្ទះរបស់ខ្លួន លេខ១០៣៥ បុរីសេវិនវីឡា ស្រាប់តែឃើញប្តីរបស់ខ្លួនឈ្មោះជា សំអាន នៅក្នុងបន្ទប់ជាមួយស្រីក្មេងម្នាក់ដែលមិនស្គាល់ឈ្មោះ។ ពេលនោះ ប្រពន្ធក៏សួរនាំប្តីដែលថ្លើមធំហ៊ាននាំស្រីក្មេងមកស្នេហាគ្នាដល់ក្នុងផ្ទះ មិនចេះអៀនខ្មាស។
របាយការណ៍ដដែលបន្តថា ការជជែកគ្នានោះបានឈានដល់មានការប្រតាយប្រតប់គ្នា ស្រែកឡូឡាឭពេញផ្ទះ ក៏ឮដល់ឈ្មោះទូច សុធា ដែលនៅក្នុងបន្ទប់ផ្សេង។ ពេលឮសូរសំឡេងឈ្លោះគ្នារបស់ប្តីប្រពន្ធនេះ ឈ្មោះទូច សុធា បានស្ទុះមកចាប់ដៃ កុំឱ្យលោកជា សំអាន វាយប្រពន្ធ ដោយសារតែប្រពន្ធសួរនាំរឿងយកស្រីក្មេងមកដេកដល់ក្នុងផ្ទះ។ ឆ្លៀតពេលឃើញបងប្រុសចាប់ដៃប្តីជាប់ ឈ្មោះទូច រស្មី បានស្ទុះទៅយកកាទឹកជ័រមកវាយក្បាលប្តីឈ្មោះជា សំអាន ២-៣ប៉ូក បណ្តាលឱ្យបែកឈាមហូររឹមៗ។ ក្រោយបែកក្បាលហូរឈាមដូច្នេះ ឈ្មោះជា សំអាន ក៏បានប្តឹងមកសមត្ថកិច្ចអាវុធហត្ថឱ្យចុះមកឃាត់ខ្លួនប្រពន្ធ និងបងថ្លៃ កសាងសំណុំរឿងបញ្ជូនមកតុលាការតែម្តង។
តាមប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយពីសមត្ថកិច្ចបញ្ជូនជនសង្ស័យទាំង២នាក់ មកដល់អយ្យការអមតុលាការ លោកខាំ ផារី ព្រះរាជអាជ្ញារងអមសាលាដំបូងបានធ្វើការសាកសួរនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយបានសម្រេចចោទប្រកាន់ឈ្មោះទូច រស្មី និងទូច សុធា ពីបទហិង្សាដោយចេតនាមានស្ថានទំងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ហើយករណីនេះនឹងបញ្ជូនឱ្យចៅក្រមបើកការស៊ើបសួរតាមនីតិវិធី។
ជុំវិញរឿងរ៉ាវដ៏ចម្រូងចម្រាស់ខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺ ពីលោកជា សំអាន ប្រធានមន្ទីរពហុព្យាបាល និងសម្ភព វិសាលសុខ បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រាប់ភាគីពាក់ព័ន្ធទាំងអស់៕