Monday, October 6, 2025
Homeព័ត៌មានជាតិ១៤កុម្ភៈ ណាត់ក្មេងស្រីមកចាប់រំលោភ ១៨កុម្ភៈ ត្រូវជាប់ខ្នោះ

១៤កុម្ភៈ ណាត់ក្មេងស្រីមកចាប់រំលោភ ១៨កុម្ភៈ ត្រូវជាប់ខ្នោះ

ខេត្តកោះកុង ៖ យុវជនឈាមរាវម្នាក់ បានលួងលោមណាត់ជួបក្មេងស្រីម្នាក់ នៅយប់ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ១៤កុម្ភៈ រួចក៏ធ្វើសកម្មភាពប៉ុនប៉ងរំលោភសេពសន្ថវៈ តែត្រូវក្មេងស្រីរងគ្រោះរើបម្រះរួច រត់គេចខ្លួនទាន់ពេល និងបានទម្លាយរឿងប្រាប់ឪពុកម្តាយដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ យកមកចាត់ការតាមច្បាប់។

ករណីប្រុសស្ទាវប៉ុនប៉ងរំលោភសេពសន្ថវៈលើក្មេងស្រីនេះ បានកើតឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចព្រែកពពេល ស្ថិតក្នុងភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង។ លុះរឿងរ៉ាវបែកធ្លាយ ក៏ត្រូវឪពុកម្តាយក្មេងស្រីរងគ្រោះដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនបាន កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។

ជនសង្ស័យល្មោភកាមដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនពីបទប៉ុនប៉ងរំលោភសេពសន្ថវៈក្មេងស្រី មានឈ្មោះទន់ និកេត អាយុ១៦ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះរ.ស.ន អាយុ១៤ឆ្នាំ រស់នៅភូមិកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងក្រោមកិច្ចសហការរវាងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាតៃក្រោម និងកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកោះកុង និងធ្វើឡើងតបតាមពាក្យបណ្តឹងរបស់ឪពុកក្មេងស្រីរងគ្រោះ ដែលបានប្តឹងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ និងតាមការបំភ្លឺរបស់ជនរងគ្រោះផ្ទាល់។

ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ក្មេងស្រីរងគ្រោះ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ជនសង្ស័យខាងលើបានលួងលោមនាង (ក្មេងស្រីរងគ្រោះ) ទៅជួបនៅកន្លែងស្ងាត់មួយត្រង់ចំណុចកើតហេតុខាងលើ លុះពេលទៅដល់ជនសង្ស័យក៏បានធ្វើសកម្មភាពរំលោភក្មេងស្រីរងគ្រោះទាំងកំរោល តែសំណាងល្អ ត្រូវក្មេងស្រីរងគ្រោះរើបម្រះរួច និងរត់ត្រឡប់មកផ្ទះវិញ។

ប្រភពខាងលើ បញ្ជាក់ថា ពេលត្រឡប់ទៅដល់ផ្ទះ ក្មេងស្រីរងគ្រោះបានទម្លាយរឿងរ៉ាវឱ្យឪពុកម្តាយបានដឹង បន្ទាប់មក នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឪពុកក្មេងស្រីរងគ្រោះបានមកដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ច និងត្រូវសមត្ថកិច្ចចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ការិយាល័យកណ្តាលនគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីជាបន្តទៀត៕

RELATED ARTICLES