Monday, October 6, 2025
Homeព័ត៌មានជាតិដាក់ច្រវាក់ជើងប្តីវិកលចរិត នាំគ្នាចេញទៅធ្វើចម្ការបាត់ ភ្លើងឆេះផ្ទះរលាកពេញខ្លួន

ដាក់ច្រវាក់ជើងប្តីវិកលចរិត នាំគ្នាចេញទៅធ្វើចម្ការបាត់ ភ្លើងឆេះផ្ទះរលាកពេញខ្លួន

ខេត្តកំពង់ធំ ៖ បុរសវ័យចំណាស់មានជំងឺសរសៃប្រសាទប្រចាំកាយម្នាក់  ព្រោះតែស្ថានភាពជំងឺធ្វើទុក្ខ ចេះតែអុកឡុកគេឯង និងក្រុមគ្រួសារខ្លាំងពេក ធ្វើឱ្យប្រពន្ធកូនលំបាកតាមមើលថែ ទើបស្ត្រីជាប្រពន្ធសម្រេចចិត្តដាក់ច្រវាក់ជើងជាប់នឹងខ្ទមចាំចម្ការ លុះពេលក្រុមគ្រួសារចេញទៅធ្វើចម្ការអស់ ស្រាប់តែភ្លើងឆេះផ្ទះ បណ្តាលឱ្យបុរសរងគ្រោះដែលជាប់ច្រវាក់ជើងរត់ទៅណាមិនរួច ក៏ត្រូវភ្លើងឆេះរលាករលួយពេញខ្លួន រងរបួសយ៉ាងធ្ងន់។

ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើង កាលពីវេលារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតំបន់អណ្តូងខ្សាច់ ស្ថិតនៅភូមិបឹង ឃុំមានរិទ្ធ ស្រុកសណ្តាន់។

បុរសរងគ្រោះដែលត្រូវភ្លើងឆេះរលួយខ្លួន មានឈ្មោះប្រាក់ អុន អាយុ៥០ឆ្នាំ ជាមនុស្សវិកលចរិក ស្នាក់នៅក្នុងខ្ទមចាំចម្ការ ស្ថិតក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា បុរសរងគ្រោះខាងលើបានកើតមានជំងឺសរសៃប្រសាទប្រចាំកាយ រាប់ឆ្នាំមកហើយ ហើយពេលដែលស្ថានភាពជំងឺធ្វើទុក្ខម្តងៗ ជនរងគ្រោះតែងដើរអុកឡុកអ្នកភូមិ និងក្រុមគ្រួសារមិនឈប់ ជាហេតុធ្វើឱ្យប្រពន្ធកូនលំបាកតាមមើលថែខ្លាំងណាស់។ ដោយសារតែជីវភាពគ្រួសារទីទ័លក្រ ចាំបាច់ត្រូវប្រកបរបរចិញ្ចឹមជីវិត និងគ្មានពេលវេលានៅមើលថែជនរងគ្រោះផងនោះ ទើបប្រពន្ធកូនសម្រេចដាក់ច្រវាក់ជើងជនរងគ្រោះជាប់នឹងសសរខ្ទមតែម្តង។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ប្រពន្ធកូនរបស់ជនរងគ្រោះ បាននាំគ្នាចេញទៅធ្វើចម្ការអស់ ដោយទុកឱ្យជនរងគ្រោះនៅផ្ទះតែម្នាក់ឯង និងទុកបារី ព្រមទាំងដែកកេះឱ្យជនរងគ្រោះគ្រាន់ជក់។ លុះពេលដែលប្រពន្ធកូនត្រឡប់មកផ្ទះវិញ ក៏ប្រទះឃើញផ្ទះត្រូវភ្លើងឆេះម៉ត់ទៅហើយ ចំណែកជនរងគ្រោះដេកដួលលើដី ទាំងស្ថានភាពរលាករលួយពេញខ្លួន ទើបកើតមានការផ្អើលឆោឡោ ប្រញាប់ដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

តាមប្រភពពីប្រពន្ធកូនរបស់ជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់រវល់ចេញទៅធ្វើចម្ការ ទើបទុកឱ្យជនរងគ្រោះនៅផ្ទះម្នាក់ឯង ហើយរាល់ថ្ងៃពួកគាត់តែងទុកដែកកេះនិងបារីឱ្យជនរងគ្រោះជក់ និងមិនធ្លាប់កើតមានបញ្ហាអ្វីទេ។ ទើបតែមកដល់ថ្ងៃកើតហេតុ ពេលពួកគាត់ត្រឡប់មកផ្ទះវិញ ក៏ឃើញភ្លើងឆេះផ្ទះអស់ និងឆេះទាំងជនរងគ្រោះ បណ្តាលឱ្យរលួយពេញខ្លួនរងរបួសធ្ងន់ទៀតផង។

យ៉ាងណាក្តី ប្រពន្ធកូនជនរងគ្រោះបានដាក់ការសង្ស័យថា មូលហេតុដែលនាំឱ្យមានភ្លើងឆេះផ្ទះ និងឆេះទាំងជនរងគ្រោះនេះ គឺទំនងជាមកពីស្ថានភាពជំងឺសរសៃប្រសាទរបស់ជនរងគ្រោះរើឡើង ធ្វើឱ្យជនរងគ្រោះយកដែកកេះដុតផ្ទះខ្លួនឯងតែម្តង ទើបឆេះទាំងផ្ទះ ទាំងមនុស្សបែបនេះ៕

RELATED ARTICLES