Monday, October 6, 2025
Homeព័ត៌មានជាតិសូមប្រុងប្រយ័ត្ន!!! ចោរឆក់កាបូបភ្ញៀវក្នុងរោងការ អាវុធហត្ថក្របួចបាន៤នាក់

សូមប្រុងប្រយ័ត្ន!!! ចោរឆក់កាបូបភ្ញៀវក្នុងរោងការ អាវុធហត្ថក្របួចបាន៤នាក់

ខេត្តកំពង់ចាម ៖ ជនសង្ស័យ៤នាក់ បានរៀបផែនការធ្វើសកម្មភាពឆក់កាបូបភ្ញៀវទៅចូលរួមពិធីមង្គលការមួយកន្លែង ដោយមានអ្នកចាំឆក់ និងមានអ្នកចាំកាច់បារ៉ែតពន្លត់ភ្លើង ហើយធ្វើសកម្មភាពបានសម្រេច ព្រមទាំងរត់គេចខ្លួនដោយសុវត្ថិភាព។ លុះជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ទើបកម្លាំងអាវុធហត្ថធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យបាន ក៏ចុះបង្ក្រាបចាប់ខ្លួន នាំមកសាកសួរ និងចាត់ការតាមផ្លូវច្បាប់ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨។

ករណីឆក់កាបូបភ្ញៀវទៅចូលរួមពិធីមង្គលការ បានកើតមានឡើងតាំងពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅក្នុងរោងការមួយកន្លែង ស្ថិតក្នុងភូមិស្ពឺ (ក) ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ទើបតែអាវុធហត្ថចាប់ខ្លួនជនសង្ស័យបាន នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨។

ជនសង្ស័យទាំង៤នាក់ ទី១-ឈ្មោះជា សុគា ភេទប្រុស អាយុ១៩ឆ្នាំ ទី២-ឈ្មោះ អឹម ចាន់ថន ហៅញ៉ាញ់ ភេទប្រុស អាយុ២២ឆ្នាំ ទី៣-ឈ្មោះនឿន សុខជា ភេទប្រុស អាយុ២២ឆ្នាំ និងទី៤-ឈ្មោះទួន ប៉ិច ភេទស្រី អាយុ៥២ឆ្នាំ។ ជនសង្ស័យទាំង៤នាក់ រស់នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ជាមួយគ្នា។

ប្រភពពីសមត្ថកិច្ច ឱ្យដឹងថា ក្រុមជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបពីប្រជាពលរដ្ឋដែលទៅហូបការ ដោយមានគ្នាវាទៅបិទបារ៉ែតពន្លត់ភ្លើង រួចឆក់កាបូបពីជនរងគ្រោះ២នាក់ លុះពេលជនរងគ្រោះកើតទុក្ខមិនសុខចិត្តមកដាក់ពាក្យបណ្តឹង ទើបកងរាជអាវុធហត្ថ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ ក៏បើកប្រតិបត្តិការតាមឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ និងរឹបអូសវត្ថុតាង រួមមាន ទូរស័ព្ទដៃចំនួន២គ្រឿង, ប្រាក់វៀតណាមចំនួន២០៤៣០០ដុង, ម៉ូតូជិះធ្វើសកម្មភាព១គ្រឿង ម៉ាក SMX ពណ៌ខ្មៅ គ្មន្មាស្លាកលេខ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៤នាក់ បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពដូចការចោទប្រកាន់មែន ដោយក្រោយពេលធ្វើសកម្មភាពឆក់កាបូបលុយរបស់ភ្ញៀវចូលរួមពិធីមង្គលការហើយ ក៏នាំគ្នាលាក់ខ្លួន តែដឹងអីត្រូវសមត្ថកិច្ចចុះមកចាប់ក្របួចតែម្តង។

ក្រុមជនសង្ស័យទាំង៤នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ចាម ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES