Monday, October 6, 2025
Homeព័ត៌មានជាតិសាហាវណាស់!!! ផ្ទុះជម្លោះក្នុងវង់ផឹកសុី ចាក់១កាំបិត រួចចាប់អាកសម្លាប់

សាហាវណាស់!!! ផ្ទុះជម្លោះក្នុងវង់ផឹកសុី ចាក់១កាំបិត រួចចាប់អាកសម្លាប់

ខេត្តត្បូងឃ្មុំ ៖ បុរស២នាក់ បានអង្គុយផឹកស៊ីជុំគ្នា លុះក្រោយពីផឹកស្រវឹង ក៏ស្រាប់តែកើតមានទំនាស់ពាក្យសម្តីនឹងគ្នា រហូតដល់ភាគីម្ខាងទប់កំហឹងមិនបាន ក៏ទាញកាំបិតស្ទុះទៅចាក់គូទំនាស់១កាំបិតចំពីក្រោយខ្នង រួចចាប់អារកបន្ថែមទៀត ប៉ងសម្លាប់ចោល ប៉ុន្តែសំណាងល្អ គ្រាន់តែមុតបំពង់កសើស្បែកប៉ុណ្ណោះ មិនប៉ះពាល់ដល់អាយុជីវិតនោះទេ។

ករណីផឹកស្រាស្រវឹងផ្ទុះជម្លោះក្លាយជាហិង្សាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅត្រង់ចំណុចរោងស្រា ស្ថិតក្នុងភូមិមេមត់កណ្តាល ឃុំមេមត់ ស្រុកមេមត់។

ជនបង្កហេតុដែលផឹកស្រវឹង ទាស់សម្តីគ្នារួចក៏ចាក់គូទំនាស់១កាំបិត រួចចាប់អារកបន្ថែមទៀតនោះ មានឈ្មោះចាន់ សុភា ហៅអូន អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ និងជាសមាសភាពញៀនថ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះអាង អ៊ិត អាយុ៣៣ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិជាមួយគ្នា រងរបួសត្រង់ខ្នងបោះដៃផុត១កន្លែង និងបំពង់ក១កន្លែង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនដៃដល់ បានផឹកស៊ីជុំគ្នា លុះក្រោយពីចាប់ផ្តើមស្រវឹងធ្លាក់ភ្នែក មិនដឹងថាអ្នកទាំងពីរនិយាយពាក្យសម្តីអ្វីនឹងគ្នា ក៏ស្រាប់តែកើតមានជម្លោះតឹងសរសៃកដាក់គ្នា រហូតដល់ភាគីជនដៃដល់ឈ្មោះចាន់ សុភា ហៅអូន ទប់ចិត្តមិនបាន ក៏ទាញកូនកាំបិតចុងស្រួច ស្ទុះទៅចាក់ប្រហារជនរងគ្រោះឈ្មោះអាង អ៊ិត ជាគូទំនាស់១កាំបិតចំខ្នង ត្រង់ចំណុចបោះដៃផុតផ្នែកខាងឆ្វេង បណ្តាលឱ្យដាច់ស្នាមសើស្បែកប្រវែង៤,៥ស.ម  រួចចាប់ជនរងគ្រោះអារកប៉ងសម្លាប់ចោលទៀតផង តែសំណាងល្អ គ្រាន់តែមុតសើស្បែកប្រវែង៣,៧ស.មប៉ុណ្ណោះ។

ប្រភពដដែលបន្តថា បន្ទាប់ពីធ្វើសកម្មភាពចាក់ និងអារកជនរងគ្រោះរួច ជនសង្ស័យបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។  ចំណែកជនរងគ្រោះត្រូវបានបងប្អូនអ្នកជិតខាង ជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកមេមត់ ដើម្បីសង្គ្រោះបន្ទាន់។ ហើយក៏មានអ្នកជិតខាងផ្សេងទៀត បានទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលមេមត់ សូមឱ្យកម្លាំងប៉ុស្តិ៍ចុះអន្តរាគមន៍ ដើម្បីធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេមត់ បានសហការជាកម្លាំងនគរបាលយុត្តិធម៌ស្រុកមេមត់ បានចុះធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃដដែល ទើបសមត្ថកិច្ចបានឈានដល់ការចាប់ខ្លួនជនសង្ស័យ នៅចំណុចភូមិអណ្តូងតាជោ ឃុំរូង ស្រុកមេមត់ រួចបញ្ជូនខ្លួនជននេះទៅកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ធ្វើការសាកសួរ។

បច្ចុប្បន្ននគរបាលផែនជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានកសាងសុំណុំរឿងបញ្ចូនឈ្មោះចាន់ សុភា ហៅអូន ទៅកាន់សាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ដោយផ្អែកទៅលើពាក្យបណ្តឹងរបស់ជនរងគ្រោះ វត្ថុតាងដែលដកហូតបាន និងលទ្ធផលធ្វើតេស្តស្វែងរកសារធាតុញៀនបញ្ជាក់ថា វិជ្ជមាន (មានផ្ទុកសារធាតុញៀនក្នុងខ្លួន)៕

RELATED ARTICLES