ភ្នំពេញ ៖ ស្ត្រី២នាក់បងប្អូន ជាអ្នករកស៊ីចង់ការប្រាក់ ត្រូវអតិថិជនរបស់ខ្លួនចងការប្រាក់ច្រើនខែច្រើនឆ្នាំមកហើយ មិនដែលមានបញ្ហាអ្វី លុះមកដល់លើកចុងក្រោយ ត្រូវបានម៉ូយរបស់ខ្លួនឆបោកយកលុយបានសម្រេចជាង៣ម៉ឺនដុល្លារ ហើយគេចខ្លួនបាត់ស្រមោល ក៏មកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ កាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ នៅប៉ុស្តិ៍ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីរងគ្រោះទាំង២នាក់បងប្អូនដែលចាញ់បោកកូនបំណុល ទី១-ឈ្មោះលី ហុកជាង អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ និងរកស៊ីចងការប្រាក់ ចំណែកបងស្រីមានឈ្មោះលី ដាវី អាយុ៣៩ឆ្នាំ មុខរបរចងការប្រាក់។ អ្នកទាំង២នាក់ មានលំនៅភូមិបាសិត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកជនសង្ស័យឆបោកលុយ ទី១-ឈ្មោះសែម ប៊ុនណា ភេទប្រុស អាយុ៣៧ឆ្នាំ ទី២-ឈ្មោះសែម សុផល្លី ភេទស្រី អាយុ៤១ឆ្នាំ ទី៣-ឈ្មោះស៊្រុន សុន ភេទស្រី អាយុ៤២ឆ្នាំ ទាំង៣នាក់ ត្រូវជាបងប្អូននិងបងប្អូនជីដូនមួយគ្នា មុខរបរអតីតអាជីវករលក់ដូរនៅក្នុងផ្សារជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ តែមួយរយៈចុងក្រោយ ពេលចងការប្រាក់បានទាំង៣នាក់ ទៅស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល វិញ។
តាមសម្តីស្ត្រីរងគ្រោះម្ចាស់បំណុល បានឱ្យដឹងថា ពួកគាត់ស្គាល់គ្នាជាមួយជនសង្ស័យទាំង៣នាក់ ច្រើនខែច្រើនឆ្នាំមកហើយ ក្នុងរបររកស៊ីចងការប្រាក់ ហើយកន្លងមកជនទាំង៣ខាងលើ ធ្លាប់ចងការប្រាក់ពួកគាត់ច្រើនសាមកហើយដែរ បង់ការប្រាក់ សងលុយដើមជាធម្មតា ពុំដែលមានបញ្ហាអ្វីឡើយ លុះមកដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ជនសង្ស័យទាំង៣នាក់ បានទៅចងការប្រាក់ពីពួកគាត់ជាង៣ម៉ឺនដុល្លារបន្ថែមទៀត មានទាំងដាក់អត្តសញ្ញាណប័ណ្ណម្នាក់មួយសន្លឹកទៀតផង ដោយនឹកអាងថា ជាអតិថិជនម៉ូយធ្លាប់រកស៊ីជាមួយគ្នា មិនដែលកើតមានបញ្ហាកន្លងមក ទើបហ៊ានឱ្យខ្ចីលុយ ដោយខំប្រមែប្រមូលទាំងលុយលក់ដី បានទាំងលុយខំធ្វើការ យកមកឱ្យជនខាងលើខ្ចី គ្រាន់បានការប្រាក់ លុះចូលមកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ជាថ្ងៃគម្រប់១ខែ ត្រូវកូនបំណុលបង់ការប្រាក់៣០ភាគរយ ទំនាកទំនងតាមទូរស័ព្ទ ដើម្បីណាត់ជួប ទើបដឹងថា ជនទាំង៣ផ្លាស់ប្តូរផ្ទះចេញពីម្តុំផ្សារជម្ពូវ័ន សង្កាត់ចោមចៅ៣ ទៅស្នាក់នៅឃុំបែកចាន ស្រុកអង្គស្នួល បាត់ទៅហើយ រហូតដល់ទូស័ព្ទសុំណាត់ជួបជាថ្មី បែរជាផ្តាច់ការទំនាក់ទំនង ធ្វើឱ្យពួកគាត់មានការងឿងឆ្ងល់ កាន់តែសង្ស័យ មិនអស់ចិត្ត នាំគ្នាមកតាមរកមើលនៅផ្ទះជួល ក្នុងភូមិជម្ពូវ័ន ទើបអ្នកជិតខាងប្រាប់ថា ជនខាងលើឈប់ស្នាក់នៅទៀតហើយ មិនដឹងជាទៅទីណា ចាកចេញទៅបាត់អស់រយៈ ពេល១ខែកន្លងមកហើយ។
ស្ត្រីខាងលើបន្តទៀតថា ពេលនោះហើយដែលពួកគាត់កាន់តែសង្ស័យឆបោកលុយពួកគាត់ ទូរស័ព្ទជនទាំង៣នាក់ ចុចលែងចូលទៀតហើយ គ្រាន់តែដឹងថា ពួកគេស្នាក់នៅម្តុំផ្សារបែកចាន តែមិនដឹងថា ពិតប្រាកដឬយ៉ាងណានោះទេ។
ក្រោយពីបាត់ទំនុកចិត្ត ទើបនៅរសៀលថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៨ ពួកគាត់បាននាំគ្នាកាន់ឯកសារ និងអត្តសញ្ញាណប័ណ្ណកូនបំណុលទាំង៣នាក់ មកប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ ដើម្បីឱ្យជួយអន្តរាគមន៍ស្រាវជ្រាវរកកូនបំណុលទាំង៣នាក់ សង្ស័យឆបោកលុយពួកគាត់ នាំខ្លួនមកដោះស្រាយគ្នា៕