Tuesday, October 7, 2025
Homeព័ត៌មានជាតិបងប្អូនស្រី២នាក់ ជិះម៉ូតូលេងហ្វេសប៊ុក ប្រុសឆក់ទូរស័ព្ទ

បងប្អូនស្រី២នាក់ ជិះម៉ូតូលេងហ្វេសប៊ុក ប្រុសឆក់ទូរស័ព្ទ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម ២នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឱ្យសមត្ថកិច្ច បន្ទាប់ពីបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារី២នាក់ កំពុងលេងហ្វេសប៊ុក រួចក៏ដួលម៉ូតូ ហើយជនសង្ស័យម្នាក់រត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ តាមបណ្តោយផ្លូវ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

ជនរងគ្រោះទី១ ដែលជាអ្នកបើកម៉ូតូ មានឈ្មោះធា កញ្ញា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ភូមិបឹងសាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ទី២-ជាម្ចាស់ទូរស័ព្ទដៃ មានឈ្មោះធា ស្រីមុំ ភេទស្រី អាយុ២៧ឆ្នាំ លក់ដូរដូចគ្នា និងស្នាក់នៅជាមួយគ្នា។ ចំណែកឯជនសង្ស័យមានឈ្មោះតាំង អមតៈ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក មានស្រុកកំណើតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

បើតាមសម្តីពីនារីរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ពួកនាងទាំង២នាក់បងប្អូន បានជិះម៉ូតូមួយគ្រឿង ស៊េរី២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1C-1634 ឌុបគ្នាចេញមកពីផ្ទះ បំណងជិះទៅទិញបន្លែនៅផ្សារដើមគ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ១៨២ ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យខាងលើ រួមទាំងបក្សពួកបានជិះម៉ូតូមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកណ្តាល 1W-7228 ជិះមកពីក្រោយ ហើយក៏បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿង ពីនារីរងគ្រោះ ដែលកំពុងតែលេងហ្វេសប៊ុកបានសម្រេចហើយ បម្រុងនឹងជិះម៉ូតូរត់គេចខ្លួន តែក៏បានទាក់ដៃចង្កូតជាមួយនឹងម៉ូតូរងគ្រោះ បណ្តាលឱ្យម៉ូតូទាំង២ដួល។ ភ្លាមៗជនសង្ស័យខាងលើ ដែលជាអ្នកធ្វើសកម្មភាពឆក់ ត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានជួយចាប់ឃាត់ខ្លួនជនសង្ស័យ រួមទាំងម៉ូតូ។ ចំណែកឯបក្ខពួកម្នាក់ទៀត ដែលជាអ្នកបើកម៉ូតូបានយកទូរស័ព្ទរបស់ជនរងគ្រោះ ដែលឆក់បានរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវបានប្រជាពលរដ្ឋប្រគល់ទៅឱ្យសមត្ថកិច្ចនាំខ្លួនទៅសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ ដើម្បីកសាងសំណុំរឿងបពាន្ជូខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES