ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់បានបែកគំនិតនាំបក្ខពួកទៅធ្វើសកម្មភាពប្លន់ផ្ទះវីងវេរលុយរបស់បងស្រីបង្កើតខ្លួនឯង តែព្រះមិនជួយ ក៏ត្រូវសមត្ថកិច្ចចេញល្បាតប្រទះឃើញជួយអន្តរាគមន៍ ធ្វើឱ្យជនសង្ស័យនិងបក្ខពួកនាំគ្នារត់គេចខ្លួន ទាំងមិនបានផលអ្វីទាំងអស់ លុះជនសង្ស័យជាមេខ្លោងភ័យខ្លួនដឹងថា រឿងរ៉ាវដែលខ្លួននាំបក្ខពួកទៅប្លន់ផ្ទះបងស្រីបង្កើតត្រូវបែកធ្លាយ ក៏រត់ទៅសម្ងំផ្ទះសង្សារ ផឹកថ្នាំពុលបំណងសម្លាប់ខ្លួន ដើម្បីគេចចេញពីបញ្ហា តែត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន និងនាំទៅមន្ទីរពេទ្យភ្លាមៗ។
ករណីប្អូនប្រុសនាំបក្ខពួកចេញប្លន់ផ្ទះបើកវីងវេរលុយរបស់បងស្រីបង្កើតរបស់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃ០៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះវីងវេរលុយ យីហោ ស្រីពេជ្រ (វេរលុយគ្រប់ខេត្តក្រុង) មានទីតាំងស្ថិតនៅចំណុចផ្លូវបំបែកជីមាន់៧២ និងផ្លូវជាតិលេខ៧ ស្ថិតក្នុងស្រុកពញាក្រែក។
ស្ត្រីរងគ្រោះជាម្ចាស់ផ្ទះវីងវេរលុយ យីហោ ស្រីពេជ្រ ដែលត្រូវក្រុមជនសង្ស័យធ្វើសកម្មភាពប្លន់ តែមិនបានសម្រេច មានឈ្មោះឈួន ពិដោរ មុខរបរបើកវីងវេរលុយ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យជាមេខ្លោង នាំបក្ខពួកទៅប្លន់ផ្ទះបងស្រីបង្កើត តែមិនសម្រេច ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន មានឈ្មោះឈួន ពីន ហៅយោន កាពីន អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ធ្លាប់ជាប់ពន្ធនាគារចំនួន២លើករួចមកហើយ ពីបទជួញដូរគ្រឿងញៀន។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ចូលមកផ្ទះវីងវេរលុយ យីហោ ស្រីពេជ្រ លុះចូលមកដល់ ជនសង្ស័យទាំង២នាក់ក៏បានធ្វើសកម្មភាពដកកាំភ្លើងខ្លីភ្ជង់នារីជាបុគ្គលិកផ្ទះវីងវេរលុយ រួចគំរាមឱ្យប្រមូលលុយយកមកឱ្យគេ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលទ្បើង ស្របពេលជាមួយគ្នានោះ កម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលស្រុកពញាក្រែក ដែលកំពុងល្បាតនៅចម្ងាយប្រហែល១០០ម៉ែត្រពីកន្លែងកើតហេតុ បានចូលទៅអន្តរាគមន៍ជាបន្ទាន់ ធ្វើឱ្យជនសង្ស័យភ័យមិនអាចប្រមូលលុយបាន ក៏កញ្ឆក់ម៉ាស៊ីនវីង ហើយជិះម៉ូតូគេចខ្លួនភ្លាមៗបាត់ស្រមោលអស់។
លោកឩត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ភ្លាមៗនោះ កម្លាំងប្រដេញរបស់អធិការស្រុកពញាក្រែក និងព្រហ្មទណ្ឌខេត្ត បានចេញប្រតិបត្តិការ និងកំណត់មុខសញ្ញាបានយ៉ាងច្បាស់ តាមរយៈកាមេរ៉ាសុវត្ថិភាព ដោយក្នុងនោះ ជនសង្ស័យមានឈ្មោះ ឈួន ពីន ហៅយោន កាពីន គឺជាប្អូនប្រុសបង្កើតរបស់ស្ត្រីរងគ្រោះឈ្មោះចែ ដោរ ជាម្ចាស់ផ្ទះវីងវេរលុយ ស្រីពេជ្រ។
លោកស្នងការ បានបញ្ជាក់ថា មុខសញ្ញានេះធ្លាប់បានចាប់ខ្លួន២ដងរួចមកហើយ ក្នុងករណីជួញដូរគ្រឿងញៀន ហើយលើកនេះ ជនសង្ស័យបានប្រើកាំភ្លើងខ្លីទៅធ្វើសកម្មភាពភ្ជង់ប្លន់យកលុយពីផ្ទះវីងបងស្រីបង្កើតខ្លួនឯង តែមិនសម្រេច ត្បិតសមត្ថកិច្ចល្បាតក្បែរនោះ ប្រទះឃើញជួយអន្តរាគមន៍ទាន់ពេល។
លោកស្នងការ បានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយកើតហេតុ រយៈពេលប្រមាណ១ម៉ោង កម្លាំងជំនាញបានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបាន នៅចំណុចផ្ទះសង្សាររបស់ជនសង្ស័យ ដែលមានចម្ងាយប្រមាណ១៥០០ម៉ែត្រពីកន្លែងកើតហេតុ ដោយជនសង្ស័យបានទៅសម្ងំពួនក្នុងមុង រួចផឹកថ្នាំពុលសម្លាប់ខ្លួន បណ្តាលឱ្យបែកពពុះមាត់ ដេកននៀលត្រដរខ្យល់រកស្លាប់ តែត្រូវបានកម្លាំងសមត្ថកិច្ចចូលទៅទាន់ ក៏ដឹកបញ្ជូនជនសង្ស័យទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតជាមុនសិន មុននឹងនាំខ្លួនទៅចាត់ការបន្តតាមនីតិវិធី។
ដោយឡែកនៅអំឡុងពេលឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានរកឃើញ ម៉ាស៊ីនវីងដែលជនសង្ស័យបានឆក់យកទៅ ហើយ ពេលនេះសមត្ថកិច្ចកំពុងរុករកវត្ថុតាងផ្សេងទៀត ពិសេសអាវុធខ្លីដែលធ្វើសកម្មភាពប្លន់នេះ និងកំពុងសង្ស័យថា ត្រូវគូកនរបស់ជនសង្ស័យម្នាក់ ទៀត យកទៅតាមខ្លួន ដើម្បីរត់គេចខ្លួន។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ខ្លួនគូកនរបស់ជនសង្ស័យម្នាក់ទៀត ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់ផងដែរ៕