ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ បានអួតអាងថាពួកគេទាំង២ គឺសុទ្ធតែជាគ្រូពេទ្យបម្រើការនៅឯមន្ទីរពេទ្យជោរៃភ្នំពេញ រួចក៏ដើរខ្ចីលុយពីស្ត្រីជាអ្នកស្គាល់គ្នាចំនួន៤នាក់ គិតសរុបជាទឹកប្រាក់ប្រមាណជិត១០ម៉ឺនដុល្លារ ដោយសន្យាថាបង់រំលោះសងមកវិញទាំងការទាំងដើម លុះបង់បានតែប៉ុន្មានខែ ក៏លែងឃើញបង់បន្តទៀត ទើបស្ត្រីរងគ្រោះទាំង៤នាក់ បានទៅដាក់ពាក្យបណ្តឹងទប់ស្កាត់ខ្លាចក្រែងប្តីប្រពន្ធជើងល្អលក់ផ្ទះបាត់ ទីបំផុត ប្តីប្រពន្ធនោះនៅតែលក់ផ្ទះបានដោយរលូន រួចប្រមូលយកលុយរត់គេចខ្លួនបាត់ ធ្វើឱ្យស្ត្រីរងគ្រោះទាំង៤នាក់ កើតទុក្ខមិនសុខចិត្ត ក៏នាំគ្នាមកដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន។
ករណីម្ចាស់បំណុលដាក់ពាក្យប្តឹងកូនបំណុលដែលជំពាក់ប្រាក់ជិត១០ម៉ឺនដុល្លារ បែរជាលួចលក់ផ្ទះរត់គេចខ្លួនបាត់នេះ បានកើតការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចសាលាសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីសង្ស័យជាកូនបំណុលដែលអួតខ្លួនថា គ្រូពេទ្យនៅមន្ទីរពេទ្យជោរៃភ្នំពេញ ទាំងប្តីប្រពន្ធ រួចខ្ចីលុយគេជិត១០ម៉ឺនដុល្លារ មិនព្រមសង បែរជាលួចលក់ផ្ទះរត់គេចខ្លួនបាត់នោះ មានឈ្មោះសេង ធានី អាយុ២៥ឆ្នាំ មានលំនៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ អះអាងថា ជាគ្រូពេទ្យនៅមន្ទីរពេទ្យជោរៃ ភ្នំពេញ។
ចំណែកស្ត្រីម្ចាស់បំណុលទាំង៤នាក់នោះ បានបញ្ចោញអត្តសញ្ញាណតែ៣នាក់ប៉ុណ្ណោះ ក្នុងនោះរួមមាន ទី១-ឈ្មោះអ៊ុំ សុភី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរនៅផ្សារឯករាជ្យ២ មានលំនៅផ្ទះលេខ ១៥អឹម ផ្លូវលេខ២ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ (អស់ប្រាក់ចំនួន៤៤៥០០ដុល្លារ) ទី២-ឈ្មោះសុខ រដ្ឋស្រីនួន អាយុ២៩ឆ្នាំ មានលំនៅផ្ទះលេខ៤២ប៉េ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក (អស់ប្រាក់ចំនួន៣០០០ដុល្លារ) និងទី៣-ឈ្មោះអ៊ូ ស្រីទូច អាយុ៣៦ឆ្នាំ មានលំនៅក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅ៣ (អស់ប្រាក់ចំនួន៤០០០ដុល្លារ)។ ចំណែកស្ត្រីម្នាក់ទៀត មិនបង្ហាញអត្តសញ្ញាណ (អស់ប្រាក់ចំនួន៣៥០០០ដុល្លារ)។ ម្ចាស់បំណុលទាំងនោះបាននិយាយថា ស្ត្រីជើងល្អខាងលើបានខ្ចីលុយចងការពីពួកគាត់ កាលពីអំឡុងឆ្នាំ២០១៧ខ្លះ និងដើមឆ្នាំ២០១៨ខ្លះ។
តាមប្រភពពីស្ត្រីជាម្ចាស់ដើមបណ្តឹង បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ស្ត្រីសង្ស័យឈ្មោះសេង ធានី បានមកលួងលោមខ្ចីលុយពីពួកគាត់ ដោយប្រាប់ថា យកទៅប្រើការបន្ទាន់ ហើយសន្យាសងមកវិញ តាមរយៈការបង់រំលោះទាំងការទាំងដើម។ ចំណែកពួកគាត់ក៏បានឱ្យលុយទៅស្ត្រីសង្ស័យរូបនោះខ្ចី ដោយមិនបានគិតថា ត្រូវចាញ់បោកបែបនេះឡើយ ព្រោះតែឃើញស្ត្រីសង្ស័យនោះមានរថយន្ត ម៉ាក ឡិចស៊ីស ៣៣០ ជិះ និងមានផ្ទះត្រឹមត្រូវ ហើយអះអាងថា ប្តីប្រពន្ធពួកគេគឺជាគ្រូពេទ្យនៅមន្ទីរពេទ្យជោរៃ ភ្នំពេញ ថែមទៀតផង។
ប្រភពដដែល បន្តថា ក្រោយពេលបានប្រាក់ទៅដល់ដៃ ស្ត្រីសង្ស័យបានសងរំលោះមកវិញបានតែប៉ុន្មានខែប៉ុណ្ណោះ ស្រាប់តែលែងឃើញសងលុយពួកគាត់រហូត លុះពេលពួកគាត់សួរនាំប្រាប់ថា ចាំពេលនេះ ចាំពេលនោះ រកលេសដោះសាររហូត។ លុះទ្រាំមិនបាន ពួកគាត់បានហៅស្ត្រីសង្ស័យខាងលើទៅធ្វើកិច្ចសន្យានៅសាលាសង្កាត់ ក៏នៅតែអត់សងទៀត។ បន្ទាប់មក ដោយខ្លាចស្ត្រីសង្ស័យរូបនោះលក់ផ្ទះរត់បាត់ ទើបពួកគាត់ទាំង៤នាក់ បាននាំគ្នាដាក់ពាក្យបណ្តឹងទប់ស្កាត់នៅសាលាសង្កាត់ចោមចៅ ដើម្បីឱ្យអាជ្ញាធរជួយទប់ស្កាត់ កុំឱ្យស្ត្រីនោះលក់ផ្ទះ ព្រោះខ្លាចលក់ផ្ទះរួចហើយ រត់បាត់ រង់ចាំដោះស្រាយសងបំណុលពួកគាត់សិន ប៉ុន្តែទីបំផុត អាជ្ញាធរនៅតែស៊ីញ៉េឱ្យស្ត្រីនោះលក់ផ្ទះបាត់ដដែល។
ក្រោយពេលដែលស្ត្រីសង្ស័យលក់ផ្ទះវេចបង្វេច នាំប្តីប្រពន្ធរត់បាត់ ទើបពួកគាត់សម្រេចកាន់ឯកសារពាក់ព័ន្ធទៅដាក់ពាក្យបណ្តឹង សុំអន្តរាគមន៍ពីសាលាសង្កាត់ ស្រាប់តែពេលនេះ ខាងសង្កាត់ថា ឯកសារមិនបានការឡើយ ធ្វើឱ្យពួកគាត់អស់សង្ឃឹមយ៉ាងខ្លាំង មិនដឹងថាត្រូវទៅប្តឹងនៅកន្លែងណាបន្តទៀតឡើយ៕