ខេត្តព្រៃវែង ៖ ក្មេងស្ទាវចំនួន២ក្រុម បានកើតមានជម្លោះនឹងគ្នានៅក្នុងវង់រាំធុងបាស់ រហូតផ្ទុះជាហិង្សាវាយកាប់ចាក់គ្នា បណ្តាលឱ្យភាគីម្ខាងរបួសធ្លាយពោះម្នាក់ និងរងរបួសស្រាលម្នាក់ ចំណែកភាគីបង្កត្រូវបានសមត្ថកិច្ចចាប់ក្របួចជាប់ម្នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង០៥នាទីយប់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចវត្តស្វាងសង្គម ស្ថិតក្នុងភូមិព្រៃឃ្នង ឃុំសំរោង ស្រុកស្វាយអន្ទរ។
ជនសង្ស័យដៃដល់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះគា ដំណឹង អាយុ២០ឆ្នាំ មុខបរមិនពិតប្រាកដ មានលំនៅក្នុងភូមិកណ្តាល ឃុំសំរោង ស្រុកស្វាយអន្ទរ។ ចំណែកជនរងគ្រោះទាំង២នាក់ រួមមាន ទី១-ឈ្មោះយ៉ា រ៉ាវី អាយុ២៧ឆ្នាំ (រងរបួសធ្លាយពោះ) និងទី២-ឈ្មោះហ៊ុយ ស៊ាងហៃ អាយុ២៣ឆ្នាំ (រងរបួសស្រាល)។ ជនរងគ្រោះទាំង២នាក់ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្មេងស្ទាវទាំង២ក្រុមខាងលើ បានចូលរាំលេងធុងបាស់ រួចក៏ប៉ះពៀរជាន់ជើងគ្នាតិចតួច ស្រាប់តែធ្វើឱ្យភាគីទាំងសងខាងផ្ទុះកំហឹងរៀងៗខ្លួន ក៏កើតមានជម្លោះពាក្យសម្តីតឹងសរសៃកដាក់គ្នា រហូតក្លាយជាអំពើហិង្សាវាយតប់ កាប់ចាក់គ្នាយ៉ាងសាហាវស៊ីសាច់ហុតឈាម បណ្តាលឱ្យភាគីរងគ្រោះ២នាក់ បានទទួលរងរបួសធ្ងន់ស្រាល។ ចំណែកភាគីបង្កត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានម្នាក់ នាំយកទៅសាកសួរ។
ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួស។ ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរ ដើម្បីតាមស្វែងរកចាប់ខ្លួនបក្ខពួកដែលកំពុងរត់គេចខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕