Tuesday, October 7, 2025
Homeព័ត៌មានជាតិខ្លាំងដៃណាស់!!! ថៅកែស្រីវាយជាន់កកូនឈ្នួល រងរបួសធ្ងន់ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ខ្លាំងដៃណាស់!!! ថៅកែស្រីវាយជាន់កកូនឈ្នួល រងរបួសធ្ងន់ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ ៖ ស្ត្រីជាអាជីវករលក់ខោអាវក្នុងផ្សារម្នាក់ មិនដឹងជាមួម៉ៅក្តៅចិត្តពីរឿងអ្វី ក៏ស្រាប់តែហៅកូនឈ្នួលស្រីវ័យក្មេងរបស់ខ្លួន ចូលទៅក្នុងបន្ទប់ទឹកផ្សារ រួចយកដងឧបករណ៍ជូតឥដ្ឋការ៉ូ វាយនិងជាន់សង្កត់កកូនឈ្នួលរបស់ខ្លួន បណ្តាលឱ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ទឹកផ្សារស្ទឹងមានជ័យថ្មី ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។ លុះរឿងរ៉ាវបែកធ្លាយ ស្ត្រីបង្កជាថៅកែស្រីក៏ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន កាលពីវេលាម៉ោង៩និង៣០ នាទីព្រឹក ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ ដើម្បីនាំយកទៅចាត់ការតាមច្បាប់។

ស្ត្រីសង្ស័យដែលវាយជាន់កកូនឈ្នួលក្នុងបន្ទប់ទឹករូបនេះ មានឈ្មោះប៊ិន ស្រីមុំ អាយុ៤៣ឆ្នាំ មុខរបរលក់ខោអាវ ស្នាក់នៅផ្ទះលេខ៩៤ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែកនារីរងគ្រោះជាកូនឈ្នួល មានឈ្មោះឈាន សាម៉ី អាយុ១៧ឆ្នាំ មុខរបរជួយលក់ខោអាវឱ្យស្ត្រីសង្ស័យ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុមទី០២ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រងរបួសដាច់រលាត់ស្បែកស្លឹកត្រចៀកខាងស្តាំ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ ស្ត្រីសង្ស័យមិនដឹងជាមានកំហឹងរឿងអ្វី ក៏បានហៅនារីរងគ្រោះជាកូនឈ្នួលចូលទៅក្នងបន្ទប់ទឹកក្នុងផ្សារស្ទឹងមានជ័យថ្មី រួចក៏ធ្វើសកម្មភាពវាយដំ ដោយប្រើដងដែកឧបករណ៍ជូតឥដ្ឋការ៉ូ និងថែមទាំងបានជាន់កនារីរងគ្រោះ បណ្តាលឱ្យរយះត្រចៀកខាងស្តាំ និងរងរបួសជាំពេញខ្លួន។ ក្រោយកើតហេតុ មកដល់វេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ ដោយបានការឯកភាពពីលោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានចុះឃាត់ខ្លួនជនសង្ស័យឈ្មោះប៊ិន ស្រីមុំ នាំយកមកសាកសួរ ព្រមទាំងដកហូតវត្ថុតាង ឧបករណ៍សម្រាប់ជូតឥដ្ឋការ៉ូ ចំនួន១ដើម ធ្វើពីដែកប្រវែង១,៥០ម៉ែត្រ។

បច្ចុប្បន្នជនសង្ស័យឈ្មោះប៊ិន ស្រីមុំ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES