ខេត្តសៀមរាប ៖ កម្លាំងនគរបាលស្នងការដ្ឋាននគរបាលខេត្តសៀមរាប នារសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ បានបង្ហាញមុខជនសង្ស័យម្នាក់ ដែលបានប្រើល្បិចយករថយន្តប្រជាពលរដ្ឋ ប្រមាណ៣០គ្រឿង ដែលខ្លួនបានជួលយកទៅលក់ឱ្យអ្នកផ្សេងយកប្រាក់ដើរលេង ស៊ីចាយសប្បាយអស់ លុះពេលជនរគ្រោះកើតទុក្ខមិនសុខចិត្តដាក់ពាក្យបណ្តឹងឱ្យប៉ូលិសតាមចាប់ក្របួចជាប់។
ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះ ឈ្មោះអៀង វាសនា ភេទប្រុស អាយុ២៥ឆ្នាំ លំនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោកភឹង ចន្តារ៉េត ស្នងការរងនគរបាល ខេត្តសៀមរាប បានឱ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ចំនួន២៨នាក់ ដែលមានរថយន្តសរុបចំនួន៣១គ្រឿង ដោយចោទថា ជនសង្ស័យបានឆបោក ប្រាប់ថា យករថយន្តទាំងនោះទៅជួលឱ្យជនជាតិចិន ក្នុងតម្លៃពី៤០០ដុល្លារ ទៅ៥០០ដុល្លារ ក្នុង១ខែ ដោយមានកិច្ចសន្យាត្រឹមត្រូវ។
ប៉ុន្តែជនសង្ស័យបានប្រើល្បិច ដោយលើកទឹកចិត្តជនរងគ្រោះ ខ្លួនគេបានបង់ប្រាក់មុន និងធ្វើកិច្ចសន្យា ប៉ុន្តែផ្ទុយទៅវិញបន្ទាប់ពីបានរថយន្តរួច ជនសង្ស័យបានយកទៅលក់បន្តឱ្យអ្នកផ្សេងយកប្រាក់ដើរលេងស៊ីចាយសប្បាយអស់ និងមិនយករថយន្តប្រគល់ឱ្យម្ចាស់វិញឡើយ ធ្វើឱ្យជងរងគ្រោះកើតទុកមិនសុខចិត្ត ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យខាងលើបានតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យអៀង វាសនា បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពដូចការចោទប្រកាន់មែន ហើយក៏ត្រូវប៉ូលិសចាប់ខ្លួនតែម្តង។ ក្រោយពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចនគរបាលស្នងការដ្ឋានខេត្តសៀមរាប បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕