ខេត្តបាត់ដំបង ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះឡើងយ៉ាងសន្ធៅសន្ធៅ ដោយផ្តើមចេញពីមូលហេតុទុស្សេខ្សែភ្លើង បណ្តាលឱ្យឆេះ បំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន២ខ្នងខ្ទេចអស់គ្មានសល់ ខណៈដែលម្ចាស់ផ្ទះបានត្រឹមឈរស្រែកទ្រហោយំសម្លឹងផ្ទះរបស់ខ្លួនដែលកំពុងក្លាយជាចំណីភ្លើងប៉ុណ្ណោះ តែយ៉ាងណា មិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះទេ។
ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ និង៤៥នាទីព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
លំនៅដ្ឋានដែលទទួលរងការឆាបឆេះខាងលើ ទី១-ជាប្រភេទផ្ទះសង់ពីឈើ ប្រក់ស័ង្កសី មានម្ចាស់ឈ្មោះវ៉ា កូលាប ភេទស្រី អាយុ៦០ឆ្នាំ (ខូចខាតទាំងស្រុង) និងទី២-ជាប្រភេទផ្ទះសង់ពីឈើ ប្រក់ស័ង្កសី មិនស្គាល់ឈ្មោះម្ចាស់ ដោយម្ចាស់ចាក់សោចោលគ្មានមនុស្សនៅ (ខូចខាតអស់ពាក់កណ្តាល)។
តាមសម្តីស្ត្រីឈ្មោះជា សុខគង់ អាយុ៣១ឆ្នាំ ត្រូវជាកូនស្រីរបស់ម្ចាស់ផ្ទះឈ្មោះវ៉ា កូលាប បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា អគ្គិភ័យនោះបានចាប់ផ្តើមឆេះនៅផ្នែកខាងលើផ្ទះរបស់គាត់ ដោយពេលនោះ គាត់និងក្រុមគ្រួសារកំពុងដាំស្លរនៅខាងក្រោម ស្រាប់តែលាន់លឺសូរ សំឡេងផ្ទុះ សង្ស័យថាទុស្សេខ្សែភ្លើង រួចក៏កើតចេញជាអណ្តាតភ្លើងយ៉ាងខ្លាំងតែម្តង ទើបធ្វើឱ្យគាត់ភ័យពេក បានអូសដៃកូន និងម្តាយរបស់គាត់ រត់ចេញពីផ្ទះដោយមិនបានយកអ្វីមកជាមួយទេ ហើយក៏មិនបានសម្រុកចូលទៅរំដោះយកទ្រព្យសម្បត្តិអ្វីដែរ ព្រោះអណ្តាតភ្លើងឆេះខ្លាំងពេក បានត្រឹមស្រែកយំឈរមើលភ្លើងកំពុងលេបត្របាក់ផ្ទះ និងទ្រព្យសម្បត្តិទាំងក្តីរន្ធត់តែប៉ុណ្ណោះ។
ដោយឡែក នៅមុនពេលរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការខេត្តចុះទៅដល់ គេឃើញអ្នកភូមិបាននាំគ្នាយកធុងដងទឹកពាង ខ្លះតទុយោទឹក យ៉ាងពពាក់ពពូន ដើម្បីជួយពន្លត់ភ្លើង តែមិនអាចធ្វើឱ្យកម្លាំងភ្លើងថមថយឡើយ។ ក្រោយមកក៏មានរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង បានទៅដល់ទីនោះបាញ់ទឹកពន្លត់ និងបាញ់ការពារ មិនឱ្យអគ្គិភ័យឆេះឆ្លងរាលដាលដល់លំនៅឋានផ្សេងទៀតក្បែរៗនោះ។
តាមប្រភពពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា អគ្គីភ័យនេះមានសន្ទុះខ្លាំង និងលឿនបំផុត ហើយបានបំផ្លាញផ្ទះ២ខ្នងស្ទើរទាំងស្រុង ហើយអ្វីដែលជាបញ្ហាប្រឈមរបស់រថយន្តពន្លត់អគ្គីភ័យសម្រាប់ការជួយអន្តរាគមន៍នេះ គឺភូមិសាស្ត្រកើតហេតុខាងលើ មានច្រកចូលតូចចង្អៀត ជាហេតុធ្វើឱ្យមានការលំបាក និងយឺតយ៉ាវក្នុងការបាញ់ទឹកពន្លត់៕