ខេត្តតាកែវ ៖ បុរសវ័យចំណាស់ម្នាក់ កំពុងជិះកង់លើដងផ្លូវសុខៗ ក៏ស្រាប់តែត្រូវរថយន្ត១គ្រឿង មិនស្គាល់ម៉ាក បើកក្នុងល្បឿនលឿន រួចក៏ជ្រុលចង្កូតមកបុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលឱ្យបុរសចំណាស់បោកទៅនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែករថយន្តបង្កបាន បន្ថែមល្បឿនរត់គេចបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ នៅតាម បណ្តោយផ្លូវខេត្តលេខ 1212A ចន្លោះបង្គោលគីទ្បូម៉ែត្រលេខ៤-៥ ត្រង់ចំណុចភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី។
បុរសរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ មានឈ្មោះអ៊ូច សើ អាយុ៥៨ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែករថយន្តបង្ក មិនស្គាល់ម៉ាក និងស្លាកលេខ ក្រោយកើតហេតុ អ្នកបើកបរបានបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោល។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើ ជិះកង់តែម្នាក់ឯង ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាក និងស្លាកលេខ គ្រាន់តែដឹងថា ពណ៌ស បើកក្នុង ល្បឿនយ៉ាងលឿនដូចហោះ ក្នុងទិសដៅពីកើតទៅលិច (ស្របទិសគ្នាជាមួយកង់) រួចក៏ជ្រុលចង្កូតមកបុកកង់ជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឱ្យជនរងគ្រោះបោកទៅលើថ្នល់ស្លាប់ភ្លាមៗមួយរំពេច។
ក្រោយកើតហេតុរថយន្តបង្ក បានបើកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល៕