Saturday, September 13, 2025
Homeសង្គម និងជីវិតឈឺចាប់ប្តីវ៉ៃដំ ប្រពន្ធផ្តាំលាកូន រួចបញ្ចប់ជីវិតខ្លួនឯង

ឈឺចាប់ប្តីវ៉ៃដំ ប្រពន្ធផ្តាំលាកូន រួចបញ្ចប់ជីវិតខ្លួនឯង

ខេត្តស្វាយរៀង ៖ ស្ត្រីម្នាក់ព្រោះតែមានវិបត្តិក្នុងគ្រួសារ ត្រូវប្តីប្រើអំពើហិង្សាវាយដំ ធ្វើទុក្ខបុកម្នេញគ្រប់សព្វបែបយ៉ាង រហូតដល់ទ្រាំទ្រលែងបាន ក៏ដាច់ចិត្តចងកសម្លាប់ខ្លួន ដោយបន្សល់ទុកលិខិតបណ្តាំចំនួន៤សន្លឹក ផ្តាំលាកូន ព្រមទាំងពឹងពាក់ឱ្យសាច់ញាតិ បងប្អូនជួយមើល ថែទាំកូនជំនួសខ្លួនផង។

ករណីស្ត្រីចងកធ្វើអត្តឃាតចោលកូន ព្រោះតែទ្រាំនឹងទង្វើហិង្សារបស់ប្តីលែងបាននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិសាម៉ ឃុំស្វាយរំពា ស្រុកស្វាយទាប។

ស្ត្រីដែលចងកធ្វើអត្តឃាត មានឈ្មោះយឹម សេដា អាយុ៣៩ឆ្នាំ មុខរបរធ្វើស្រែ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ក្រុមគ្រួសារស្ត្រីរងគ្រោះ រស់នៅមិនសូវចុះសម្រុងនឹងគ្នាទេ ឧស្សាហ៍កើតមានទំនាស់ពាក្យសម្តីនឹងគ្នាខ្លាំងណាស់ ពិសេសបុរសជាប្តីចូលចិត្តប្រើហិង្សាវាយដំប្រពន្ធសឹងរាល់ថ្ងៃ ហើយកន្លងមក ស្ត្រីជាប្រពន្ធក៏ធ្លាប់បានប្តឹងសុំអន្តរាគមន៍ ពីអាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំដែរ តែនៅតែរកដំណោះស្រាយមិនបាន ទីបំផុត ធ្វើឱ្យស្ត្រីរងគ្រោះតូចចិត្តក៏ជ្រើសយកវិធីបញ្ចប់ជីវិត ដើម្បីដោះស្រាយបញ្ហាតែម្តង។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះ បានដើរចេញទៅខាងក្រោយផ្ទះបាត់ មិនឃើញត្រឡប់មកវិញសោះ រហូតដល់ម៉ោងកើតហេតុ កូនៗមិនឃើញម្តាយត្រឡប់មកផ្ទះវិញ ក៏នាំគ្នាដើរទៅរកមើលនៅខាងក្រោយផ្ទះ ស្រាប់តែប្រទះឃើញ ម្តាយចងកស្លាប់ នៅក្នុងជង្រុកស្រូវខាក្រោយផ្ទះបាត់ទៅហើយ ទើបស្រែកឆោឡោឡើង ផ្អើលដល់អ្នកជិតខាងចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះពិនិត្យដល់កន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើក្រមាចងកភ្ជាប់ទៅនឹងផ្ទោងក្នុងជង្រុកស្រូវខាងក្រោយផ្ទះចំងាយ៣ម៉ែត្រ។ ជាមួយនេះ សមត្ថកិច្ចបានរកឃើញលិខិតបណ្តាំរបស់ស្ត្រីរងគ្រោះចំនួន៤សន្លឹក ដែលបានបន្សល់ទុក ដោយបង្កប់នូវអត្ថន័យតូចចិត្តនឹងគ្រួសារ ដែលមានជម្លោះស្ទើររាល់ថ្ងៃ ពុំដែលមានក្តីសុខឡើយ។

លិខិតបណ្តាំរបស់ស្ត្រីរងគ្រោះ មានខ្លឹមសារទាំងស្រុងថា “គ្មានទេ ភាពយុត្តិធម៌សម្រាប់មនុស្សស្រី ប្តីជេរប្រមាថប្រៀបប្រដូចស្រីលក់ខ្លួន ជេរម្តាយ វាយធ្វើបាបទាំងផ្លូវចិត្ត ក្នុងគ្រួសារមានតែ អំពើហិង្សា គ្មានអ្នកណាអាចជួយរំលែកទុក្ខខ្ញុំបានទេ ពឹងផ្លូវច្បាប់ គ្មានអ្នកណាជួយ ឯបងប្អូនគ្មានអ្នកណាហ៊ានជួយ ព្រោះយល់ថាជារឿងក្នុងគ្រួសារ។ បើខ្ញុំទ្រាំតទៅទៀត ខ្ញុំខ្មាសអ្នកស្រុក ពិសេសមេភូមិ មេឃុំ ខ្ញុំសុំឱ្យគេជួយ គេមិនដែលរវល់នឹងខ្ញុំទេ ព្រោះគេយល់ថា ក្នុងគ្រួសារខ្ញុំ ឈ្លោះប្រកែកគ្នាញឹកញាប់ជារឿងធម្មតា មានតែការស្លាប់មួយមុខ ទើបជួយខ្ញុំបានឱ្យអស់កម្មពៀរ គ្មានការឈ្លោះប្រកែកតទៅទៀត។ បងប្អូន ពូមី យាយតា អ៊ំប្រុសស្រី ញាតិមិត្តជិតខាង កុំជេរ កុំខឹងខ្ញុំអី ថាខ្ញុំល្ងង់ ខ្ញុំហត់នឿយ ណាស់ ក្នុងការរស់នៅជាមួយប្តីខ្ញុំ សេចក្តីទុក មានតែខ្ញុំទេ ដែលអាចយល់បាន។

បងធំ ប្អូនណា ប្អូនខេម ប្អូននាង កូនឃុន មើលកូនចាស្មៀនខ្ញុំផង មើលកូនឃុនផង ទ្រព្យរកស៊ីលក់ចេញទៅ ឃុនឱ្យម៉ែសុំទោសដែលម៉ែទៅចោលកូន ព្រោះម៉ែគ្មានអ្វីទុកឱ្យកូន មានតែបំណុលទុកឱ្យកូន និងមើលប្អូនផងណា ឈប់ដើរលេងផ្តេសផ្តាស…”។

ក្រោយពីពិនិត្យ និងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់សាកសពទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES