ខេត្តសៀមរាប ៖ បុរសវ័យចំណាស់ជាជនពិការជើងម្នាក់ (ស្វិតជើង) ត្រូវបានជនដៃដល់ជាឃាតករដៃឆៅ រស់នៅផ្ទះទល់មុខគ្នា និងធ្លាប់ជាដៃគូផឹកស្រាសជាមួយគ្នាផង មិនដឹងជាមានគំនុំអ្វីក្នុងចិត្ត ក៏លបចូលទៅរកជនរងគ្រោះដល់ក្នុងមុងដេកលើគ្រែក្រោមផ្ទះ រួចចាប់អារក សម្លាប់យ៉ាងឃោរឃៅ បណ្តាលឱ្យបុរសស្វិតជើងដេកស្លាប់ក្នុងថ្លុកឈាមគួរឱ្យរន្ធត់បំផុត។
ករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ បានកើតឡើងកាលពីវេលាយប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចលើគ្រែខាងក្រោម ផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិថ្នល់ចែក ឃុំកើនសង្កែ ស្រុកសូទ្រនិគម។
ជនសង្ស័យជាឃាតករចិត្តកំណាច មានឈ្មោះអ៊ុច ចាន់ណា ហៅជីវ អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិថ្នល់ចែក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម។ ចំណែកបុរសរងគ្រោះមានឈ្មោះឈិត ខ្វាន់ អាយុ៥៦ឆ្នាំ ជាជនពិការជើង (ស្វិតជើង) ដើរកាន់ឈើច្រត់ មានលំនៅក្នុងភូមិកើតហេតុខាងលើ (ទល់មុខផ្ទះគ្នាជាមួយជនសង្ស័យ)។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមក រវាងជនរងគ្រោះ និងជនដៃដល់ គឺមានទំនាក់ទំនងជាមួយគ្នាល្អខ្លាំងណាស់ ដោយអ្នកទាំងពីររស់នៅផ្ទះទល់មុខគ្នា និងធ្លាប់ជាដៃគូផឹកស្រាសជាមួយគ្នាទៀតផង ហើយមិនដែលមានទំនាស់ ឬគំនុំអ្វីជាមួយគ្នាសោះ ស្រាប់តែនៅសុខៗ មិនដឹងជាមានបញ្ហាអ្វី បែរជាជនដៃដល់ដាច់ចិត្តប្រព្រឹត្តអំពើឃាតកម្មទៅលើជនរងគ្រោះយ៉ាងសាហាវព្រៃផ្សៃបែបនេះតែម្តង។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីក្បាលព្រលប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះ បានចូលទៅសម្រាន្តនៅលើគ្រែខាងក្រោមផ្ទះរបស់ខ្លួនដូចសព្វដង។ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យក៏បានកាន់កាំបិតប៉័ងតោ ដើរចូលទៅផ្ទះ ជនរងគ្រោះ ហើយបានចូលទៅរកជនរងគ្រោះដល់ក្នុងមុង បន្ទាប់មក ក៏ចាប់ជនរងគ្រោះអារផ្តាច់បំពង់ក បណ្តាលឱ្យដាច់បំពង់ខ្យល់ រយះយ៉ាងធំ បណ្តាលឱ្យជនរងគ្រោះស្លាប់ក្នុងថ្លុកឈាម នៅនឹងកន្លែងភ្លាមៗ។
ប្រភពខាងលើ បញ្ជាក់ថា បន្ទាប់ពីធ្វើសកម្មភាពចាប់អារកសម្លាប់ជនរងគ្រោះរួចហើយ ជនសង្ស័យ ក៏បានទុកកាំបិតប៉័ងតោចោលនៅលើគ្រែ ក្បែរសាកសព រួចរត់ចេញពីផ្ទះជនរងគ្រោះ ព្រមទាំងស្រែកឆោឡោថា “មានរឿងហើយៗ” ហើយក៏រត់គេចខ្លួនបាត់ស្រមោល៕