ភ្នំពេញ ៖ បុរសម្នាក់ កំពុងជិះម៉ូតូដឹកស្រីស្នេហ៍ ដើរលេងសុខៗ ក៏ស្រាប់តែត្រូវក្មេងស្ទាវម្នាក់ បានកាន់កាំបិតប៉័ងតោ ស្ទុះមកដេញកាប់ទាំងកំរោល ធ្វើឱ្យគូសង្សារខាងលើភ័យ ផ្តួលម៉ូតូចោលរួចដឹកដៃគ្នារត់ ទើបក្មេងស្ទាវរូបនោះខឹងកាប់មនុស្សមិនបាន ក៏កាប់ម៉ូតូ បណ្តាលឱ្យរងការ ខូចខាតយ៉ាងដំណំ។
ករណីក្មេងស្ទាវកាប់កាំបិតដេញកាប់គូស្នេហ៍១គូនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃ០៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យដែលកាន់កាំបិតប៉័ងតោដេញកាប់គេដោយគ្មានមូលហេតុនេះ មានឈ្មោះជា ចាន់ដារ៉ា អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀនក្នុងខ្លួន)។ ចំណែកជនរងគ្រោះ ជាម្ចាស់ម៉ូតូ មានឈ្មោះមាស រតនៈ អាយុ២៧ឆ្នាំ មុខរបរមន្ត្រីយោធា ស្នាក់នៅផ្ទះជួលសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ រីឯម៉ូតូដែលត្រូវជនសង្ស័យកាប់ខូចខាត ម៉ាកឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FJ-0469 ខូចខាតផ្នែកខាងក្រោយ ខាងស្តាំ និងដាច់ខ្សែភ្លើងខាងក្នុង។

តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូដឹកសង្សាររបស់គាត់ចេញពីផ្ទះ បំណងទៅដើរលេង ស្រាប់តែពេលជិះម៉ូតូដឹកស្រីស្នេហ៍ មកដល់ចំណុចកើតេហតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យខាងលើ បានកាន់កាំបិតប៉័ងតោជាប់ នឹងដៃ រត់សំដៅមករកពួកគាត់ ភ្លាមនោះគាត់ឃើញបែបនេះ ក៏ផ្តួលម៉ូតូចោល រួចដឹកដៃសង្សាររត់ចេញេពីម៉ូតូ ស្រាប់តែជនសង្ស័យបានយក កាំបិតកាប់ទៅលើម៉ូតូរបស់គាត់ បណ្តាលឱ្យខូចខាតតែម្តង៕