Saturday, September 13, 2025
Homeសង្គម និងជីវិតខឹងប្តីមានស្រី ប្រពន្ធមានផ្ទៃពោះជិតគ្រប់ខែ ដឹកដៃកូនស្រីរត់ចូលឡាន

ខឹងប្តីមានស្រី ប្រពន្ធមានផ្ទៃពោះជិតគ្រប់ខែ ដឹកដៃកូនស្រីរត់ចូលឡាន

ភ្នំពេញ ៖ ស្ត្រីម្នាក់ព្រោះតែខូចចិត្តនឹងរឿងប្តីចុះចោលទៅមានស្រីថ្មី ណាមួយជិតគ្រប់ខែសម្រាលអត់មានលុយសម្រាល ទៅរកខ្ចីលុយអ្នកណាក៏មិនបាន ទើបធ្វើឱ្យមួម៉ៅក្តៅក្រហាយក្នុងចិត្ត ក៏ផឹកស្រារហូតស្រវឹងធ្លាក់ភ្នែក រួចក៏ចាប់ផ្តើមបញ្ចេញកំហឹងដាក់កូនស្រី វាយដំ រួចចាប់អូសដៃកូនស្រីបម្រុងរត់ចូលឡានកំពុងបើកតាមផ្លូវ បំណងសម្លាប់ខ្លួនទាំង២នាក់ម្តាយកូន ប៉ុន្តែត្រូវបានប្រជាពលរដ្ឋប្រទះឃើញចាប់ឃាត់ទាន់ពេលវេលា រួចរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍។

ហេតុការណ៍ ម៉ែស្រវឹងស្រាវាយដំកូនស្រី រួចអូសដៃរត់ចូលឡានបំណងសម្លាប់ខ្លួនទាំង២នាក់ម៉ែកូននេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចរង្វង់មូលចោមចៅ ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីជាម្តាយដែលដឹកដៃកូនស្រីបម្រុងរត់ចូលឡានសម្លាប់ខ្លួននេះ មានឈ្មោះស្រឿន ចន្ធី អាយុ៣២ឆ្នាំ ស្នាក់នៅបន្ទប់ជួលម្តុំខាងជើងសាលាសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកកូនស្រី មានឈ្មោះសុខ ស្រីស្រស់ អាយុ៨ឆ្នាំ។

តាមសម្តីស្ត្រីម្នាក់ដែលឃើញហេតុការណ៍ខាងលើផ្ទាល់ភ្នែក បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ គាត់កំពុងតែអង្គុយហូបអាហារពេលយប់នៅម្តុំរង្វង់មូលចោមចៅ លុះបន្តិចក្រោយមក ក៏ស្រាប់តែឃើញស្ត្រីខាងលើ ស្ថិតក្នុងសភាពស្រវឹងជោកជាំ ចុះពីលើកង់បីវាយកូនស្រីតូចអាយុប្រមាណ៨ឆ្នាំ បណ្តាលឱ្យនាងតូចស្រែកយំផ្អើលអ្នកដំណើរ។ បន្ទាប់មក ស្ត្រីជាម្តាយរូបនេះ ក៏បានចាប់អូសទាញដៃកូនស្រី បម្រុងរត់ចូលរថយន្តដែលកំពុងបើកតាមផ្លូវ បំណងសម្លាប់ខ្លួនទាំងម៉ែទាំងកូនទៀតផង តែសំណាងល្អពេលនោះ មានអ្នកឃើញហេតុការណ៍ នាំគ្នាជួយឃាត់ និងចាប់ស្ត្រីរូបនោះជាប់ បន្ទាប់មកក៏រាយការណ៍ ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយអន្តរាគមន៍ នាំទៅប៉ុស្តិ៍ដើម្បីសាកសួរតែម្តង។

តាមស្ត្រីឈ្មោះស្រឿន ចន្ធី បានរៀបរាប់ប្រាប់ថា គាត់មានវិបត្តិធំធេងខ្លាំងណាស់ រកដំណោះស្រាយមិនឃើញទេ ដោយប្តីគាត់បានចុះ ចោលទៅមានស្រីថ្មីបាត់ទៅហើយ ទុកឱ្យគាត់កំពុងពពោះជិតគ្រប់ខែចិញ្ចឹមបីបាច់កូនស្រីអាយុ៨ឆ្នាំតែម្នាក់ឯង ណាមួយគាត់អត់មានលុយ សម្រាប់ទុកសម្រាលផង ទើបនាំកូនស្រីដើរទៅរកខ្ចីលុយបងប្អូន និងអ្នកស្គាល់គ្នា ដើម្បីយកមកទុកសម្រាលកូន តែគ្មានអ្នកណាឱ្យខ្ចីសោះ ទើបធ្វើឱ្យគាត់ទ័លច្រកទ័លគំនិតខ្លាំងពេក គិតអ្វីមិនចេញ ក៏ផឹកស្រាដើម្បីបំបាត់ទុក លុះពេលស្រាចូលដល់ក្នុងខ្លួន ក៏កាន់តែគិតអ្វីលែងចេញ នឹកឃើញតែផ្លូវស្លាប់១មុខគត់ ទើបគាត់ដាច់ចិត្តចាប់អូសដៃកូនស្រី បំណងរត់ចូលឡានដើម្បីឱ្យឡានបុកស្លាប់ទាំង២នាក់ម្តាយកូនតែម្តង តែមិនបានសម្រេច បំណងទេព្រោះមានអ្នកឃើញជួយចាប់ឃាត់ទាន់៕

RELATED ARTICLES