ខេត្តប៉ៃលិន ៖ ដំណាំស្វាយ ប្រមាណ១៣០ដើម ត្រូវបានភ្លើងឆេះព្រៃ រាលឆេះបំផ្លាញអស់សង្ស័យបណ្តាលមកពីមានអ្នកដុតព្រៃ យកឃ្មុំ ធ្វើឱ្យកើតជាអគ្គិភ័យ និងត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេល។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
តាមប្រភពកសិករម្នាក់ ឈ្មោះម៉ៅ ភេទប្រុស បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រហែល ១១និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ខណៈដែលប្រជាពលរដ្ឋ ក៏ដូចជាអ្នកភូមិ នាំគ្នាធ្វើដំណើរត្រ ឡប់ពីចម្ការ ទៅផ្ទះរៀងៗខ្លួន នាំគ្នាហូបបាយ ស្រាប់តែមួយសន្ទុះក្រោយមក ឃើញមានហុយផ្សែងចេញពីជើងភ្នំខាងលើ លាយខ្យល់បក់មកពីទិសខាងជើង ទើបធ្វើឱ្យអណ្តាតភ្លើងឆេះកាន់តែខ្លាំងឡើងៗ រហូតដល់រាល ដាលឆ្ពោះទៅកាន់ភ្នំតូចធំ ភូមិអូរឈើក្រំ។

ប្រភពដដែល បន្តថា ស្របពេលដែលដំណាំស្វាយកែវរមៀត ក្នុងចម្ការរបស់ប្រជាពលរដ្ឋ នៅក្បែរនោះ មានស្លឹកស្វាយងាប់ ក៏ត្រូវភ្លើងឆាបឆេះរាលទៅក្នុងចម្ការ ទើបប្រជាពលរដ្ឋនៅក្នុងភូមិ និងអាជ្ញាធរមូលដ្ឋាន បានទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យ ខេត្តប៉ៃលិន ចេញអន្តរាគមន៍បាញ់ទឹកពន្លត់ ដើម្បីកុំឱ្យរាលដាលចូលទៅដល់ផ្ទះរបស់ប្រជាពលរដ្ឋនៅក្បែរនោះ ។

ប្រភពខាងលើ បញ្ជាក់ថា អគ្គិភ័យដែលឆាបឆេះនេះ គឺចាប់តាំងពីព្រឹក រហូតដល់ម៉ោង៤និង៤០នាទីរសៀល ដោយឆេះពីភ្នំមួយ ឆ្លងទៅភ្នំមួយ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋនិងម្ចាស់ផ្ទះ ម្ចាស់ចម្ការដំណាំនៅក្បែរៗនោះ ភិតភ័យគ្រប់គ្នា ហើយក្រោយមក រថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង បានបាញ់ទឹកពន្លត់ទាន់ពេលវេលា តែដំណាំស្វាយ ប្រមាណ១៣០ដើម ត្រូវបានភ្លើងឆេះខូចខាត។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបានដាក់ការសង្ស័យថា មានអ្នកដើររកឃ្មុំព្រៃ ដុតភ្លើង ភ្លេចពន្លត់ ទើប បណ្តាលឱ្យឆាបឆេះរាលដាលបែបនេះ ឬក៏អាចមានអ្នកជក់បារី ដែលដើរនៅតាមព្រៃភ្នំ ស្វែងរកសត្វព្រៃបោះ ចោលកន្ទុយបារី ទៅលើស្មៅងាប់ ក៏អាចបង្កជាភ្លើងឆេះព្រៃបែបនេះ។ ទោះបីជាយ៉ាងណា ក្រុមនគរបាលពន្លត់អគ្គិភ័យ ខិតខំប្រឹងប្រែងដឹកជញ្ជូនទឹក យកទៅបាញ់ពន្លត់ អស់ជាច្រើនរថយន្ត ទើបអាចគ្រប់គ្រងស្ថាន ការណ៍បាន៕