ភ្នំពេញៈនៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ លោកគួច ខេវិន បានបង្ហោះសារគាំទ្រចំណាត់ការរបស់លោកប៉ាង លីដា អភិបាល រងនៃគណៈអភិបាលខណ្ឌពោធិសែនជ័យបន្ទាប់ពីមានព័តមានបែកធ្លាយពេញបណ្ដាញសង្គមរឿងលោកកង វង្ស ចៅសង្កាត់ចោមចៅទី១ ព្រលានលោកលីដា រឿងលុបប្រឡាយទួលពង្រទី១ ធ្វើឲ្យលោកកង វង្ស មិនសប្បាយចិត្ត ។


លោកគួច ខេវិន អ្នកដឹកនាំផលិតកម្មវិធីទូរទស្សន៍ល្បីឈ្មោះថ្លែងសារថា«បើទោះជាខ្ញុំពុំមែនជា ប្រជាពលរដ្ឋរស់នៅខណ្ឌពោធិសែនជ័យក៏ដោយ ក៏ខ្ញុំពេញចិត្តពេញថ្លើមទៅនឹងកិច្ចការងារដឹកនាំ សហការនិងទទួលខុសត្រូវ របស់លោកពូប៉ាង លីដា អភិបាល រងនៃគណៈអភិបាលខណ្ឌពោធិសែនជ័យ ដែលលោកពូបានពុះពារជំនៈបោសសម្អាតសំណង់អនាធិបតេយ្យ រៀបរយ ផ្លូវថ្នល់ ប្រឡាយរំដោះទឹកកខ្វក់និង បំផ្លាញការចាក់ដី ចាក់ខ្សាច់លុបបឹង លុបប្រឡាយពីសំណាក់ជនខិលខូចនិងមន្ត្រីស៊ីពែខ្មោចព្រាយ រំលោភអំណាច ។ ខ្ញុំសូមកោតសរសើរនិងលើកទឹកចិត្តចំពោះលោកពូ ប៉ាង លីដា ក្នុងការបន្តអនុវត្តភារកិច្ចបោសសម្អាតភាពអនាធិបតេយ្យនានាក្នុងមូលដ្ឋានដែនសមត្ថកិច្ចរបស់លោក ហើយក៏ចូលរួមថ្កោលទោសមន្ត្រីស្រេកឃ្លានអំណាចតែមិនអាចបម្រើផលប្រយោជន៍ប្រជាពលរដ្ឋបាន សូមលោកពូ ប៉ាង លីដា មេត្តាបន្តការងារដោយជោគជ័យដើម្បីផលប្រយោជន៍សង្គម ហើយកុំ” រវល់រើសដុំថ្មគប់ក្បាលឆ្កែនៅតាមផ្លូវ” នាំឱ្យយឺតពេលដើម្បីសម្រេចគោលដៅ…»។

លោកប៉ាង លីដា អភិបាល រងនៃគណៈអភិបាលខណ្ឌពោធិសែនជ័យ

លោកប៉ាង លីដា អភិបាល រងនៃគណៈអភិបាលខណ្ឌពោធិសែនជ័យ
តាមប្រភពថាកាលពីថ្ងៃទី២៨ ខែមករា លោកកង វង្ស ចៅសង្កាត់ចោមចៅទី១ បានចេញវីដេអូ ដោយរៀបរាប់ពីបញ្ហាប្រទាំងប្រទើសជាមួយលោកអភិបាល រងខណ្ឌពោធិ៍សែនជ័យ ប៉ាង លីដា និងបោះពាក្យសម្ដីធ្ងន់ៗថា “ទោះជាយ៉ាងណាក៏លោកត្រូវតែ ដេញលោកអភិបាលរងរូបនេះ ចេញពីខណ្ឌពោធិ៍សែនជ័យ និងឆ្លងយោបល់ទៅលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទាមទារសុំឲ្យផ្ទេរលោក ប៉ាង លីដា ចេញពីអភិបាលរងខណ្ឌពោធិ៍សែនជ័យទៀតផង ។ ការលើកឡើងបែប ក្រោយពីលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ សហការជាមួយផ្នែកជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលការចាក់ដីខ្សាច់ បិទប្រឡាយទួលពង្រទី១ សង្កាត់ចោមចៅទី១ ហើយយធ្វើរបងគ្មានច្បាប់ទម្លាប់ ទើបលោកប៉ាង លីដា ទទួលបានព័ត៌មាននេះ ក៏ចុះពិនិត្យមើល និងវាស់វែងជាមួយផ្នែកជំនាញ ហើយឃើញមានការចាក់ ដីខ្សាច់បិទប្រឡាយ និងរៀបចំសាងសង់របងថ្ម មិនទាន់មានច្បាប់ទម្លាប់ ទើបធ្វើឲ្យលោក កង វង ចៅសង្កាត់ចោមចៅទី១ កើតការមិនសប្បាយចិត្ត រហូតរៀបរាប់ក្នុងវីដេអូហៅឈ្មោះលោក ប៉ាងលីដា ចំៗ និងមានបំណងដេញលោក ប៉ាង លីដា ឲ្យចេញពីអភិបាលរងខណ្ឌពោធិ៍សែនជ័យទៀតផង។ ប៉ុន្ដែនៅរសៀលថ្ងៃទី៣០ខែមករា លោកកង វង្ស បានចេញបង្ហោះលើហ្វេសបុកថា«រឿងខ្ញុំបាទ និងលោកអភិបាលរង០២ បានដោះស្រាយគ្នាចប់អស់ហើយ សូមកុំបន្ដទៀត ឈ្នះ ឈ្នះ»។


ក្រៅពីលោកគួច ខេវិន គេឃើញតារាចម្រៀងលោកទិត វិច្ឆិកា ,អ្នកសារព័តមានលោកផែន វណ្ណៈ រួមទាំងមហាជនជាច្រើនក៍បានចេញសារគាំទ្រលោកប៉ាង លីដា យ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គមផងដែរ ដោយចាត់ទុកលោកថាជាមន្រ្ដីល្អដែលរាស្ត្រត្រូវការ ៕

