ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ឈ្មោះហៅក្រៅ ចឺម ខឹងគេមើលងាយ និងថែមទាំងជេរម៉ែរបស់ខ្លួន បានទាញដំបងឈើដើមអាកាស្យា ទៅវាយរថយន្តរបស់គេ បណ្តាលឱ្យបែកកាងខាងលើផ្នែកក្រោយ ត្រូវបានកម្លាំងកងរាជ អាវុធហត្ថ ចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីហិង្សានិងធ្វើឱ្យខូចខាតដោយចេតនានេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង ៣០នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅចំណុចភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះនៅ មណ្ឌល ហៅចឺម ភេទប្រុស អាយុ៣៦ឆ្នាំ មានលំនៅ ភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច។ ចំណែកជនរងគ្រោះ មានឈ្មោះម៉ុក ភ័ស្ស ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលា ដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះនៅ មណ្ឌល ហៅចឺម ពាក់ព័ន្ធករណីហិង្សា និងធ្វើឱ្យខូចខាតដោយចេតនា ស្ថិតនៅភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ប្រភពដដែល បន្តថា មុនឈានដល់ការឃាត់ខ្លួន ជនសង្ស័យ ឈ្មោះនៅ មណ្ឌល ហៅចឺម បានធ្វើសកម្មភាពយកដំបងឈើដើមអាកាស្យា វាយទៅលើរថយន្តរបស់ជនរងគ្រោះ ឈ្មោះម៉ុក ភ័ស្ស ម៉ាកកូរ៉ូលឡា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2C-4852 បណ្តាលឱ្យបែកកាងខាងលើគូទក្រោយ។ មូលហេតុដោយសារជនសង្ស័យខឹងជនរងគ្រោះមើលងាយ ជេរប្រមាថ និងជេរម៉ែរបស់ខ្លួន។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕