ភ្នំពេញ ៖ ជនជាតិវៀតណាម ចំនួន១៧៥នាក់ ដែលពាក់ព័ន្ធករណីលួចស្នាក់នៅនិងធ្វើការងារដោយខុសច្បាប់ (Online Scams) ដែលត្រូវបានសមត្ថកិច្ចជំនាញបង្ក្រាបបាន ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សម្រេចបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា។

ការបណ្តេញជនជាតិវៀតណាម ១៧៥នាក់ ចេញពីកម្ពុជា នេះ បានធ្វើឡើង កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ បាវិត ខេត្តស្វាយរៀង។

តាមប្រភពអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ដោយតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន១៧៥នាក់ (ស្រី៣៩នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (Online Scams)។ ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានទទួលពីនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕
