ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការតវ៉ាជាផ្លូវការ ប្រឆាំងនឹងការដាក់កុងតឺន័រ ចំនួនបី ដោយកងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា ដែលរារាំងដល់ការចូលទៅកាន់ច្រកព្រំដែនអន្តរជាតិ អានសេះ ដែលជាសកម្មភាពរំលោភបំពានយ៉ាង ជាក់ច្បាស់ លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា លេខ ៖ បព ១៤/២០២៦ កបទ.សអ ចុះថ្ងៃពុធ ២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ស្តីពីកម្ពុជា តវ៉ាជំទាស់នឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅតំបន់អានសេះ មានខ្លឹមសារទាំងស្រុងថា «ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជា សូមតវ៉ាជាផ្លូវការ ប្រឆាំងនឹងការដាក់កុងតឺន័រ ចំនួនបី នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយកងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា ដែលរារាំងដល់ការចូលទៅកាន់ច្រកព្រំដែនអន្តរជាតិ អានសេះ។
សកម្មភាពនេះ ដែលជាការរំលោភបំពានយ៉ាងជាក់ច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា អាចនឹងធ្វើឱ្យមានការផ្លាស់ប្តូរបរិយាកាសសន្តិសុខនៅក្នុងនិងជុំវិញតំបន់ស៊ីវិល ពង្រឹងការគ្រប់គ្រង់ដោយយោធា ឬបង្កើតស្ថានភាពថ្មី នៅលើទីតាំងជាក់ស្តែង ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹង និងរារាំងដល់ការវិលត្រឡប់ដោយសុវត្ថិភាពនិងថ្លៃថ្នូរ របស់ប្រជាជនស៊ីវិល ទៅកាន់ផ្ទះសម្បែង និងទ្រព្យ សម្បត្តិរបស់ពួកគេវិញ។
កម្ពុជា ជំទាស់យ៉ាងដាច់អហង្ការ ចំពោះសកម្មភាពខុសច្បាប់នេះ ដែលជាការពង្រឹងការកាន់កាប់លើទឹកដីកម្ពុជា ដោយប្រទេសថៃ។ សកម្មភាពនេះ ផ្ទុយនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេស លើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងបំពានទៅនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។

កម្ពុជា សូមបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួននិងឥតងាករេ ក្នុងការស្វែងរកដំណោះស្រាយ ប្រកប ដោយមិត្តភាព ចំពោះជម្លោះព្រំដែនទាំងអស់ ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ តាមរយៈមធ្យោបាយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ ។ ទន្ទឹមនឹងនេះ ប្រកាន់ខ្ជាប់នូវគោល ជំហរជាគោ លការណ៍ថា ព្រំដែន មិនត្រូវបានផ្លាស់ប្តូរដោយកម្លាំងឡើយ»។
គួរបញ្ជាក់ថា ក្រៅពីសកម្មភាពឈ្លានពាន ដាក់ទូកុងតឺន័រ លើទឹកដីកម្ពុជា នៅតំបន់អានសេះ ខាងលើនេះ កងកម្លាំងប្រដាប់អាវុធថៃ ក៏បានធ្វើសកម្មភាពឈ្លានបាន ដាក់កុងតឺន័រ និងលួសបន្លា លើទឹកដីអធិបតេយ្យរបស់កម្ពុជា នៅតំបន់ផ្សេងៗទៀត ដោយមិនគោរពកិច្ចព្រមព្រៀង បទឈប់បាញ់ និងច្បាប់អន្តរជាតិសោះឡើយ។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ថា «ខាងអ្នកសារព័ត៌មានជាតិ មកពី ១២អង្គភាព ក្រោមការសម្របសម្រួលដឹកនាំដោយក្រសួងព័ត៌មាន កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានចុះទៅយកព័ត៌មានអំពីការឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា នៅក្នុងខេត្តបន្ទាយមានជ័យ។ យោធាកម្ពុជា នៅជួរមុខ បានឱ្យដឹងថា ទូកុងតឺន័រ ក្នុងរូបភាពនេះ ត្រូវបានយោធាថៃ ទើបដាក់ ក្រោយបទឈប់បាញ់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ចូលជាធរមាន។ ការដាក់ទូកុងតឺន័រ ធ្វើឲ្យការធ្វើដំណើរពីទីប្រជុំជនក្រុងបោយប៉ែត ទៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវរាំង ស្ទះ ត្រង់បង្គោលគីឡូមែត្រលេខ ២០-២១ ត្រង់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដោយត្រូវប្រើប្រាស់ផ្លូវវាងជំនួស។ កម្ពុជា បានធ្វើការតវ៉ាចំពោះសកម្មភាពនៃការឈ្លានពាន និងការរំលោភបំពានពីសំណាក់យោ ធាថៃ»។
ដោយឡែក លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានសរសេរក្នុងគណនីនិងទំព័រហ្វេសប៊ុក របស់លោក នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ថា «ភ្ជាប់ជាមួយយោបល់ ៖ តាមប្រភពព័ត៌មានក្នុងស្រុក CNC TV នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឲ្យដឹងថា យោធាថៃ ដាក់ទូកុងតឺន័រ កាត់ទទឹងផ្លូវជាតិលេខ៥៨ ហ៊ុមព័ទ្ធភូមិជោគ ជ័យ ក្នុងទឹកដីកម្ពុជា ក្រោយអនុវត្តបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ការដាក់ទូកុងតឺន័រនេះ មិនអាចឱ្យពលរដ្ឋកម្ពុជា ធ្វើដំណើរបានទេ។
ប្រភពឲ្យដឹងទៀតថា ផ្លូវលេខ៥៨ នេះ ត្រូវឆ្លងកាត់ពីទីប្រជុំជនក្រុងបោយប៉ែត្រ ទៅក្រុងសំរោង ខេត្តឧត្តរមាន ជ័យ ដោយត្រូវរាំងស្ទះនៅត្រង់បង្គោលគីឡូម៉ែត្រលេខ ២០-២១ ត្រង់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប៉ុន្តែអាចប្រើប្រាស់ផ្លូវវាងជំនួសបាន តែវាងឆ្ងាយបន្តិច។
គួរបញ្ជាក់ថា ទង្វើរបស់យោធាថៃ នៅតែបន្តឈ្លានពានយ៉ាងគឃ្លើន មកលើដែនអធិបតេយ្យកម្ពុជា ដោយរំលោភច្បាប់អន្តរជាតិ យ៉ាងធ្ងន់ធ្ងរ។

យោបល់ ៖ រដ្ឋាភិបាលកម្ពុជា ត្រូវប្រញាប់ប្តឹងប្រទេសថៃ ទៅតុលាការអន្តរជាតិ ICJ និង ICC ដោយកុំបង្អង់យូរ។ ការប្តឹងនេះ គប្បីធ្វើឡើងគ្រប់គ្រប់ទីតាំងទាំងអស់ ក្នុងរឿងភាគីថៃ ឈ្លានពានកម្ពុជា»៕ ខៀវទុំ