Friday, February 6, 2026
Homeព័ត៌មានជាតិកម្ពុជា រងឥទ្ធិពលព្យុះ ពែនញ៉ា អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់

កម្ពុជា រងឥទ្ធិពលព្យុះ ពែនញ៉ា អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតិនុយម បានបញ្ជាក់ឱ្យដឹងថា កម្ពុជា បានរងឥទ្ធិពលព្យុះទី២ ឈ្មោះថា “ពែនញ៉ា” (Penha) ធ្វើឱ្យមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់។

យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពព្យុះទី២ ឈ្មោះពែនញ៉ា របស់ក្រសួងធនធានទឹកនៅថ្ងៃទី៥ កុម្ភៈ បានឲ្យដឹងថា បន្ទាប់ពីធ្វើការតាមដាន វិភាគនិងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹកនិងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជន ឱ្យបានជ្រាបថា សម្ពាធទាប ដែលកើតនៅមាហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី២ឈ្មោះ ពែនញ៉ា (Penha) T2602។ ប្រទេសកម្ពុជា ពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះទេ។ ព្យុះពែនញ៉ា នេះ មានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិន ខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។

ក្រសួងធនធានទឹកនិងឧតុនិយម បានបន្តថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតំបន់វាលទំនាប ៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង ត្បូងឃ្មុំ ស្វាយរៀង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ ជា មួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ១៥ភាគរយ។

តំបន់ខ្ពង់រាប ៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀង ធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ១០ភាគរយ។ ចំណែកខេត្តស្ទឹងត្រែង និងរតនគិរី ពុំមានភ្លៀងធ្លាក់ទេ។

ដោយឡែកនៅតំបន់មាត់សមុទ្រ ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ២០ភាគរយ។ រលកសមុទ្រ មានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យម អតិបរមា ១,២០ម៉ែត្រ។

យោងលើការព្យាករដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេស បងប្អូនដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក។ ក្រសួងធនធានទឹកនិងឧតុនិយម នឹងបន្តធ្វើការតាមដាននិងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕

RELATED ARTICLES