Friday, April 24, 2026
Homeនយោបាយបញ្ហាជម្លោះព្រំដែន ថៃ ចង់បានដំណោះស្រាយពីរ កម្ពុជា ត្រូវចៀសវាង

បញ្ហាជម្លោះព្រំដែន ថៃ ចង់បានដំណោះស្រាយពីរ កម្ពុជា ត្រូវចៀសវាង

ភ្នំពេញ ៖ អ្នកវិភាគ បានលើកឡើងថា ក្នុងជម្លោះព្រំដែនជាមួយកម្ពុជា មានដំណោះស្រាយពីរ ដែលថៃ ចង់បាន នោះគឺការបង្កឲ្យមានសង្គ្រាមឡើងវិញ និងការប្រើកិច្ចចរចាទ្វេភាគី ដែលដំណោះស្រាយទាំងពីរនេះ កម្ពុជា ត្រូវតែចៀសវាង ព្រោះចាញ់ប្រៀបថៃ។

លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយ និងជាអ្នកសិក្សាសង្គមដើម្បីការអភិវឌ្ឍន៍ បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ថា “ដំណោះស្រាយពីរ ដែលថៃ ចង់បានក្នុងជម្លោះព្រំដែនជាមួយកម្ពុជា នោះគឺ : 1.ការបង្ករឲ្យមានសង្គ្រាមឡើងវិញ ដែលកន្លងមកគេបានដឹងថា បើសង្គ្រាមម្តងទៀត គេនឹងបានចំណេញថែមពីលីអ្វីដែលគេបានចំណេញរួចហើយ។ 2. ការប្រើកិច្ចចរចារទ្វេភាគី !!! ក្នុងករណីទីពីរនេះ យើងត្រូវយល់ថា ការចរចា មានយុត្តិធម៌ លុះត្រាតែភាគីទាំងសងខាង មានកម្លាំងឬអំណាចប្រហាក់ប្រហែលគ្នា ទើបការចរចាអាចទទួលបានផ្លែផ្កា តែបើម្ខាងធំ ម្ខាងតូច ឬម្ខាងខ្លាំង ម្ខាង ខ្សោយ នោះប្រយោជន៍នឹងត្រូវតែបានទៅអ្នកខ្លាំង ឯភាគីខ្សោយ ត្រូវធ្វើសម្បទានទៅតាមអ្វីដែលអ្នកខ្លាំងគេទាមទារ ។ ដូច្នេះជាការយល់ឃើញរបស់ខ្ញុំ ដំណោះស្រាយទាំងពីរ ខាងលើ គួរតែត្រូវចៀសវាងក្នុងពេលនេះ ! បើច្បាំង ត្រូវអាណិតជីវិតយុទ្ធជន បើចរចា វាប្រាកដណាស់ថា អ្នកខ្លាំង នឹងបន្តយកប្រៀបលើអ្នកខ្សោយ ដោយចៀសមិនរួច!! លើសពីនេះទៀត អ្វីដែលថៃ ប៉ុនប៉ង គឺបង្កើតឲ្យមានដំណោះស្រាយទី១ (សង្គ្រាម) ជាលេស ហើយបង្ខំឲ្យកម្ពុជា ទទួលយក។ ទីពីរ គឺការចរចា ដែលគេរង់ចាំយកប្រៀបលើយើងរួចជាស្រេច!“ ។

 ក្រៅពីលើកឡើងពីរចំណុចខាងលើនេះ លោកបណ្ឌិត មាស នី បានធ្វើការកត់សម្គាល់ថា រាល់ពេលកម្ពុជា ប្រកាសគ្រោងប្ដឹងទៅតុលាការអន្តរជាតិ ថៃ តែងបង្ហាញពីការរករឿងយើង ដោយប្រើកម្លាំងអាវុធ ។ ដូច្នេះទោះបីជម្រើសចង្អៀត កម្ពុជា ត្រូវតែត្រៀមទាំងទ្វារមុខនិងទ្វារក្រោយ ព្រោះការធ្វើជាអ្នករងគ្រោះ មិនមែនជាដំណោះស្រាយល្អទេ ពេលអាសន្នមកដល់ គេមិនអាណិតយើង និងមិនផ្តល់ដំណោះស្រាយយុត្តិធម៌ឲ្យយើងឡើយ ។

លោកបណ្ឌិត មាស នី បានសរសេរបន្ថែម នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ថា “រាល់ពេលដែលថៃ មានដំណឹងថា កម្ពុជា គ្រោងនឹង ឬប្តឹង គេតែងបង្ហាញពីការរករឿងយើង ដោយប្រើកម្លាំងអាវុធ ដូច្នេះ កម្ពុជា ទោះបីជម្រើសចង្អៀត ត្រូវតែត្រៀមទាំងទ្វារមុខនិងទ្វារក្រោយ ! ក្នុងស្ថានភាពដែលជម្រើសកាន់តែចង្អៀត យើងត្រូវតែឆ្លាត ហើយមានការតាំងចិត្តខ្ពស់ ទើបការពារតម្លៃនិងភាពមានប្រៀបរបស់យើងបាន ! ការធ្វើជាអ្នករងគ្រោះ មិនមែនជាដំណោះស្រាយល្អ ពេលអាសន្នមកដល់ !! គេមិនអាណិតយើងទេ គេមិនផ្តល់ដំ ណោះស្រាយយុត្តិធម៌ឲ្យយើងឡើយ តែយើងត្រូវតែគិតឲ្យបានជ្រៅជាងអ្វីដែលយើងកំពុងគិតនៅពេលនេះ ! (leave our comfort zone)“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកបណ្ឌិត មាស នី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ថា ក្រៅពីចៀសវាងនូវដំណោះស្រាយទាំងពីរ ខាងលើ កម្ពុជា ត្រូវតែប្រើយន្តការច្បាប់អន្តរជាតិ តាមរយៈការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឬទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ព្រោះនេះជាទ្វារមុខនិងទ្វារក្រោយ របស់កម្ពុជា ដែលត្រូវតែបើកក្នុងជម្រើសដ៏ចង្អៀត ។

លោកបណ្ឌិត មាស នី បានមានប្រសាសន៍ថា “បាទ! នេះជាការរៀនសូត្រពីស្អីដែលយើងសង្កេតមើលពីប្រតិកម្មរបស់ថៃ មកលើបញ្ហាព្រំដែន ហើយខ្ញុំបានគិតតាំងពីដើមថា ថៃគេដឹងខ្លួនថា គេឈ្លានពានយើង មិនមែនគេមិនដឹងទេ ហើយនាយករដ្ឋមន្រ្តីថៃ ហ្នឹងក៏ចង់បានការឈ្លានពាន ដើម្បីដណ្ដើមយកទឹកដីងហ្នឹង ជាស្នាដៃយកទៅផ្គួបជាមួយនឹងប្រជាប្រិយភាពរបស់គេ ដើម្បីឡើងមកជានាយករដ្ឋមន្រ្តី ជាប់ឆ្នោត ។ អ៊ីចឹងក្នុងស្ថានភាពបែបហ្នឹង សម្រាប់នាយករដ្ឋមន្រ្តីអនុធិន គាត់នឹងនៅតែព្យាយាមគំរាមកម្ពុជា តទៅទៀត ហើយប្រសិនបើការចរចាទ្វេភាគីនៅពេលនេះ ដោយសារតែគេមានកម្លាំងទ័ពហ្នឹងខ្លាំង អ៊ីចឹងគេអាចប្រើនូវវិធីសាស្រ្តច្រើន យកប្រៀបមកលើយើង នៅពេលមានការចរចា ។ ប្រសិនបើកម្លាំងទ័ពហ្នឹងនៅស្មើគ្នា ការចរចា ខ្ញុំជឿថា មានការចរចាបញ្ចប់សង្រ្គាម ប៉ុន្តែប្រសិនបើកម្លាំងអតុល្យភាព ដូចដែលយើងបានឃើញសព្វថ្ងៃនេះ ការចរចា នឹងអាចមានន័យថា ពេលដែលគេដាក់សំណើមក ឧទាហរណ៍ថា គេកាន់កាប់ដី ៣០-៤០កន្លែង នៅពេលចរចា គេថា ឥឡូវហ្នឹង គេយក ១៥កន្លែង អាហ្នឹងឧទាហរណ៍ថា តិច ហើយសល់ប៉ុន្មាន គេប្រគល់ឲ្យវិញ កន្លែងណាដែលគេមិនត្រូវយក ប្រគល់ឲ្យវិញ ប៉ុន្តែកន្លែងដែលសំខាន់ៗ គេសុំយកទាំងអស់ ។ អាហ្នឹងហើយដែលជាបន្ទុកមកឲ្យយើងត្រូវឆ្លើយជាមួយគេ ហើយកាលណាស្ថានភាពបែបហ្នឹង កម្ពុជា មិនអាចទទួលបានទេ ខ្ញុំដឹងថា រដ្ឋាភិបាល គាត់ទទួលមិនបានទេ ។ បើទទួលយក បានន័យថា ធ្វើឲ្យបាត់ដី ជាការលំបាក ហើយខ្ញុំមើលទៅ កន្លែងខ្លះ ថៃ ចង់ប្រើកម្លាំងទ័ព ដែលគេដឹងថា កម្លាំងរបស់យើង អ៊ីចឹងបើវ៉ៃមួយសាទៀត អាចយកបានច្រើនកន្លែងថែមទៀត ហើយកាន់តែធ្វើឲ្យការចរចារបស់គេ កាន់តែមានប្រៀបមកលើយើង“ ។

លោកបណ្ឌិត មាស នី បានមានប្រសាសន៍បន្តថា “ខ្ញុំគិតថា នៅពេលនេះ កម្ពុជា ត្រូវទុកការចរចាទ្វេភាគី ឲ្យនៅជាជម្រើសចុងក្រោយវិញ ឈប់យកអាហ្នឹងមកធ្វើជាអាទិភាពទៅ ហើយធ្វើការពិនិត្យមើលទៅលើយន្តការអន្តរជាតិទាំងឡាយ ដែលពាក់ព័ន្ធជាមួយនឹងវិបត្តិព្រំដែន ដូចជា ICJ ហើយនិង ICC ហើយនិងពិសេសសំខាន់មួយទៀត នៅពេលនេះ ប្រហែលជាកិច្ចព្រមព្រៀងទីក្រុងប៉ារីស អាចក្លាយទៅជាឧបករណ៍មួយសំខាន់ ដែលយើងត្រូវតែគិតប្រមូលឡើងវិញ ព្រោះយើងអត់ត្រូវការអស់សង្ឃឹមជាមួយនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ ក្នុងស្ថានភាពបែបនេះ ដោយសារខ្ញុំយល់ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ មែនទែនទៅ ក្នុងកម្រិតអន្តរជាតិ គេមិនដែលបង្ហាញថា វាអស់សុពលភាព ឬមិនទាន់អស់ទេ គេមិនដែលនិយាយទេ និយាយតែខ្មែរយើងតើ! អ៊ីចឹងមានតែភាគីទាំងអស់ក្នុងហត្ថលេខីហ្នឹង ត្រូវការដាស់វាឡើងវិញ ដើម្បីឲ្យស្មារតីហ្នឹងមកវិញ ហើយការប្ដឹងទៅអន្តរជាតិ វាអាក្លាយទៅជាកន្សែងយ័ន្តមួយ ឬយ័ន្តមួយ សម្រាប់កម្ពុជា ការពារខ្លួននៅពេលខាងមុខ ទោះបី ជាថៃ ធ្វើអីយើងទៀត ក៏អន្តរជាតិ គេដឹងហើយថា ថៃ កំពុងឈ្លានពានមកលើទឹកដីខ្មែរ ទោះបី ១០ឆ្នាំទៀត ក៏មិនយឺតពេលដែរ សម្រាប់ការទាមទារអស់ហ្នឹង សំខាន់ធ្វើម៉េចឲ្យអន្តរជាតិ គេដឹងថា អ្វីដែលថៃ កំពុងនៅនេះ គឺនៅលើទឹកដីខ្មែរ” ។

លោកបណ្ឌិត មាស នី បានមានប្រសាសន៍បន្តទៀតថា “ចំពោះថា រាល់ពេលកម្ពុជា ប្រកាសគ្រោងប្ដឹងទៅតុលាការអន្តរជាតិ ថៃ តែងបង្ហាញពីការរករឿងយើង ដោយប្រើកម្លាំងអាវុធ ។ ដូច្នេះទោះបីជម្រើសចង្អៀត កម្ពុជា ត្រូវតែត្រៀមទាំងទ្វារមុខនិងទ្វារក្រោយ ព្រោះការធ្វើជាអ្នករងគ្រោះ មិនមែនជាដំណោះស្រាយល្អទេ ពេលអាសន្នមកដល់ គេមិនអាណិតយើង និងមិនផ្តល់ដំណោះស្រាយយុត្តិធម៌ ឲ្យយើងឡើយនោះ ខ្ញុំចង់សង្កត់ធ្ងន់ថា សូម្បីតែក្នុងរយៈពេលពីរបីថ្ងៃនេះ មានការឆ្លងឆ្លើយគ្នារបស់សម្ដេចអតីតនាយករដ្ឋមន្រ្តី ទាក់ទិនទៅនឹងជាមួយការប្រើយន្តការប្ដឹងអន្តរជាតិ ប៉ុន្តែយើងមិននិយាយមុននោះ ថៃ ចាប់ផ្ដើមកម្រើកឡើងវិញ ទាំងអនុធិន ហើយនិងក្រសួងការពារជាតិថៃ ក៏បានប្រកាសថា គេបានត្រៀមលក្ខណៈរួចស្រេច សម្រាប់ប្រើកងទ័ព សម្រាប់សង្រ្គាមជាលើកទី៣ ហើយទន្ទឹមហ្នឹង ក៏យើងឃើញមានព័ត៌មានបណ្ដើរៗ ក្នុងរយៈពេល ២៤ម៉ោងក្រោយនេះ មានការជញ្ជូនកម្លាំងរថក្រោះអីផ្សេងៗចូលមកកាន់ព្រំដែន ខ្ញុំមិនដឹងថា តើអាហ្នឹងវាមកព្រំដែន ឬទៅខាងណាទេ ប៉ុន្តែអានេះជាស្អីដែលគេឃើញមានការផ្សព្វផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ ហើយអាហ្នឹង វាអាចជាសារគំរាមថា បើសិនជាយើងជំរុញទៅប្ដឹងខាងអន្តរជាតិ គេអាចនឹងវ៉ៃយើងថែមទៀត តែថាវ៉ៃ ឬមិនវ៉ៃ យើងមិនទាន់ដឹងទេ យើងចាំមើលតទៀត។ ប៉ុន្តែខ្ញុំមើលទៅថៃ ដើរចេញ ដើរក្រឡា ដើម្បីគាបសង្កត់ខ្មែរយើង មួយផ្នែកទៀត កុំឲ្យមានការប្ដឹងអន្តរជាតិ ។ ដូច្នេះជារួម ចុងក្រោយ ខ្ញុំមើលឃើញតែចំណុចពីរទេ ក្នុងស្ថានភាពបែបនេះ ដែលខ្ញុំប្រើពាក្យ “ទ្វារមុខ ទ្វារក្រោយ” នោះ ។ ទ្វារមុខ គឺការត្រៀមលក្ខណៈហើយស្រេច បើសិនជាគេវ៉ៃយើង យើងអត់មានជម្រើសអីទៀតទេ យើងមិនបណ្ដោយឲ្យគេដើរចូលមកជាន់យើងដូចមាន់ ដូចទាទេ អ៊ីចឹងត្រូវតែត្រៀមលក្ខណៈឲ្យបានខ្ពស់បំផុត ដែលអាចធ្វើទៅបាន តាមលទ្ធភាពដែលយើងមាន ហើយទី២ ខ្ញុំគិតថា មិនបាច់បង្អែបង្អង់ទេ ពីរឿងប្រើការទូត ហើយនិងការដាក់បណ្ដឹងទៅអន្តរជាតិណាមួយ ICJ និង ICC ឬមួយក៏ទៅខាង ២៣តុលា ឬក៏ណាមួយដែលរាជរដ្ឋាភិបាល គិតថា មានប្រសិទ្ធភាព ឬក៏អាចពិនិត្យមើលទៅលើលទ្ធភាពនៃការប្រើយន្តការប្ដឹងទៅលើទាំង៣ហ្នឹងដំណាលគ្នាតែម្ដង“ ។

 ស្រដៀងគ្នានេះដែរ លោក វ៉ន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់ និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ថា ការចរចាមិនអាចចៀសផុតទេ ទោះបីជាប្រទេសពីរ កំពុងតែប្រយុទ្ធគ្នាខ្លាំងក្លាយ៉ាងណាក៏ដោយ ការចរចា ចំបាច់ត្រូវតែកើតមាន រីឯតឹកតាងប្រវត្តិសាស្រ្ត អត់ដែលមានទឹកដីណាមួយដែលបរទេសឈ្លានពានបានហើយ  គេព្រមលើកដាក់ជើងពានប្រគល់មកឲ្យម្ចាស់ដើមវិញ ដោយងាយស្រួលនោះទេ ប្រសិនបើម្ចាស់ដើមនោះ ពុំព្រមធ្វើការវាយបក ដណ្ដើមយកទឹកដីមកវិញ ។ ប៉ុន្តែជុំវិញចំណុចប្រឈមទាំងពីរនេះ សួរថា តើកងទ័ពកម្ពុជា មានសមត្ថភាពក្នុងការវាយបក ដណ្ដើមយកទឹកដីទាំងអស់មកវិញបានដែរឬទេ? ព្រោះបើយើងក្រឡេកមើលសង្រ្គាមទាំងពីរលើក កម្ពុជា សូម្បីតែទប់ ក៏ទប់មិនបានផង ច្បាស់ណាស់ ការវាយបកត្រលប់ទៅវិញនោះ គឺត្រូវគិតឲ្យបានហ្មត់ចត់ ហើយនិងស៊ីជម្រៅមែនទែន ។

លោក វ៉ន ចាន់ឡូត បានមានប្រសាសន៍ថា “សច្ចភាពដើម្បីទទួលបានទឹកដីត្រលប់មកវិញ កម្ពុជា ចាំបាច់ត្រូវពិចារណាប្រើសមរភូមិ ធ្វើការប្រើកម្លាំងទ័ព វាយដណ្ដើមមកវិញ ។ ជាតឹកតាងប្រវត្តិសាស្រ្ត អត់ដែលមានទឹកដីណាមួយដែលបរទេសឈ្លានពានបានហើយ  គេព្រមលើកដាក់ជើងពាន ប្រគល់មកឲ្យម្ចាស់ដើមវិញ ដោយងាយស្រួលនោះទេ ប្រសិនបើម្ចាស់ដើមនោះ ពុំព្រមធ្វើការវាយបក ដណ្ដើមយកទឹកដីមកវិញ ក៏ប៉ុន្តែការវាយបក ត្រូវចោទសួរថា តើក្នុងកាលៈទេសនេះ កងទ័ពកម្ពុជា មានសមត្ថភាពក្នុងការវាយបក ដណ្ដើមយកទឹកដីទាំងអស់ មកវិញបានដែរឬទេ? នេះជាបញ្ហាចោទ ។ បើយើងក្រឡេកមើលសង្រ្គាម ទាំងពីរលើក កម្ពុជា សូម្បីតែទប់ក៏ទប់មិនបានផង ច្បាស់ណាស់ ការវាយបកត្រលប់ទៅវិញនោះ គឺត្រូវគិតឲ្យបានហ្មត់ចត់ ហើយនិងស៊ីជម្រៅមែនទែន ។ ទីពីរ ការចរចា មិនអាចចៀសផុតទេ ទោះបីជាប្រទេសពីរ កំពុងតែប្រយុទ្ធគ្នាខ្លាំងក្លាយ៉ាងណាក៏ដោយ ការចរចា ចំបាច់ត្រូវតែកើតមាន ។ ជាឧទាហរណ៍ជាក់ស្ដែង សហរដ្ឋអាមេរិក ជាមួយនឹងអ៊ីរ៉ង់ ទៅចុះ យើងឃើញហើយថា នៅតែមានការចរចាកើតឡើង ។ ចំណុចទី៣ ប្រសិនបើចៀសផុតទី១ និងទី២ លុះត្រាតែកម្ពុជា អាចទាញបានការគាំទ្រជារួមពីសហគមន៍អន្តរជាតិ…“ ៕ កុលបុត្រ

RELATED ARTICLES