Thursday, April 23, 2026
Homeនយោបាយក្រុមសម រង្ស៊ី ប្រកាសកាន់ទុក្ខដ៏រន្ធត់ ការបាត់បង់ទឹកដីជាតិកម្ពុជា

ក្រុមសម រង្ស៊ី ប្រកាសកាន់ទុក្ខដ៏រន្ធត់ ការបាត់បង់ទឹកដីជាតិកម្ពុជា

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ដឹកនាំដោយលោក សម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) បានចេញសេចក្ដីប្រកាស ស្ដីពី «កាន់ទុក្ខដ៏រន្ធត់ របស់ប្រជាជាតិខ្មែរ ដោយសារការបាត់បង់ទឹកដីជាតិកម្ពុជា» រំឭកជូនប្រជាពលរដ្ឋខ្មែរថា ទឹកដីនៃប្រទេសកម្ពុជាយើង ទំហំប្រមាណ ៧ដងនៃផ្ទៃក្រឡាខេត្តតាកែវ នឹងបាត់បង់ទៅក្រោមការត្រួតត្រារបស់ភាគីថៃ ហើយ កាលណារដ្ឋាភិបាលគ្រួសារហ៊ុន នៅបន្តកាន់អំណាច ។ ហេតុដូចនេះ ប្រជាពលរដ្ឋខ្មែរ មានតែជម្រើសកាន់ទុក្ខដ៏រន្ធត់ នៃគ្រោះមហន្តរាយបាត់បង់ទឹកដីកម្ពុជា ។

សេចក្ដីប្រកាសរបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា (The Independent Cambodian Government of 23 October) ចុះថ្ងៃពុធ ០៦កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមេសា គ.ស. ២០២៦ ស្ដីពី «កាន់ទុក្ខដ៏រន្ធត់ របស់ប្រជាជាតិខ្មែរ ដោយសារការបាត់បង់ទឹកដីជាតិកម្ពុជា» មានខ្លឹមសារទាំង ស្រុងថា “កាលសម័យលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ប្រជាជាតិខ្មែរ មានទុក្ខសោកឈឺចាប់ហួសប្រ មាណ ដោយសារការបាត់បង់ទឹកដីទៅប្រទេសជិតខាងស្ដែងៗ ដូចជា កោះត្រល់ ចង្កោមកោះក្រចកសេះ កោះគុត ផ្ទៃសមុទ្រ ប្រមាណ ៧ម៉ឺនគីឡូម៉ែត្រការ៉េ និងដីគោក តាមព្រំដែន ច្រើនរយហិកតារទៀត ។ មកដល់សម័ យលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មិនដល់ ៣ឆ្នាំផង ប្រទេសកម្ពុជា ធ្លាក់ខ្លួនកាន់តែរន្ធត់ ដោយ សារការបាត់បង់ទឹកដី យ៉ាងតិច ៦៦តំបន់តូចធំ បន្ថែមទៀត ទៅក្រោមការគ្រប់គ្រងរបស់ប្រទេសថៃ ។

ខណៈកម្លាំងថៃ នៅតែបន្តឈ្លានពានព័ទ្ធយកទឹកដីកម្ពុជា តាមចិត្តចង់របស់ថៃ នោះ រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត បានទម្លាក់ចោលសិទ្ធិប្រើកម្លាំងទប់ស្កាត់ដើម្បីការពារទឹកដីជាតិ ហើយថែមទាំងបដិសេធយន្តការអន្តរ ជាតិ ដូចជា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ប៉ុន្តែលោក ហ៊ុន ម៉ាណែត ចេះត្រឹមតែឱនក្បាលអង្វរសុំថៃ ចរចាទ្វេភាគីទៅវិញ ។ ជំហរបែបនេះ របស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បង្ហាញថា របបគ្រួសារហ៊ុន បោះបង់ចោលនូវខែលប្រសិទ្ធភាពដើម្បីការពារទឹកដីកម្ពុជាហើយ ប៉ុន្តែមានតែលទ្ធផលពីរប៉ុណ្ណោះ គឺរដ្ឋាភិបាលគ្រួសារហ៊ុន ៖

 – ទី១. នឹងសម្រួលប្រគល់ទឹកដីកម្ពុជា ដែលកម្លាំងថៃ ទន្ទ្រានកាន់កាប់ ទៅឲ្យភាគីថៃ

   – ទី២. នឹងចុះកិច្ចសន្យាធ្វើទាសករថៃ គ្រប់កាលៈទេសៈ ដើម្បីរក្សាអំណាចគ្រួសារហ៊ុន ។

រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា រំឭកជូនប្រជាពលរដ្ឋខ្មែរថា ទឹកដីនៃប្រទេសកម្ពុជាយើង ទំហំប្រមាណ ៧ដងនៃផ្ទៃក្រឡាខេត្តតាកែវ នឹងបាត់បង់ទៅក្រោមការត្រួតត្រារបស់ភាគីថៃ ហើយ កាលណារដ្ឋាភិបាលគ្រួ សារហ៊ុន នៅបន្តកាន់អំណាច ។ លោក ហ៊ុន សែន បញ្ជាក់ហើយថា គ្រាន់តែជារបួសកូនដៃមួយ ដូច្នេះគាត់មិនខ្វល់ទេ ។

ហេតុដូចនេះ យើងប្រជាពលរដ្ឋខ្មែរ មានតែជម្រើសកាន់ទុក្ខដ៏រន្ធត់នៃគ្រោះមហន្តរាយបាត់បង់ទឹកដីកម្ពុជា ក្រោមស្នាដៃលោក ហ៊ុន ម៉ាណែត ហើយយើងខ្មែរ ក៏ត្រូវភ្ញាក់រឭកពង្រឹងស្មារតីជាតិរួម ដេញគ្រួសារហ៊ុន ពីអំណាច ដើម្បីសង្គ្រោះទឹកដីជាតិកម្ពុជាយើង យកមកវិញ!“ ។

 ស្របពេលសេចក្ដីប្រកាសរបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា បានចេញជាផ្លូវការ សកម្មជននៃអតីតគណបក្សសង្រ្គោះជាតិ (ក្រុមសម រង្ស៊ី នៅតាមបណ្ដាប្រទេសជាច្រើន រួមមាន កាណាដា អាមេរិក បារាំង អូស្រ្តាលី កូរ៉េខាងត្បូង និងជប៉ុន ជាដើម បានធ្វើយុទ្ធនាការ “កាន់ទុក្ខដ៏រន្ធត់” តាមបណ្ដាញសង្គម ដោយបានកាត់តជារូបភាពកាត់ទុក្ខ (ជារូបថត) នៅលើគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់ពួកគេ អមដោយអក្សរថា “កាន់ទុក្ខយ៉ាងក្រៀមក្រំ ការបាត់បង់ទឹកដីទៅបរទេស ក្រោមការដឹកនាំរបស់ត្រកូលហ៊ុន” ។

ជុំវិញសេចក្ដីប្រកាស «កាន់ទុក្ខដ៏រន្ធត់ » របស់ប្រជាជាតិខ្មែរ ដោយសារការបាត់បង់ទឹកដីជាតិកម្ពុជា របស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំមតិឆ្លើយតបពីលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានទេ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ។ យ៉ាងណា នៅរសៀលថ្ងៃដដែ លនោះ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ពីររូប ដែលធ្លាប់នៅក្នុងគណបក្សប្រឆាំង និងគាំទ្រគណបក្សប្រឆាំង ជាពិ សេសធ្លាប់ជាសហការីលោក សម រង្ស៊ី ផងដែរ បានចេញមកប្រតិកម្ម ដោយលើកឡើងថា មាត់ជំរុញឲ្យថៃ វ៉ៃ រីឯដៃ លើកសំពះកាន់ទុក្ខ ។

 លោក យឹម ស៊ីណន អតីតប្រធានយុវជនប្រចាំសាធារណរដ្ឋកូរ៉េ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលធ្លាប់ជាសហការីលោក សម រង្ស៊ី មុនមកចុះចូលជាមួយគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) និងបច្ចុប្បន្នមានតួនាទីជាជារដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ថា “រឿងបរទេស គេចោទប្រកាន់យើងថា ជាប្រទេស “Scambodia” ឬចោទធ្ងន់បែបណាទៀតនោះ វាមិនពិបាកយល់ពីបំណងពួកគេនោះទេ។ ប៉ុន្តែអ្វីដែលពិបាកយល់ និងឈឺប្រដាប់គិតបំផុតនោះ គឺអ្នកមានឈាមជាខ្មែរ ដែលប្រឹងស្រែកគាំទ្របន្ទរតាមការចោទប្រកាន់របស់បរទេស មកលើប្រទេសកំណើតរបស់ខ្លួន។ ធ្វើនយោបាយ គឺមានគោលដៅប្រកួត ដណ្តើមអំណាច ដើម្បីបានសិទ្ធិស្របច្បាប់​ មកដឹកនាំជាតិ និងប្រជាជន ប៉ុន្តែបើយកប្រយោជន៍រួមនៃជាតិ មកបម្រើមហិច្ឆតាដណ្តើមអំណាចសម្រាប់ផងខ្លួននោះ ទេវតាក៏មិនអាចផ្តល់វាសនាឲ្យអ្នកបានជោគជ័យដែរ។ មាត់ជំរុញឲ្យថៃ វ៉ៃ រីឯដៃលើកសំពះកាន់ទុក្ខ“ ។

ជាមួយគ្នានោះដែរ លោកបណ្ឌិត សូ ណារ៉ូ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានសរសេរនៅក្នុងគណនី និងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ថា “ពេលផ្ទុះសង្គ្រាមឈ្លានពានរបស់សៀម មកលើប្រទេសកម្ពុជា នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ពួកឧទ្ទាមជ្រុលនិយម ២៣ដុល្លារ មើលឃើញឱ កាសល្អ បានប្រញាប់ចេញសេចក្តីថ្លែងការណ៍ភ្លាមៗ អំពាវនាវឱ្យយុទ្ធជន ប្រជាពលរដ្ឋខ្មែរ ក្រោកឡើងបណ្តេ ញរាជរដ្ឋាភិបាលកម្ពុជា ចេញពីអំណាច។ នេះជាទង្វើក្បត់ជាតិ ប៉ុនប៉ងខ្ចីដៃ និងកម្លាំងសត្រូវកំពុងប្រតិបត្តិការឈ្លានពានពេញទំហឹងមកលើកម្ពុជា ដើម្បីផ្តួលរំលំរដ្ឋអំណាចជាតិឯង។ ពួកឧទ្ទាមជ្រុលនិយមក្បត់ជាតិទាំង នេះ ខកចិត្តយ៉ាងខ្លាំងពេលមានបទឈប់បាញ់គ្នា នាថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយមិនបានសម្រេចការប៉ុនប៉ង ផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា តាមការអំពាវនាវរបស់ពួកគេ។ ឥឡូវនេះ ពួកឧទ្ទាមជ្រុលនិយមក្រៅច្បាប់ បន្តលេងល្បែងជាថ្មីម្តងទៀត ដោយឆ្លៀតយកឱកាសនៃសកម្មភាពធ្វើការយាយីអុកឡុកតាមខ្សែព្រំដែនកម្ពុជា-ថៃ របស់ពួកឈ្លានពានសៀម យកជាលេសដើម្បីដុតកម្តៅកំហឹងមហាជនដែលស្រឡាញ់ទឹកដី អំពាវ នាវមួលបង្កាច់ បំផុសបំផុលសារជាថ្មី ឱ្យមានការងើបឡើងផ្តួលរំលំរាជរដ្ឋាភិបាលដែលប្រជាជនខ្មែរ ជាង ៨០ ភាគរយ បានបោះឆ្នោតជូន។ ទង្វើខ្ចីដៃសត្រូវដែលកំពុងធ្វើសកម្មភាពឈ្លានពានយ៉ាងកំរោលមកលើទឹកដីកម្ពុជា និងធ្វើសង្គ្រាមចិត្តសាស្ត្រគ្រប់យ៉ាង ដើម្បីបំបែកបំបាក់ស្មារតីសាមគ្គីជាតិខ្មែរ គឺជាទង្វើមានចរិតក្បត់ជាតិ ដែលមិនអាចគេចផុតពីសំណាញ់ច្បាប់ ផ្តន្ទាទោសបានឡើយ។ សូមបងប្អូនប្រជាពលរដ្ឋដែលស្រឡាញ់ជាតិ កុំចាញ់បោកពួកជ្រុលនិយមក្បត់ជាតិ ដែលអាចរងទុក្ខទោសព្រហ្មទណ្ឌមិនខាន“ ៕ កុលបុត្រ

RELATED ARTICLES