ប្រទេសជប៉ុន ៖ តារាចម្រៀង គង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា ត្រូវច្រៀងនៅសួនយ៉ូយ៉ូហ្គិ (Yoyogi Park) ដល់ទៅ ២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី៣ និង៤ ខែឧសភា ឆ្នាំ២០២៦ ក្នុងកម្មវិធីពិព័រណ៍កម្ពុជា លើកទី១០ នៅទីក្រុងតូក្យូ (Tokyo) ប្រទេសជប៉ុន ខណៈស្រីពេជ្រ រីករាយជាខ្លាំង ដែលមានពលករខ្មែរ នៅទីនោះ យ៉ាងច្រើន មកទស្សនា ហើយនាងថា នោះជាកិត្តិយសមួយសម្រាប់រូបនាង ។ ទាំងមុននិងក្រោយការច្រៀងនិងសម្ដែង សូលីកា បានដើរលេងកម្សាន្ដនៅប្រទេសជប៉ុន មួយអស់ដៃផងដែរ ប៉ុន្ដែសម្រាប់ប្រទេសជប៉ុន វាមិនមែនជាលើកទី១ឡើយ សម្រាប់រូបនាង គឺកាលពីឆ្នាំមុន នាងធ្លាប់បាននាំកូនប្រុស ទៅដើរលេងនៅទីនោះ រយៈពេលខ្លីផងដែរ ។

មានការចាប់អារម្មណ៍ថា ពេជ្រ សូលីកា នៅឆ្នាំ២០២៦ នាងមិនសូវមានបទល្បីៗ ដូចមុនទេ ប៉ុន្ដែនាងនៅតែលេចមុខតាមឆាកតន្រ្ដីធំៗ ជាបន្ដបន្ទាប់ ពិសេស នៅតាមក្លឹប និង Pub នានា។ អ្នកមេម៉ាយកូន១ រូបស្រស់នេះ កម្រចេញទៅច្រៀងសម្ដែងនៅបរទេស ព្រោះនាងជាតារាចម្រៀងសម័យម្នាក់ តែកន្លងមក តារាដែលទៅច្រៀងនៅបរទេស ច្រើនតែជ្រើសតារាដែលអាចច្រៀងបទមរតកដើម។ សម្រាប់ស្រីពេជ្រ នាងក៏អាចច្រៀងបទពីដើមៗ បានដែរ គ្រាន់តែភាគច្រើន គេចាប់អារម្មណ៍លើនាង នៅពេលច្រៀងបទមនោសញ្ចេតនា ពេលខ្លះអត្ថន័យចម្រៀងនោះ សឹងតែត្រូវគ្នាទៅនឹងសាច់រឿងស្នេហារបស់នាងតែម្ដង ។ ទោះជាយ៉ាងណាការលេចមុខច្រៀងនៅប្រទេសជប៉ុន ពេលនេះ របស់ស្រីពេជ្រ បញ្ជាក់ថា នាងមានហាងឆេងទាំងក្នុងនិងក្រៅស្រុក ក្រោយចាក ចេញពីផលិតកម្មរស្មីហង្សមាស ជាង២ឆ្នាំមកនេះ ។

ពេជ្រ សូលីកា មានទឹកដមសំឡេងមធ្យម ប៉ុន្ដែសម្រស់គួរឲ្យក្នាញ់ ទើបធ្វើឲ្យនាងនៅតែមានទីផ្សារសិល្បៈ បើទោះជាធ្លាក់ខ្លួនមេម៉ាយ ជិត៤ឆ្នាំក្ដី ។ ចំណុចពិសេស របស់ស្រីពេជ្រ នាងមិនឡើងគីឡូជ្រុល និងបែកសាច់ ដូចតារាមួយចំនួនដែលមានប្ដីនិងកូនទេ ហេតុនេះហើយ បានជាគេមិនអាចមើលរំលងនាងបាន ។ ប៉ុន្ដែយ៉ាង ណា ការមិនសូវមានបទល្បីៗដូចមុន អាចធ្វើឲ្យស្រីពេជ្រ ប្រឈមនឹងភាពប្រែប្រួល ប្រសិនបើបន្ដច្រៀងបទដដែលៗនោះ។

គួរបញ្ជាក់ថា ពេជ្រ សូលីកា តាំងពីបែកបាក់គូដណ្ដឹង អាណិកជនខ្មែរ មកពីអូស្រា្ដលីលោកគឹម ហាន ឆ្នាំ២០២២ នាងធ្លាប់បណ្ដើរបុរសម្នាក់ ដែលគេសង្ស័យជាគូស្នេហ៍ថ្មី ឡើងសែនចងដៃ ថ្ងៃមង្គលការទេព បូព្រឹក្ស កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ដែលនាំឲ្យគេសង្ស័យថា ប្រុសនោះ ជាសង្សារថ្មីនាង។ ប៉ុន្ដែពេលនោះ ស្រីពេជ្រ បែរជាថា គេច្រឡំលើនាងទៅវិញ ។ ប៉ុន្ដែអតីតតារា M និងហង្សមាស រូបនេះ ធ្លាប់បង្ហាញឥទ្ធិពលខ្លួនមិនធម្មតាឡើយព្រោះក្រោយបែកបាក់គូស្នេហ៍នោះ គ្រាន់តែនាងថា រងា អត់ភួយសាច់ ស្រាប់តែមានបុរសលាក់មុខម្នាក់ យក Private Jet ដឹកនាងដើរលេងដល់ប្រទេសអូស្រា្ដលី ។ ម្យ៉ាង ស្រីពេជ្រ ធ្លាក់ខ្លួនមេម៉ាយ ក៏មិនធ្លាក់វិបត្តិសេដ្ឋកិច្ចដែរ ព្រោះនាងនៅតែជិះរថយន្ដថ្លៃៗ និងរស់នៅខុនដូយ៉ាងប្រណិត ហើយសម្លៀកបំពាក់ កាបូបដៃ និងសម្ភារៈនាងប្រើប្រាស់នាង សុទ្ធតែជាម៉ាកល្បីៗ ថ្លៃខ្ពស់ ទាំងអស់។

Fan ខ្លះ បានលើកឡើងថា ស្រីពេជ្រ បើនៅចុះឡើងៗបរទេស ជាញឹកញាប់បែបនេះទៀត ប្រាកដជាពិបាកគេចអន្ទាក់ស្នេហ៍បុរសអាណិកជនខ្មែរ នៅក្រៅស្រុក ជាមិនខាន ប្រសិនបើប្រុសម្នាក់ដែលនាងហ៊ានបណ្ដើក្នុងស្រុកនោះ ចេះតែពន្យារពេលប្រកាសពីចំណងស្នេហា ឬគ្មានដំណឹងត្រៀមភ្ជាប់ពាក្យ រៀបការជាមួយអ្នកមេ ម៉ាយរូបស្រស់នេះ តទៅទៀត៕



